ជាតិ
Smart ចំណាយ​ជាង​៥០​ម៉ឺន​ដុល្លារ ផ្តល់​អាហារូបករណ៍​ឲ្យ​សិស្ស​និទ្ទេស​A​និង​B​ចំនួន​៣០​នាក់​
26, Aug 2016 , 8:19 am        
រូបភាព
ដោយ:
 
​ក្រសួង​អប់រំ យុវជន និង​កីឡា  និង​ក្រុមហ៊ុន​ស្មា​ត​អា​ហ្សា​តា ខូ​អិ​ល​ធី​ឌី បាន​ចុះ ហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់ (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្តល់ អាហារូបករណ៍​ថ្នាក់ បរិញ្ញាបត្រ​ក្នុងប្រទេស នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា​ នៅ​ទីស្តីការក្រសួង​អប់រំ​។ ពិធី​នេះ ត្រូវបាន​ចុះហត្ថលេខា ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា  និង លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុនsmart។​



​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ថ្លែងថា លោក​រីករាយ ដែល​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ និង​ជួយ​ដល់​យុវជន​កម្ពុជា ដែលមាន​សមត្ថភាព តែ​គ្មាន​លទ្ធភាព​អាច​បន្ត​ការសិក្សា​ថ្នាក់ឧត្ដម​សិក្សា​នេះ​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុនស្មាតនេះ អាហារូបករណ៍​នេះ មាន​ចំនួន​៣០​កន្លែង និង​មាន​រយៈពេល​៣​ឆ្នាំ ដែល​នឹង​ផ្ដល់ជូន​សិស្ស និទ្ទេស A និង B ចំនួន​១០​នាក់​ក្នុង​មួយឆ្នាំៗ គិត​ចាប់ពី​ឆ្នាំ ២០១៦​ឆ្នាំនេះ​ទៅ​។ 
 
​បើ​ផ្អែក​តាម​គោលការណ៍​នៃ​ការផ្តល់​អាហារូបករណ៍​នេះ ក្រុមហ៊ុន​ទូរ​សព្ទ​មួយ​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន ៥១០,០០០​ដុល្លារ សម្រាប់​ចំណាយ​លើ​ការសិក្សា​របស់​ពួកគេ ដែល​ក្នុងនោះ មាន​ថ្លៃ​សិក្សា​ចំនួន​៥០០​ដុល្លារ​ក្នុង​មួយឆ្នាំ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​រយៈពេល​៤​ឆ្នាំ​នៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​សម្រាប់​និស្សិត​ម្នាក់ៗ ចំនួន ១៥,០០០​ដុល្លារ​។ 
 
​អាហារូបករណ៍​សរុប​ចំនួន ៣០​នាក់​នេះ  គឺ​ត្រូវ​ផ្ដល់ជូន​គ្រប់​គ្រឹះស្ថាន​អប់រំ​កម្រិត​ឧត្ដមសិក្សា​របស់​រដ្ឋ​ទាំងអស់ លើកលែងតែ​សកលវិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មួយ​តែ​ប៉ុណ្ណោះ​។  ក្រសួង និង​ក្រុមហ៊ុន ស្មា​តនឹង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ជ្រើសរើស​សិស្ស​សម្រាប់​អាហារូបករណ៍ ដែល​គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​ពាក់កណ្ដាល​ខែកញ្ញា ខាង​មុខនេះ ពោលគឺ​ក្រោយ​ការប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​៕

Tag:
 អប់រំ​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com