ជាតិ
សិប្បករ និង​ផលិតករ​នៅ​បាត់ដំបង​ស្វែងយល់​ពី​ផលប៉ះពាល់​ជាតិ​បូរ៉ា​ក់លើ​ណែម ប្រហិត គុយទាវ​...
27, Aug 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
សាលាខេត្ត​បាត់ដំបង វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​សិប្បករ និង​ផលិតករ ស្តីពី ជាតិ​បូរ៉ា​ក់ និង​ផលិតផល​ប៉ះពាល់​សុខភាព កាលពី​ថ្ងៃទី​២៦ ខែសីហា ។ វគ្គ​បណ្តុះបណ្តាល​នេះ ផ្តោត​សំខាន់​លើ​ផលប៉ះពាល់​នៃ​សា​ធាតុគីមី​នៅក្នុង​ផលិតផល​ម្ហូបអាហារ​ដូចជា ណែម ប្រហិត ប៉ា​តេ គុយទាវ និង​មី​លឿង​ជាដើម​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចុះផ្សាយ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៦​។


​ខណៈ​ម្ហូបអាហារ​ផ្ទុក​សារធាតុ​គីមី​លើស​កម្រិត​សុវត្ថិភាព កំពុង​ក្លាយជា​ក្តីបារម្ភ​យ៉ាងខ្លាំង​របស់​ពលរដ្ឋ​នោះ នៅ​ថ្ងៃទី​២៦ សីហា កន្លងទៅ សាលាខេត្ត​បាត់ដំបង ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​សហ​ការណ៍​គ្នា រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​សិប្បករ និង​ផលិតករ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ម្ហូបអាហារ​ផ្ទុក​សារធាតុ​គីមី​ទាំងឡាយ ដែល​ហាមឃាត់​ក្នុងការ​ប្រើប្រាស់​ដូចជា ផលិតផល​ណែម ប្រហិត ប៉ា​តេ គុយទាវ និង​មី​លឿង​ជាដើម​។

​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​ចង់​ឲ្យ​ពួកគេ​យល់ដឹង​បន្ថែម​ពី​ផលប៉ះពាល់​សុខភាព​អំពី​ផលិតផល​ម្ហូបអាហារ ដែលមាន​មេរោគ​បង្ក​ជា​ជំងឺ បច្ចេកវិទ្យា​ក្នុង​ផលិត​ណែម​ជូ តេស្ត​ពិសោធ​បឋម​ដើម្បី​រក​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ប្រើប្រាស់​ក្នុង​ម្ហូបអាហារ​ដែលមាន​ដូចជា បូរ៉ា​ក់ (o Borax) និង ហ្វ័​រ​ម៉ុ​ល​(Formaldehyde) ព្រមទាំង​បណ្តុះបណ្តាល​ពួកគេ​ឲ្យ​យល់ដឹង​ស្តីពី​ច្បាប់​ស្តង់ដារ​កម្ពុជា និង​ការចុះបញ្ជី​ផលិតផល​ផងដែរ​។​

​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​ពី​លោក ប៊ុត គឹម​សាន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក ចាន់ បូ​រិន្ទ ប្រធាន​វិទ្យា​សា្ថ​ន​ស្តង់ដារ​កម្ពុជា និង​មានការ​ចូលរួម​ពី តំណាង​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​សិប្បករ ផលិតករ​ជាច្រើន​នាក់​ផងដែរ​៕     


© រក្សាសិទ្ធិដោយ thmeythmey.com