ជាតិ
យុវជន​វ័យក្មេង​មួយក្រុម រៀបចំ​សិក្ខាសាលា​ដើម្បី​បង្កើន​ការយល់ដឹង​ពី កីឡា ស្នេហា និង​ការអប់រំ​
28, Aug 2016 , 10:48 am        
រូបភាព
នា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខនេះ ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​ការអភិវឌ្ឍ​សង្គម (YVSD) នឹង​រៀបចំ​សិក្ខាសាលា​ស្ដីអំពី «​កីឡា ស្នេហា និង​ការអប់រំ​នៅ​សតវត្ស​ទី​២១»​។ សិក្ខាសាលា​នេះ នឹង​លើកឡើង​ពី​ការកំណត់​គោលដៅ​ជីវិត​, ការអប់រំ​សតវត្ស​ទី​២១,  ការគិត​វិជ្ជមាន​និង​ការអភិវឌ្ឍ​ខ្លួន​, ការជ្រើសរើស​ដៃគូ​ជីវិត​ដ៏​ត្រឹមត្រូវ និង​តម្លៃ​នៃ​ការលេង​កីឡា​។ សិក្ខាសាលា​នេះ រៀបចំ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (​សាខា​វិមានឯករាជ្យ​) ចាប់ពី​ម៉ោង​៧:០០​ព្រឹក ដល់​១២:០០​ថ្ងៃត្រង់​។


​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​យុវជន ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែច្បាស់ ធ្វើការ​ស្វែងយល់​ពី​របៀប​ជ្រើសរើស​ដៃគូ​ស្នេហា ភាពជា​អ្នកដឹកនាំ និង​តួនាទី​យុវជន​នៅក្នុង​សង្គម​។ ទន្ទឹមនឹងនេះ សិស្ស​និស្សិត​ចូលរួម​សិក្ខាសាលា​នេះ នឹង​បាន​ជួប​ជាមួយ​វាគ្មិន​ដែលមាន​បទ​ពិស​សោធន៍​ជាច្រើន និង​ផ្ដល់​ការប្រឹក្សា​យោបល់​ទាក់ទង​ទៅនឹង​ការសិក្សា កីឡា និង​ស្នេហា​។

វាគ្មិន​សំខាន់ៗ​នៅក្នុង​សិក្ខាសាលា​រួមមាន លោកស្រី ប៉ែន បុប្ផា គ្រូ​បណ្ដុះបណ្ដាល OPERACY, លោក ហឿន សំនៀង នាយករង​ខុទ្ទកាល័យ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​, លោក កុល​ផេង វ​ឌ្ឍ​នា អ្នកនិពន្ធ​, កញ្ញា នាង សុ​វ៉ាត​នា ឌី​ជេ​វិទ្យុ​ក្នុង​កម្មវិធី​ដោះស្រាយ​វិបត្តិ​ស្នេហា និង​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ផងដែរ​។

​ក្រោយពី​បញ្ចប់​សិក្ខាសាលា ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍ​សង្គម ក៏បាន​រំពឹងទុក​ថា យុវជន​ដែល​បាន​ចូលរួម​សិក្ខាសាលា​នេះ  និង​យល់​ពី​ការកសាង​ទំនុកចិត្ត​លើ​ខ្លួនឯង ការកំណត់​គោលដៅ​ជីវិត ការជ្រើសរើស​ដៃគូ​ស្នេហា ភាពជា​អ្នកដឹកនាំ និង​តួនាទី​យុវជន​នៅក្នុង​សង្គម​។ ជាពិសេស លើកទឹកចិត្ត  និង​ជំរុញ​ឲ្យ​យុវជន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការសិក្សា​កីឡា​ការងារ​ស្ម័គ្រ និង​ការងារ​ជួយ​សង្គម​ផ្សេងៗ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​ឲ្យ​រីកចម្រើន​។

​សូមបញ្ជាក់ថា សំបុត្រ​នៃ​ការចូលរួម​មានតម្លៃ ៤០០០​រៀល សិស្ស​និស្សិត និង​យុវជន អា​ចរក​ទិញ​សំបុត្រ​បាន​តាម​សាកលវិទ្យាល័យ​មួយចំនួន​ដូចជា សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​កម្ពុជា សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​តាម​អន​ឡាញ​។ ព័ត៌មាន​បន្ថែម ០១៦ ៧៨ ១៩ ៦៧ / ០៩៦ ៩៤ ៩៩ ០០៩៕


© រក្សាសិទ្ធិដោយ thmeythmey.com