អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​បន្ត​សហការ​ជាមួយ​រដ្ឋ​អាស៊ីអាគ្នេយ៍​ទប់ស្កាត់​ការបង្កើត​សាខា​ក្រុម IS
26, Aug 2016 , 9:39 pm        
រូបភាព
 
​ការបង្កើត​រដ្ឋ​ឥស្លាម​និង​សាខា​ថ្មី​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ក្លាយជា​កង្វល់​ដ៏​ធំ​មួយ​។ ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​អាមេរិក ទទួលបន្ទុក​«​ប្រឆាំង​ភេរវកម្ម​» អះអាងថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បន្ត​សហការ​ជាមួយ​បណ្តា​រដ្ឋាភិបាល​ក្រុង​តំបន់​ដើម្បី​ដាក់ចេញ​វិធានការ​តាម​ដៃ​លអាច​ធ្វើបាន​ដើម្បី​ទប់ស្កាត់ បង្កើត​សាខា​ថ្មី​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​អាស៊ីអាគ្នេយ៍​។​


​អ្នកសម្របសម្រួល​ស្តីទី​នៃ​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងការបរទេស​អាមេរិក លោក Justin Siberell បាន​អះអាងថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​បន្ត​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់​ដើម្បី​ទប់ស្កាត់ ការបង្កើត​សាខា​ថ្មី​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) នៅ​អាស៊ីអាគ្នេយ៍​បាន ។ រដ្ឋាភិបាល​ក្រុង​តំបន់​ហាក់​ប្រឹងប្រែង​ខ្លាំង​ហើយ ដើម្បី​ធានាថា ក្រុម​ភេរវជន​នឹងមិន​អាចបង្កើត​រដ្ឋ​ឥស្លាម​នៅ​អាស៊ីអាគ្នេយ៍​ឡើយ​។​
 
​លោក​បានលើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​សុក្រ​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​កន្លង​ដើម្បី​ពិភាក្សា​ពី​វិធានការ​ប្រឆាំង​ភេរវកម្ម​។​
​ពាក់ព័ន្ធ​សំណួរ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​ការប៉ុនប៉ង​បង្កើត​រដ្ឋ​ឥស្លាម​និង​បង្កើត​សាខា​ថ្មី​នៅ​អាស៊ីអាគ្នេយ៍​របស់​ក្រុម​ដែ​ស្ហ  លោក Justin Siberell បាន​លើកឡើងថា​៖«​យើង​ពិតជា​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការកើនឡើង​នៃ​សាខា​របស់​ក្រុម​ដែ​ស្ហ​មាននៅ នី​ហ្សេ​រី​យ៉ា​, លី​ប៊ី និង​តំបន់ Sinai អេ​ហ្ស៊ី​ប​។ តែ​បច្ចុប្បន្ន​យើង​កំពុង​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់​ដោយ​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​បង្កើត​សាខា​ក្រុម​ភេរវជន​នេះ​នៅ​អាស៊ីអាគ្នេយ៍​»​។​
 
​ប៉ុន្តែ ក្នុងនាម​ជា​អ្នកជំនាញ លោក​មើលឃើញថា រដ្ឋាភិបាល​ក្នុង​តំបន់​បន្ត​រង​សម្ពាធ ដែល​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ខ្លាំង​ក្នុងការ​អនុវត្ត​គោលនយោបាយ​និង​វិធានការ​ថ្មីៗ​ដើម្បី​ធានាថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​មិនអាច​បង្កើត​សាខា​នៅ​អាស៊ីអាគ្នេយ៍​។​
 
«​អ្វីដែល​យើង​ឃើញ​គឺ​សម្ពាធ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​នីមួយៗ​ដាក់ចេញ​នូវ​វិធានការ​ប្រឆាំង​ភេរវកម្ម​ដើម្បី​ទប់​ការ​ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​«​។ នេះ​ជាការ​លើកឡើង​របស់លោក Justin Siberell​។ 
​មកទល់ពេលនេះ​មានការ​បារម្ភ​ខ្លាំង​ដែរ ពី​ការពង្រីក​បណ្តាញ និង​បង្កើត​រដ្ឋ​ឥស្លាម​មួយទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ តំបន់​អាស៊ីអាគ្នេយ៍​សម្បូរ​ដោយ​ក្រុម​ប្រដាប់អាវុធ​និង​ក្រុម​ឧទ្ទាម​ច្រើន​ផង​ដូចជា​ក្រុម Abu Sayaff និង Jemaah Islamiyah ដែល​បន្ត​អុកឡុក ហើយ​មាន​ក្រុមខ្លះ​បានប្រកាស​បង្ហាញ​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ​ថែមទៀត​។ ដូច្នេះ ការបង្កើត​បណ្តាញ​ថ្មី​រឹតតែ​ងាយស្រួល​។ 
 
​ម្យ៉ាង អ្វីដែល​ដែល​ក្លាយជា​បញ្ហា​ធំ​នោះ គឺ បច្ចុប្បន្ននេះ​ទៀត ក្រុម​ថ្មី​ដែល​បង្កើតឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ឥណ្ឌូនេស៊ី​បីនាក់​« Katibah Nusantara» នោះ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ក្រុម​សកម្មប្រយុទ្ធ​ដែល​និយាយ​ភាសា​ម៉ាឡេស៊ី​។  វា​ជា​តំណាង​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម និង​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​ក្រុម​នេះ​ផ្ទាល់​ដើម្បី ទាក់ទាញ​ក្រុម​ប្រជាជន​ពី​អាស៊ីអាគ្នេយ៍​ដេ​ល​លួច​ឆ្លងដែន​ទៅ​ច្បាំង​ក្នុង​សង្គ្រាម​ជី​ហាត​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ផងដែរ​។​
 
​ថ្វីបើ​មានការ​ព្រួយបារម្ភ​ខ្លាំង​ក៏ពិតមែន តែ​ដូចដែល​បានលើកឡើង​ស្រាប់​ហើយ បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម និង​ហិង្សា​ជ្រុល​និ​យម​។ ក្នុងនោះ​មាន​ទាំង​ការ​ឈានទៅ បញ្ឈប់​ការផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​សាសនា​ជ្រុលនិយម និង​ការបន្ត​ជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​ថ្មីៗ​ពី​ក្នុង​តំបន់​ឲ្យ​ទៅ​ច្បាំង​នៅ​មជ្ឈិមបូព៌ា​។​
 
​បើតាម​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​កន្លងមក​ដែល​រៀបចំឡើង​នៅ​ឥណ្ឌូនេស៊ី  បណ្តា​មន្ត្រីជាន់ខ្ពស់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ទប់ស្កាត់​ការផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា ជ្រុលនិយម និង​ទប់ស្កាត់​ការបន្ត​ជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​ថ្មី​ទៀត​។ ការពង្រឹង​ការអនុវត្ត​ច្បាប់​ដែល​អាចដាក់​ទោសទណ្ឌ​លើ​អ្នក​ដែល​ត្រៀម​និង​លួច​ឆ្លងដែន​ទៅ​ច្បាំង​ជាមួយ​ក្រុម​ភេរវជន​, ការគ្រប់គ្រង​ព្រំដែន​ឲ្យ​បាន​ម៉ត់ចត់ និង​ការពង្រឹង​ការចែករំលែក​របាយការណ៍​ចារកម្ម​ជា​រឿង​ចាំបាច់​និង​មាន​ប្រសិទ្ធិភាព​ផងដែរ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​៕
 
 

Tag:
 ដែ​ស្ហ​
  Justin Siberell
  Katibah Nusantara
© រក្សាសិទ្ធិដោយ thmeythmey.com