ជាតិ
កម្ពុជា ជា​ប្រទេស​គំរូ​ឈានមុខ​គេ​ក្នុងការ​បដិសេធ​ទោស​ប្រហារជីវិត​
25, Aug 2016 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​ដោយ​៖ ឯកឧត្តម George EDGAR
​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​



​ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៤ ខែសីហា សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រចាំ​តំបន់ ​ដែលជា​សម្ព័ន្ធ​លុបបំបាត់​ទោស​ប្រហារជីវិត ឬ ហៅថា “CADPA” បានរៀបចំ​ការតាំងពិព័រណ៍​រូបភាព​របស់​អ្នក​ថតរូប​អាជីព​ជនជាតិ​ជប៉ុន Toshi Kazama ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​។ ការតាំង​ពិ​ព៍រណ៍​នេះ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធនាការ “​បញ្ចប់​ឧក្រិដ្ឋកម្ម មិនមែន​បញ្ចប់ជីវិត​” របស់​សម្ព័ន្ធ CADPA ហើយ​យុទ្ធនាការ​នេះ​នឹងត្រូវ​រៀបចំ​នៅក្នុង​បណ្ដា​ប្រទេស​សមាជិក “​អាស៊ាន​” ទាំង​ដប់ ដើម្បី​ឲ្យ​មានការ​ជួបជុំគ្នា​បញ្ជាក់​អំពី​ភាព​គ្មាន​ខ្លឹមសារ​នៃ​ការប្រហារជីវិត​មនុស្ស​ក្នុងន័យ​ស្វែងរក​យុត្តិធម៌​។​


​គំនិត​ផ្ដួចផ្ដើម​ទាំងនេះ​មាន​សារសំខាន់​ណាស់​។ កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន​ពីរ​ជា​សមាជិក​អាស៊ាន ដែល​បាន​លុបចោល​ការកាត់ទោស​ប្រហារជីវិត​សម្រាប់​គ្រប់​បទឧក្រិដ្ឋ​ទាំងអស់​។ កម្ពុជា គឺជា​ប្រទេស​ដែលមាន​អារ្យធម៌ និង​វប្បធម៌​រុងរឿង ហើយ​បច្ចុប្បន្នកំពុង​ធ្វើជា​គំរូ​ឈានមុខ​គេ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការដាក់ទោស​ប្រហារជីវិត​។ ប្រទេស​កម្ពុជា​អាចមាន​មោទនភាព​នៅក្នុង​ផ្នែក​ច្បាប់​ទៅលើ​បទពិសោធន៍​ដែល​ទទួលបាន​ពី​អតីតកាល​របស់ខ្លួន និង​បាន​ក្លាយជា​ប្រទេស​លុប​ចោ​ទោស ប្រហារជីវិត​ក្នុង​តំបន់​ដែល​គួរតែ​យក​គំរូ​តាម​ទាំង​ផ្លូវច្បាប់ និង​ការកាត់ទោស​។ ដូច្នេះ ប្រទេស​កម្ពុជា គឺជា​គំរូ​សម្រាប់​តំបន់​អាស៊ាន​ទាំងមូល​។

​ប្រទេស​កម្ពុជា​បាន​លុបចោល​ទោស​ប្រហារជីវិត​នៅក្នុង​ឆ្នាំ ១៩៨៩ និង​មាន​រយៈពេល​លុបចោល​ទោស​ប្រហារជីវិត​ជាប់​រហូត​យូរ​ជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ី​។ កាលពី​ទសវត្សរ៍​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​ជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​នៅក្នុង​ការលុបចោល​ទោស​ប្រហារជីវិត​ដោយបាន​បន្ត​បោះឆ្នោត​គាំទ្រ​សេចក្ដីសម្រេច​របស់​មហា​សន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​ព្យួរទុក​បណ្ដោះអាសន្ន​នូវ​ការប្រើប្រាស់​ទោស​ប្រហារជីវិត​។​សេចក្ដីសម្រេច​ទាំងនេះ បាន​អំពាវនាវ​ឲ្យ​បណ្ដា​រដ្ឋ​ដែលជា​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់​ដែល​បាន​ចុះហត្ថលេខា​នៅលើ​មាត្រា ៣ និង​មាត្រា ៥ នៃ​សេចក្ដីប្រកាស​ជា សកល​ស្ដីពី​សិទ្ធិមនុស្ស ដែល​បាន​ចែងថា ដើម្បី​លុបចោល​ទោស​ប្រហារជីវិត “​បុគ្គល​ម្នាក់ៗ មាន​សិទ្ធិ​រស់រានមានជីវិត សេរីភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន​” និង “​គ្មាន​ជនណាម្នាក់​ត្រូវ​ទទួល​ទារុណកម្ម ឬ​ទណ្ឌកម្ម ឬ​ប្រព្រឹត្ត​កម្ម​កាច​សាហាវ ឥត​មនុស្សធម៌ ឬ​ថោកទាប​បានឡើយ​” ។​

​ទោស​ប្រហារជីវិត​ធ្វើ​ឲ្យ​អាប់ឱន​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស ហើយ​ជាការ​អនុវត្ត​ផ្ទុយទៅនឹង​សិទ្ធិមនុស្ស ជាពិសេស​ផ្នែក​ដែលមាន​សារសំខាន់​បំផុត​នៃ​សិទ្ធិមនុស្ស គឺ​សិទ្ធិ​ក្នុងការ​រស់រានមានជីវិត​។ នាពេល​បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ១០២ ក្នុងចំណោម​ប្រទេស​ទាំង ១៩៨ ដែល​បាន​លុបចោល​ទោស​ប្រហារជីវិត​សម្រាប់​គ្រប់​បទឧក្រិដ្ឋ​ទាំងអស់​។ មាន​ប្រទេស​ចំនួន ៣២ បន្ថែមទៀត​កំពុង​អនុវត្ត​ការលុបចោល​ទោស​ប្រហារជីវិត​ជាក់ស្ដែង គឺ​មានន័យថា ប្រទេស​ទាំងនេះ ពុំបាន​ប្រហារជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ​នៅក្នុង​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ​នេះ ហើយ​មាន​គោលនយោបាយ ឬ​ការប្ដេជ្ញាចិត្ត​មិន​អនុវត្ត​ការប្រហារជីវិត​ឡើយ​។​

​នៅក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប យើង​ជឿជាក់ថា ទោស​ប្រហារជីវិត គឺជា​ការ​បដិសេធចោល​ទាំងស្រុង​នូវ​សិទ្ធិ​រស់រានមានជីវិត និង​ជាការ​រំលោភ​ទៅនឹង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។ ទោះ បី​ជា​យ៉ាងណាក៏ដោយ នៅក្នុង​តំបន់​អាស៊ាន​មាន​ប្រទេស​ចំនួន​តែ​ពីរ​ប៉ុណ្ណោះ​ដែល​បាន​លុបចោល​ទោស​ប្រហារជីវិត​ទាំងស្រុង និង​ប្រទេស​ចំនួន​បី​ដែល​កំពុង​អនុវត្ត​ជាក់ស្តែង​នូវ ការព្យួរទោស​ប្រហារជីវិត​។ ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ថៃ ឥណ្ឌូនេស៊ី និង​វៀតណាម នៅ​កំពុង​អនុវត្ត​ទោស​ប្រហារជីវិត​នេះ​យ៉ាងសកម្ម​នៅឡើយ​។

​ដោយបាន​ជួប​ជាមួយ​អ្នកទោស​ជាច្រើន​នាក់​ដែល​ត្រូវ​ប្រហារជីវិត អ្នក​ថតរូប​អាជីព Kazama មើលឃើញថា ទោស​ប្រហារជីវិត​ភាគច្រើន គឺ​ធ្លា​ក់លើ​ប្រជាជន​ក្រីក្រ ប្រជាជន​ដែល​គ្មាន​ការអប់រំ និង​ប្រជាជន​ដែល​មិន​ត្រូវបាន​គិតគូរ និង​ជន​ស្បែក​ខ្មៅ​។ គាត់​ក៏​ទទួលស្គាល់​ផងដែរ​ថា ទោស​ប្រហារជីវិត​មិនបាន​បញ្ឈប់​មិន​ឲ្យ​មាន​ជនរងគ្រោះ​ដោយសារ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​របស់​អ្នកទោស​ដែល​ត្រូវ​ប្រហារជីវិត​ទាំងនោះ​ឡើយ​។ ដូច្នេះ ហេតុអ្វី​បានជា​យើង​នៅតែ​ប្រើ​ទោស​ប្រហារជីវិត​?

​សម្រាប់​យុវជន​ដែល​បាន​ចូលរួម​នៅក្នុង​វេទិកា​យុវជន​អាស៊ី​នៅក្នុង​ខេត្តសៀមរាប រូបថត​ទាំងនេះ អាច​ធ្វើជា​ឯកសារ​រំ​ឮ​ក​អំពី​គុណ​តម្លៃ​ជាស​កល​នៃ​សិទ្ធិ​ក្នុងការ​រស់រានមានជីវិត​។ យុទ្ធនាការ “​បញ្ចប់​ឧក្រិដ្ឋកម្ម មិនមែន​បញ្ចប់ជីវិត​” ត្រូវបាន​ស្វាគមន៍​សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ​។​


© រក្សាសិទ្ធិដោយ thmeythmey.com