ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី ថា សម្ដេច ហ៊ុន សែន មិន​ហ៊ាន​ប្រដាល់​លើស​ង្វៀន​ជាមួយ​ខ្លួន​
24, Aug 2016 , 11:31 am        
រូបភាព
 
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី លើកឡើងថា បេក្ខជន​ជា​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា មានតែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​អាច​តទល់​គ្នា​បាន​នោះ​គឺ​រូបលោក និង​សម្ដេច ហ៊ុន សែន​។ លោក សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​នោះ បាន​រិះគន់​សម្ដេច ហ៊ុន សែន ថា ជា​អ្នក​ប្រដាល់​ដែល​មិន​ហ៊ាន​ឲ្យ​គូប្រកួត​ឡើង​លើស​ង្វៀន ដែល​លោក សម រង្ស៊ី ចាត់ទុក សម្ដេច ហ៊ុន សែន ជា​អ្នកនយោបាយ ដែល​ខ្លាច​គូប្រកួត ហើយ​យក​ប្រព័ន្ធតុលាការ​កៀបសង្កត់​រូបលោក មិន​ឲ្យ​មានឱកាស​ប្រជែង​គ្នា​បាន​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ឆ្លើយតប​លោក សម រង្ស៊ី វិញ​ថា គណបក្ស​លោក មិនដែល​ខ្លាច​ឯកឧត្តម សម រង្ស៊ី ឡើយ តែ​មកពី​មេបក្ស​ប្រឆាំង​រូបនេះ ជាប់​ឈ្មោះ​ជា​ទណ្ឌិត គ្មាន​សិទ្ធិ​ប្រជែង​នយោបាយ​ដោយ​ខ្លួនឯង​។​

 
​តាមរយៈ​សំឡេង​ក្នុង​វីដេអូ​ឃ្លី​ប​ជាង​១​នាទី ឯកឧត្តម សម រង្ស៊ី បញ្ជាក់ថា ការ​ប្រជែង​គ្នា​ក្នុង​ឆាកនយោបាយ លុះត្រាតែ​ប្រកួត​មាន​គូប្រកួត​ពីរ ទើប​អាច​ប្រជែង​គ្នា​បាន​។ ត្រង់ចំណុច​នេះ ប្រមុខ​បក្សប្រឆាំង​រូបនេះ អះអាងថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​កៀបសង្កត់ រករឿង​ទាំង​រូបលោក ទាំង​ឯកឧត្តម កឹម សុខា ព្រោះតែ​សម្ដេច មិន​ហ៊ាន​ប្រកួត​ជាមួយ​មេបក្ស​ប្រឆាំង​។​
 
​ថ្លែង​តាមរយៈ​វីដេអូ ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឯកឧត្តម សម រង្ស៊ី បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ,គាត់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ។ ខ្ញុំ សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ដូច្នេះ​បេក្ខជន​នាយករដ្ឋមន្ត្រី​មានតែ​ពីរ​នេះ​ទេ​។ តែ​លោក ហ៊ុន សែន ជា​មនុស្ស​កំសាក គាត់​ខ្លាច សម រង្ស៊ី ដូច​គូ​ប្រដាល់ គូ​ប្រដាល់​ត្រូវ​ដាល់ វាយ​តតាំង​គ្នា​នៅ​លើស​ង្វៀង ប៉ុន្ដែ​គាត់​ញ៉ាក គាត់​មិន​ហ៊ាន​ឲ្យ សម រង្ស៊ី ឡើង​លើស​ង្វៀន​ទេ​។ គាត់​នៅ​លើស​ង្វៀន​ម្នាក់ឯង គាត់​ដាល់​ម្នាក់ឯង គាត់​ដាល់​ជាមួយ​ខ្យល់។ ដូចនេះ​បានន័យថា​គាត់​ឈ្នះ​… ដូច្នេះ​អត់​មាន​អ្នកណា​ទទួលស្គាល់​ទេ​»​។​
 
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុក​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី នេះ គ្រាន់តែ​ជា​ពាក្យសម្ដី​នយោបាយ​ប្រជា​ភិ​ថុ​ត លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ដោយ​លោក អះអាងថា គណបក្ស​មិនដែល​ខ្លាច​ឯកឧត្តម សម រង្ស៊ី និង​គណបក្សប្រឆាំង​ឡើយ ។ លោក សុខ ឥសាន ថ្លែង​បែប​ចំអក​វិញ​ថា គណបក្ស​លោក​ប្រកួត​ជាមួយ​តែ​ពលរដ្ឋ​ស្របច្បាប់​ប៉ុណ្ណោះ តែ​មិន​ប្រកួត​ជាមួយ​ឯកឧត្តម សម រង្ស៊ី ដែលជា​ទណ្ឌិត​ទេ​។​« លោក សម រង្ស៊ី គាត់​បង្កើត​បញ្ហា​ដោយ​ខ្លួនឯង គាត់​ត្រូវ​ទទួលទោស​មុខ​ច្បាប់​ដោយ​ខ្លួនឯង​។ ហើយ​គាត់​មានឈ្មោះ​ជា​ទណ្ឌិត ដូចនេះ​គាត់​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ គ្មាន​ចុះឈ្មោះ​បោះឆ្នោត គ្មាន​សិទ្ធិ​ឈ​ឈ្មោះ​បោះឆ្នោត ដែល​មិនអាច​ប្រកួតប្រជែង​ជាមួយគ្នា​បាន​។ គណបក្ស​ប្រជាជន ប្រកួត​តែ​ជាមួយ​ពលរដ្ឋ​ស្របច្បាប់​ទេ​»​។​
 
​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាសថា លោក​មិន​ខ្លាច​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ណា​ឡើយ ដោយ​សម្ដេច អំពាវនាវ​ឲ្យ​អ្នក​ចង់​ប្រកួត​នយោបាយ ចុះឈ្មោះ​គណបក្ស​ឲ្យ​បាន​ច្រើន ដើម្បី​ប្រជែង​គ្នា​ផងដែរ​។ ដោយឡែក​ងាក​មក​បញ្ហា​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា វិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ករណី​មេដឹកនាំ​បក្សប្រឆាំង​នេះ គឺជា​រឿង​បុគ្គល ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ ហើយក៏​មិនអាច​ចរចា​គ្នា​ដោះស្រាយ​បានដែរ ព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិអំណាច និង​នីតិវិធីតុលាការ​។​
 
​តែ​ចំពោះ​ករណី​ឯកឧត្តម កឹម សុខា ដែល​កំពុង​រង​បទចោទប្រកាន់​ពីបទ​«​បដិសេធ​ក្នុងការ​ចូលខ្លួន​» នោះ ប្រមុខរដ្ឋាភិបាល ធ្លាប់​និយាយ​ប្រយោល​ដោយ​មិន​ចំ​ឈ្មោះថា លោក​គ្មាន​សិទ្ធិអំណាច​បញ្ជា​លើ​ប្រព័ន្ធតុលាការ ដែល​កំពុង​បន្ត​នីតិវិធី​ទេ លុះត្រាតែ​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ ទើប​លោកនាយក​រដ្ឋមន្ត្រី អាចមាន​សិទ្ធិ​ស្នើ​ទៅ​ព្រះមហាក្សត្រ សុំ​ឡាយព្រះហស្ថលេខា​លើកលែងទោស​ឲ្យ​បាន​។ ងាក​មក​ករណី​ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស ដោយសារ​រង​បទ​ចោទ​ផ្ទួនៗ និង​មានឈ្មោះ​ជា​ទណ្ឌិត​នេះ​វិញ ត្រូវបាន​សម្ដេច ហ៊ុន សែន ប្រកាសថា លោក​នឹង​កាត់​ដៃស្ដាំ​ចោល​ភ្លាម ប្រសិនជា​សម្ដេច លើកដៃ​ចុះហត្ថលេខា ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស​នោះ​៕

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com