ជាតិ
អាជ្ញាធរ នឹងបន្តធ្វើអត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋ ក្នុងថ្ងៃភ្ជុំបិណ្ឌ
26, Aug 2016 , 10:17 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងជំរុញឲ្យអាជ្ញាធរមូលដ្ឋាន បន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃពិធីបុណ្យបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃឈប់សម្រាក។ សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃបែបនេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប។



លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានអះអាងថា មូលហេតុដែលគ.ជ.ប ស្នើឲ្យក្រសួងមហាផ្ទៃជួយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណក្នុងថ្ងៃឈប់សម្រាកដូច្នេះ គឺដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើន សម្រាប់ការចុះឈ្មោះបោះឆ្នោត នាអាណត្តិក្រោយ។


លោក បន្តថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដល់ប្រជាពលរដ្ឋ បានចំនួន ៨លាន និង៩សែន នាក់ហើយ។ ប្រជាពលរដ្ឋ ចំនួន ៨លាន និង៨សែន នាក់ បានទទួលអត្តសញ្ញាណប័ណ្ណ ចំណែកឯប្រជាពលរដ្ឋចំនួន ១សែននាក់ទៀត មិនទាន់ទទួលបាននៅឡើយទេ។


ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិ ក៏បានស្នើឲ្យគ.ជ.ប បន្តចុះឈ្មោះបោះឆ្នោត ក្នុងថ្ងៃភ្ជុំបិណ្ឌផងដែរ។ គណបក្សប្រឆាំងមួយនេះ បានលើកហេតុផលថា អំឡុងពេលនៃការឈប់សម្រាក គឺជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនីផ្នែករោងចក្រ បានទៅចុះឈ្មោះបោះឆ្នោត។


ចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិខាងលើ គ.ជ.ប មិនទាន់បដិសេធ ហើយក៏មិនទាន់យល់ស្របដែរ។ លោក គួយ ប៊ុនរឿង អះអាងថា គ.ជ.ប នឹងពិចារណាពីសំណើរនេះ។ លោក បន្ថែមថា ប្រសិនបើការចុះឈ្មោះបោះឆ្នោតក្នុងថ្ងៃភ្ជុំបិណ្ឌ អាចផ្តល់ផលចំណេញច្រើនជាងការខាត់បង់ ហើយមានការយល់ព្រមពីភាគីដទៃទៀត នោះគ.ជ.ប អាចនឹងរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោត តាមសំណើរបស់គណបក្សសង្គ្រោះជាតិ។


យ៉ាងណាក៏ដោយ អនុប្រធានគ.ជ.ប រូបនេះ នៅតែព្រួយបារម្ភពីការលំបាក សម្រាប់ការចុះឈ្មោះបោះឆ្នោតក្នុងថ្ងៃឈប់សម្រាក ព្រោះការចុះបោះឆ្នោតនេះ មិនមែនមានតែមន្រ្តីគ.ជ.បនោះទេ ពោលគឺមានភាគីជាច្រើនទៀត ដូចជា តំណាងគណបក្សនយោបាយ តំណាងសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាដើម។ លោកសង្កត់ធ្ងន់ៗថា៖
«ថ្ងៃហ្នឹង ជាបុណ្យប្រពៃណៃខ្មែរយើង។ គេត្រូវទៅធ្វើបុណ្យឧទ្ទិសកុសលដល់ជីដូន ជីតា។ អ៊ីចឹង វា ពិបាកដែរ។ បើ នៅធ្វើ ទាល់តែភាគីផ្សេងៗទៀត នៅធ្វើដែរ។ បើធ្វើតែគ.ជ.ប ម៉េចនឹងបាន»

សូមបញ្ជាក់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ គឺជាកាលបរិច្ឆេទ នៃការចុះឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់។ ការចុះឈ្មោះបោះឆ្នោតនេះ មានរយៈពេល៣ខែ គឺចាប់ពីខែកញ្ញា រហូតដល់ខែវិច្ឆិកា៕

Tag:
 បោះឆ្នោត
  គជប
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com