ជាតិ
ក្រោយពី​មាន​សន្តិភាព​បាន​២០​ឆ្នាំ ផ្នត់គំនិត​ហិង្សា​នៅតែ​មាននៅ​កម្ពុជា​
21, Aug 2016 , 9:00 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកប្រវត្តិសាស្ត្រ ស្នើ​ឲ្យ​មានការ​ផ្តល់​តម្លៃ​ទៅដល់​សេចក្តីស្រឡាញ់ និង​យោគយល់​គ្នា​ទៅវិញទៅមក​ដើម្បី​បញ្ចៀស​អំពើហិង្សា​នានា ដែល​អាច​បង្ក​សោកនាដកម្ម​ដល់​ប្រទេស​កម្ពុជា​ជាថ្មី​ម្តងទៀត​។​


 
​បើទោះបីជា​ប្រទេស​កម្ពុជា​បានទទួល​សន្តិភាព​ជិត​២០​ឆ្នាំ​មកហើយ​ក្តី ក្រុម​អ្នកជំនាញ​ខាង​បង្ការ​អំពើ​ឃោរឃៅ​នៅតែ​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​ក្រុម​ជំទាស់​ផ្តល់​តម្លៃ​ដល់​ការពិភាក្សាគ្នា ប្រសើរ​ជាង​ការប្រឈមមុខ​ដាក់គ្នា​ដែល​នាំ​ដល់​ការប៉ះទង្គិច ដែល​អាច​កើតជា​អំពើហិង្សា​ទ្រង់ទ្រាយ​ធំ​។​
 
​ក្រុម​អ្នកជំនាញ​ខាង​បង្ការ​អំពើ​ឃោរឃៅ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ទទូច​ស្នើ​ឲ្យ​មានការ​ជជែក​គ្នា​សម្រាប់​ស្វែងរក​ច្រក​បំបែក​ស្ថានភាព​ប្រឈមមុខ​ដាក់គ្នា​នៃ​សកម្មជន​សិទ្ធិមនុស្ស និង​អាជ្ញាធរ ខណៈដែល​អ្នកប្រវត្តិសាស្ត្រ ស្នើ​ឲ្យ​មានការ​ផ្តល់​តម្លៃ​ទៅដល់​សេចក្តីស្រឡាញ់ និង​យោគយល់​គ្នា​ទៅវិញទៅមក​ដើម្បី​បញ្ចៀស​អំពើហិង្សា​នានា ដែល​អាច​បង្ក​សោកនាដកម្ម​ដល់​ប្រទេស​កម្ពុជា​ជាថ្មី​ម្តងទៀត​។​
 
​ការស្នើ​ឲ្យ​មានការ​ជជែក​គ្នា​ជាជាង​ប្រើ​កម្លាំង​ចាប់ចង​ក្រុម​អ្នកជំទាស់​នឹង​រដ្ឋាភិបាល​នោះ បាន​កើតមានឡើង នៅក្រោយពី​អាជ្ញាធរ​ខ័​ណ្ឌ​ដូនពេញ​ចាប់ឃុំខ្លួន​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​នៅ​សហគមន៍​បឹងកក់​ចំនួន​ពីររូប​គឺ​លោកស្រី ទេព វ​ន្នី ជ័យលាភី​រង្វាន់​ស្ត្រី​ជា​អ្នកដឹកនាំ​របស់​អង្គការ Vital Voices និង​សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹងកក់​ម្នាក់ទៀត​គឺ​អ្នកស្រី​បូ​វ សោភា​។​
​ពួកគេ​ទាំងពីរ ក្រោយមក ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ពីបទ​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ម​ជ្ឈឹ​ម និង​បទឧក្រិដ្ឋ​ជាអាទិ៍​»​។​
 
​លោកពូ សុធីរៈ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព បាន​ប្រាប់ VOA នៅក្នុងពេល​សម្រាក​នៃ​ការសន្ទនា​ថ្នាក់ជាតិ​ជា​លើកដំបូង​ស្តីពី​«​ទំនួល​ខុសត្រូវ​ក្នុងការ​ការពារ និង​ការបង្ការ​អំពើ​ឃោរឃៅ​» ដែល​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ដា​ក់​គ្នា​រវាង​អ្នក​តវ៉ា​សម្តែង​មតិ និង​អាជ្ញាធរ​នោះ ការប្រាស្រ័យ​ទាក់ទង​គ្នា​ដ៏​មាន​ប្រសិទ្ធិភាព​គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ភាគី​អ្នក​តវ៉ា និង​ភាគី​អាជ្ញាធរ​។​
 
​លោក​ថ្លែងថា ប្រសិនបើ​ពុំមាន​ការទំនាក់ទំនង​គ្នា​ល្អ​រវាង​ពលរដ្ឋ និង​អាជ្ញាធរ ក្នុង​គ្រា​មានការ​រៀបចំ​ការបញ្ចេញ​មតិ​នោះទេ ការភាន់ច្រឡំ​នឹង​កើតមានឡើង​ដែល​នាំ​ដល់​ការមិន​យោគយល់​គ្នា ហើយ​អាច​នាំ​ឲ្យ​កើតមាន​បញ្ហា​ជាច្រើន​។​
 
«​សុំ​ការដោះលែង​ហ្នឹង កុំ​ធ្វើ​អ្វី​ឲ្យ​ជ្រុល លើស​ជ្រុល​ពី​ការបញ្ចេញមតិ មានន័យថា កុំ​ឲ្យ​មើលឃើញ​ជា​រូបភាព បង្ក​ឲ្យ​មានការ​បង្កើន​នូវ​ភាពចលាចល ឬមួយ​ក៏​ធ្វើ​ឲ្យ​មាន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម ឬ​យ៉ាងណា​នោះ​។ អានេះ ការអំពាវនាវ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​។ ខ្ញុំ​យល់ឃើញថា បើ​មិន​អញ្ចឹងទេ វា​មាន​ការមិនយល់​គ្នា​»​។​
 
​លោក​បញ្ជាក់បន្ថែម​អំពី​ការមិនយល់​គ្នា​នេះ​ថា​៖ «​ហើយ​តែ​មិន​យល់​គ្នា មានការ​ចាត់វិធានកា​រ​ទៅ វា​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​របស់​អ្នក​បញ្ចេញមតិ​នោះ​។ អញ្ចឹង​បានន័យថា ទាំងសងខាង​សូមមេត្តា អា​ធ្យា​ស្រ័យ ជជែក​គ្នា ហើយ​យល់​គ្នា​។ មានតែ​មធ្យោបាយ​ហ្នឹង​មួយ​ទេ​ដើម្បី​កុំ​ឲ្យ​រឿង​ហ្នឹង​វារឹតតែ​ធំ​ទៅ​»​។​
 
​ការប្រឈមមុខ​ដាក់គ្នា​រវាង​អាជ្ញាធរ​របស់​រដ្ឋាភិបាល និង​ក្រុមអ្នកតវ៉ា​ដែល​កើតទុក្ខ​មិន​សុខ​ចិត្តនឹង​អំពើ​អយុត្តិធម៌ ត្រូវបាន​ក្រុម​អ្នកសង្កេតការណ៍​នយោបាយ​កម្ពុជា​ពណ៌នា​ថា អាចជា​សញ្ញា​នៃ​ការបង្ក​ឲ្យ​មានការ​ផ្ទុះ​អំពើហិង្សា​សង្គម ដែលជា​បច្ច័យ​នាំ​ដល់​ការបំផ្លិចបំផ្លាញ​ការអភិវឌ្ឍ​សង្គម និង​ជីវិត​ប្រជារាស្ត្រ​ខ្មែរ​។​
 
​ឯកសារ​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤ ដែល​បង្ហាញ​ពី​កត្តា​ហានិភ័យ​ដែល​នាំទៅរក​ការប្រព្រឹត្ត​អំពើហិង្សា​ឈានដល់​ការកាប់សម្លាប់​យ៉ាង​រង្គាល បាន​ឲ្យ​ដឹងថា ការរំលោភបំពាន​សិទ្ធិមនុស្ស និង​ការវាយប្រហារ​នានា​ទៅលើ​ក្រុម​ជំទាស់ គឺជា​ចលនា​មួយ​នៃ​ការ​នាំទៅរក​ការប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​។​
 
​លោក​សំបូរ ម៉ា​ណ្ណា​រ៉ា ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ជា​អ្នក​ធ្លាប់​ឆ្លងកាត់​របប​នយោបាយ​ប្រាំមួយ​ជំនាន់ គិត​ចាប់តាំងពី​សម័យ​អាណានិគម​បារាំង មកទល់នឹង​រប​បន​យោ​បាយ​បច្ចុប្បន្ននេះ បាន​និយាយប្រាប់ VOA ថា បើ​មើលទៅ​ក្នុង​ប្រវត្តិសាស្ត្រ​សង្គម និង​នយោបាយ​នៃ​ប្រទេស​កម្ពុជា ប្រជារាស្ត្រ​ខ្មែរ​មិនទាន់​មានគំនិត​ទទួលយក​ការបញ្ចេញមតិ​ជំទាស់ ដោយ​គ្មាន​ការគុំកួន​នោះទេ គឺ​មានន័យថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មនសិការ​ស្រឡាញ់​ជាតិ ច្រើន​យកគំនិត​មក​តទល់​គ្នា​បង្កើតជា​ទំនាស់​។​
 
​លោក​សាស្ត្រាចារ្យ​បន្តថា ដោយសារ​ការយក​សេចក្តី​ស្អប់ គុំកួន​មក​តទល់​គ្នា ដើម្បី​បង្កើត​គោលនយោបាយ​តាម​មនសិការ​ខ្លួន ដើម្បី​ផ្លាស់ប្តូរ​សង្គម​នេះហើយ ទើប​ការកាប់សម្លាប់​មិន​ស្គា​ល់បង មិន​ស្គាល់​ប្អូន​ក្នុង​ជំនាន់​ខ្មែរក្រហម​បានកើត​ឡើង​។​
 
​លោក​បន្ថែមថា ក្នុងសម័យ​កម្ពុជា​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ ឬ​អ្នក​មានគំនិត​គិត​ចង់​ឲ្យ​ប្រជា​ជាតិខ្មែរ​ក្លាយជា​សង្គម​ប្រកបដោយ​សុខដុមរមនា ត្រូវតែ​ផ្លាស់ប្តូរ​ការគិត​ពិចារណា​តាម​ការគុំកួន និង​ពោរពេញ​ដោយ​សេចក្តី​ស្អប់ មកជា​ការគិត​ពិចារណា​តាម​មធ្យោបាយ​សន្តិភាព​និយម ដើម្បី​បញ្ចៀស​ការ​ចងអាឃាត​គ្នា និង​ធ្វើ​ឲ្យ​កម្ពុជា​គេច​ផុតពី​វិនាសកម្ម​សង្គម​ដែល​ធ្លាប់​កើតមាន​កាលពី​អតីតកាល​។​
 
«​យើង​គួរតែ​នាំគ្នា​យកចិត្តទុកដាក់ ដើម្បី​នាំមក​សន្តិភាព​របស់​ជាតិ​ពេញលេញ តាមរយៈ​នៃ​ការ​សម្លឹង​ទៅ​អតីតកាល​មួយ​។ អតីតកាល​ដើម្បី​គិត​អំពី​ការផ្លាស់ប្តូរ​មួយ ទៅក្នុង​អនាគត ហើយ​បើ​យើង​គិតពី​អនាគត មក​ត្រឹម​ពេលនោះ សូមមេត្តា​យកចិត្តទុកដាក់ នាំគ្នា​ប្រឹងប្រែង ទាញយក​សន្តិភាព ដោយ​មិន​ចាំ​ចាច់​ប្រើការ​ស្អប់ និង​ខំប្រឹង​បំពេញបន្ថែម និង​ដាំ​ឲ្យ​ដុះ​កាន់តែ​មានការ​លូតលាស់​ផ្លែផ្កា​នៃ​សេចក្តីស្រឡាញ់​»​។​
 
​ការកែប្រែ​សេចក្តី​ស្អប់​ដើម្បី​បញ្ចៀស​ពី​ការកើតឡើង​នៃ​អំពើហិង្សា​សង្គម​គឺជា​ផ្នែក​មួយ​នៃ​កត្តា​ប​ន្ថូ​រ​បន្ថយ​ហានិភ័យ​នៃ​ការប្រព្រឹត្ត​អំពើហិង្សា​នានា​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​បណ្ឌិត Noel M. Morada​នាយក​នៃ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការទទួលខុសត្រូវ​ក្នុងការ​ការពារ និង​ការបង្ការ​អំពើ​ឃោរឃៅ ដែលមាន​ទីតាំងនៅ​ប្រទេស​អូស្ត្រាលី​។​
 
​លោក​បណ្ឌិត Noel M. Morada និយាយថា ការផ្តោត​ទៅលើ​ឥរិយាបទ​នៃ​ការទប់ស្កាត់​នេះ​គឺ​រឿង​ម្យ៉ាង តែ​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​នៃ​ការរារាំង​អំពើហិង្សា​នោះ​ក៏ត្រូវ​មើលទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ផងដែរ​។​
 
​លោក​និយាយថា ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​អំពើ​យុត្តិធម៌ យន្តការ​នានា​ដែល​អាចជួយ​ឲ្យ​ពួកគេ​ទទួលបាន​យុត្តិធម៌ គួរតែ​បង្កើតឡើង ដើម្បី​បញ្ចៀស​កត្តា​ហានិភ័យ​ផ្សេងៗ ហើយ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នោះ​ទៀតសោត​ត្រូវតែ​ទទួលបាន​នូវ​ការការពារ​។​
 
«​ឥឡូវនេះ ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​គឺជា​ជនរងគ្រោះ​នៃ​អំពើ​អយុត្តិធម៌​។ នៅពេលដែល​ពួកគេ​ជា​ជនរងគ្រោះ​នៃ​អំពើ​អយុត្តិធម៌ ពួកគេ​ជាការ​ណ៍​ពិត​ចាំបាច់​ត្រូវតែ​ទទួលបាន​យុត្តិធម៌ តាម​ការស្វែងរក​ដំណោះស្រាយ​ដោយ​វិធី​ផ្សេងៗ​»​។​
 
​ប្រជាជន​កម្ពុជា​គឺជា​ប្រជាជន​ដែល​ធ្លាប់មាន​ពិសោធន៍​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ហើយ​របប​នេះ​បានធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​នេះ​ស្លាប់បាត់​បង់ជីវិត​ចំនួន​ប្រមាណ​១,៧​លាន​នាក់​។ របប​កុម្មុយនីស្ត​ជ្រុលនិយម​ខ្មែរក្រហម បានចាប់កំណើត​ចេញពី​គម្លាត​ខុស​ឆ្ងាយ​គ្នា​នៃ​ជីវភាព​ប្រជាជន​ក្នុងសង្គម​ដែល​នាំ​ឲ្យ​កើត​ជាការ​ចងកំហឹង​វណ្ណៈ ឈានដល់​ការកាប់សម្លាប់​គ្នា​យ៉ាង​សាហាវព្រៃផ្សៃ​។ នេះ​បើ​យោងទៅតាម​ការ​ថ្លែង​បញ្ជាក់​ពី​ក្រុមអ្នកតាមដាន​ស្ថានភាព​សកម្មជន​សិទ្ធិមនុស្ស​។​
 
​ឯកសារ​របស់​អង្គការសហប្រជាជាតិ ស្តីពី​កត្តា​ហានិភ័យ​ដែល​នាំទៅរក​ការប្រព្រឹត្ត​អំពើហិង្សា​ឈានដល់​ការកាប់សម្លាប់​យ៉ាង​រង្គាល បាន​បង្ហាញថា ប្រទេស​កម្ពុជា​នៅតែ​ប្រឈមមុខ​នឹង​សញ្ញា ដែល​អាច​ក្លាយជា​កត្តា​ហានិភ័យ​នាំទៅរក​ការកើតមាន​អំពើហិង្សា​សារជាថ្មី ខណៈដែល​ប្រជាជន​រស់នៅក្នុង​ប្រទេស ដែល​នៅ​ពឹង​ផ្អែកលើ​ជំនួយ​បរទេស​នេះ កំពុង​ប្រឈម​នឹង​កង្វះខាត​ប្រព័ន្ធតុលាការ​ឯករាជ្យ អំពើពុករលួយ​ដែលមាន​កម្រិត​ខ្ពស់ អភិបាលកិច្ច​ដែល​នៅ​ទន់ខ្សោយ និង​ភាព​គ្មាន​ទោសពៃរ៍​ជាដើម​។​
 
​លើសពីនេះទៅទៀត ឯកសារ​ដែលជា​ឧបករណ៍​បង្ការ​ការកើត​មាន​អំពើហិង្សា និង​បទ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ដដែល​នេះ បានបញ្ជាក់​ទៀតថា ការវាយប្រហារ​មិន​ឈប់ឈរ​ទៅលើ​សមាជិក ឬ​មេដឹកនាំ​ក្រុម​ជំទាស់​គឺ​ស្ថិតនៅក្នុង​កត្តា​ហានិភ័យ​មួយ ដែល​នាំ​ឲ្យ​កើតមាន​អំពើហិង្សា និង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​។​
 
​ក្នុងពេលដែល​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុងមាន​ភាព​តានតឹង ដោយសារ​មេដឹកនាំ​បក្សប្រឆាំង មន្ត្រី និង​សកម្មជន​នយោបាយ​នៃ​គណបក្ស​នេះ​រង​ការវាយប្រហារ​ជា​បន្តបន្ទាប់​តាមផ្លូវ​ច្បាប់​នោះ ការជួប​សន្ទនា​គ្នា​រវាង​អ្នកនយោបាយ គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច​មិនទាន់​កើតមានឡើង​នោះទេ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com