អន្តរជាតិ
ថៃ ប្រជែង​ជាមួយ​កម្ពុជា​និង​វៀតណាម ក្នុងការ​ដេញថ្លៃ​នាំ​អង្ករ​ទៅ​ហ្វីលីពីន
20, Aug 2016 , 11:30 pm        
រូបភាព
​ថៃ ដែលជា​ប្រទេស​នាំចេញ​អង្ករ​ជាងគេ​លើ​ពិភពលោក នឹងចូលរួម​ក្នុងការ​ដេញថ្លៃ​នាំ​អង្ករ​ទៅកាន់​ហ្វីលីពីន ដែល​នឹងធ្វើ​នៅ​ដំណាច់​ខែសីហា​នេះ​។ ថៃ នឹងត្រូវ​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​នាំ​អង្ករ​ច្រើនជាង​ពីរ​សែន​តោន​ទៅកាន់​ហ្វីលីពីន ដ្បិត​ហ្វីលីពីន មិនមែនជា​ប្រទេស​ផលិត​អង្ករ​ធំដុំ​អ្វី​ឡើយ និង​តែង​ពឹង​លើ​ការនាំ​ចូល​យ៉ាងច្រើន​សម្រាប់​តម្រូវការ​ក្នុងស្រុក​។​

 
​ប្រទេស​នាំចេញ​អង្ករ​ធំជាងគេ​របស់​អាស៊ាន ថៃ នឹង​ប្រជែង​ជាមួយ​សមាជិក​អាស៊ាន​ពីរ​ទៀត គឺ​កម្ពុជា និង​វៀតណាម ក្នុង​ការលក់​អង្ករ​ទៅកាន់​ហ្វីលីពីន ដែល​បានប្រកាស​ដេញថ្លៃ​នាំចូល​អង្ករ​ចំនួន​២៥​ម៉ឺន​តោន​។ លោក Duangporn Rodphaya អគ្គនាយក​ពាណិជ្ជកម្ម​ក្រៅប្រទេស និយាយថា ការដេញថ្លៃ​នាំចូល​អង្ករ​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​គោលការណ៍​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​។​
 
​ការទិញ​អង្ករ​ក្នុង​បរិមាណ​ច្រើន​បែបនេះ គឺជា​ផ្នែក​មួយ​នៃ​ផែន​ការទិញ​អង្ករ​របស់​ហ្វីលីពីន ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នាំចូល​អង្ករ​ធំជាងគេ​លើ​ពិភពលោក​។ ហ្វីលីពីន បានដាក់​គោលដៅ​នាំចូល​គ្រាប់​ធញ្ញជាតិ​នេះ​ចំនួន​មួយ​លាន​តោន ដើម្បី​រក្សា​សុវត្ថិភាព​ចំណីអាហារ​រហូតដល់​ឆ្នាំក្រោយ ខណៈដែល​តម្លៃ​នៃ​ផលិតផល​ទាំងនេះ កំពុងមាន​តម្លៃ​ទាប​លើ​ទីផ្សារ​។​
 
​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ អង្ករ​ចំនួន​៧៥​ម៉ឺន​តោន នឹងត្រូវ​ទិញ​នៅក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល​។ ចំណែក​អង្ករ​ចំនួន​២៥​ម៉ឺន​តោន​ដែល​នៅសល់ នឹងត្រូវ​នាំចូល​តាមរយៈ​ក្រុមហ៊ុន​ឯកជន​។ នៅក្រោម​កិច្ចព្រមព្រៀង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ហ្វីលីពីន តែង​ទិញ​អង្ករ​ពី​វៀតណាម ឬ​ថៃ ឬក៏​កម្ពុជា ដែល​សុទ្ធសឹង​ជា​សមាជិក​អាស៊ាន​ដូចគ្នា​។ 
 
​ផែនការ​ទិញ​អង្ករ​របស់​ក្រុង​ម៉ានីល ក៏​អាចជួយ​ដំឡើងថ្លៃ​ស្រូវ​អង្ករ​បានដែរ ស្រប​ពេលដែល​តម្លៃ​ស្រូវ​អង្ក​រលើ​ទីផ្សារ​អន្តរជាតិ បាន​ធ្លាក់ចុះ ដោយសារតែ​តម្រូវការ​អង្ករ​នៅតាម​បណ្ដា​ប្រទេស​អាស៊ី និង​អាហ្វ្រិក​។ ការធ្លាក់ចុះ​តម្រូវការ​អង្ករ​នេះ ធ្វើ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​នៅ​ប្រទេស​ផ្គត់ផ្គង់​ធំៗ​ដូចជា​ថៃ និង​វៀតណាម មានតម្លៃ​ទាប​ជាច្រើន​ខែ​មកហើយ​។ ប៉ុន្តែ លោក Duangporn Rodphaya បញ្ជាក់ដែរថា តម្លៃ​អង្ករ​ថៃ គឺ​ថ្លៃ​ជាង​តម្លៃ​មកពី​គូប្រជែង​ផ្សេងទៀត​។​
 
​លោក Rodrigo Duterte ដែល​ចូលកាន់​តំណែង​នៅ​ខែឧសភា បានប្រកាស​ប្រែក្លាយ​ហ្វីលីពីន ទៅជា​ប្រទេស​ដែល​អាច​ផ្គត់ផ្គង់​អង្ករ​បាន​ដោយ​ខ្លួន​ក្នុង​រយៈពេល​៦​ឆ្នាំ​នៃ​អាណត្តិ​របស់លោក​។ ហ្វីលីពីន រំពឹង​ទទួលបាន​ទិន្នផល​អង្ករ​ចំនួន​១៨.៣​លាន​តោន​នៅ​ឆ្នាំ​២០១៦ បើទោះជា​ប្រទេស​នេះ​រងគ្រោះ​ដោយ​បាតុភូត El Nino នៅ​ពាក់កណ្ដាល​ឆ្នាំនេះ​ក៏ដោយ​៕   
 
  

Tag:
 កម្ពុជា​
 ​ថៃ​
 ​វៀតណាម​
 ​ហ្វីលីពីន​
 ​អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com