ជាតិ
​ឧទ្ធរណ៍ ញែក​សំណុំរឿង​របស់​សកម្មជន​បក្សប្រឆាំង​១១​នាក់ ជា​២​ផ្សេងគ្នា​
23, Aug 2016 , 3:08 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គ​នេះ កម្លាំង​សមត្ថកិច្ច បាន​នាំខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ផ្សេងទៀត ទៅ​ឲ្យ​សាលាឧទ្ធរណ៍ ជំនុំជម្រះ​។ ក្រោយ​បញ្ចប់​សវនាការ សាលាឧទ្ធរណ៍ សម្រេច​វែក​សំណុំរឿង​របស់​អ្នក​ទាំង​១១​នាក់ ឲ្យ​ចេញ​ជា​២  ផ្សេងគ្នា​។



​បន្ទាប់ពី​សវនាការ​ដែល​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង​៣​ម៉ោង ត្រូវបាន​បញ្ចប់ ក្រុមប្រឹក្សា​នៃ​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ សម្រេច​បំបែកសំណុំរឿង​របស់លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​ទាំង​១០​នាក់ ជា​ពីរ​ផ្សេងគ្នា​។ ការ​បំបែកសំណុំរឿង​នេះ គឺជា​ការទាមទារ​រប​ស់​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ពួកគាត់​។ នេះ​បើតាម លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ ដែល​បាន​ចូល​ស្តាប់​អង្គជំនុំជម្រះ​ក្នុង​បន្ទប់​សវនាការ​។

​លោក អំ សំអាត បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សំណុំរឿង​ទាំង​២ ដែល​ត្រូវបាន​បំបែក​នោះ គឺ​ការសុំ​ឲ្យ​មោឃភាព​នីតិវិធី និង​ការប្តឹង​ជំទាស់​នឹង​សាលក្រម របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ​រូបនេះ ពន្យល់ថា មូលហេតុ​នៃ​ការសុំ​ឲ្យ​ទាត់ចោល​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារតែ​មេធាវី យល់ថា ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កន្លងមក គឺ​មិនត្រូវ​តាមច្បាប់​។ លោក អំ សំអាត បន្ថែមទៀតថា ការខុស​នីតិវិធី គឺ​ស្ថិតនៅ​ត្រង់ចំណុច ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ ហើយ​ផ្តន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​៦​នាក់ ក្នុងចំណោម​១១​នាក់ ដោយ​គ្មាន​វត្តមាន​របស់​មេធាវី​។ លោក បញ្ជាក់ថា ការជំនុំជម្រះ​លើ​បទល្មើស​ឧក្រិដ្ឋ មិនអាច​ដំណើរការ​ទៅដោយ​គ្មាន​មេធាវី​នោះទេ​។

​បើតាម​ការអះអាង​រប​ស់លោក អំ សំអាត ដដែល ការប្តឹង​ជំទាស់​នឹង​សាលក្រម គឺ​ដោយសារតែ​មេធាវី និង​កូនក្តី មិន​ពេញ​ចិត្តនឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ តែម្តង​។ លោក បន្តថា អ្នក​ទាំង​១១​ខាងលើ ដែល​ត្រូវបាន​នាំខ្លួន​មក​សាលាឧទ្ធរណ៍​នៅ​ព្រឹក​នេះ បានរួម​គ្នា​ប្តឹង​ជំទាស់​នឹង សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បាន​នៅក្រៅ​ឃុំ​។

​យ៉ាងណាក៏ដោយ សម្រាប់​សវនាការ​ដែល​ដំណើរការ​ទៅជា​ង​៣​ម៉ោង​នេះ សាលាឧទ្ធរណ៍​បានត្រឹមតែ​បំបែកសំណុំរឿង​ជា​២​តែប៉ុណ្ណោះ​។ ចំណែកឯ​នីតិវិធី​បន្តទៀត សាលាឧទ្ធរណ៍​មិនទាន់​ប្រកាស​នោះទេ​។​

​សូម​រម្លឹកថា  លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន ១០​នាក់​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ផ្ទុះ​អំពើហិង្សា នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ​។ បន្ទាប់មក សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​ពួកគាត់ ដោយ​ដាក់ពន្ធនាគារ​ចន្លោះ​ពី ៧​ឆ្នាំទៅ ២០​ឆ្នាំ ពីបទ​ដឹកនាំ និង​ចូលរួម​ក្នុង​ចលនា​កុបកម្ម បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ប្រឆាំង​រាជការ​សាធារណៈ​៕


Tag:
 តុលាការ​
  អុំ សំអាន​
  មា​ជ សុវណ្ណ​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com