ជាតិ
​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​កោះប្រជុំ​រឿង​ដក​អភ័យឯកសិទ្ធិ​លោកស្រី​ថាក់ ឡា​នី ដែល​រង​បណ្តឹង​ពី​នាយករដ្ឋមន្ត្រី​
30, Aug 2016 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​មួយ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ ។ របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​លើ​សេចក្តីស្នើសុំ​លើក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ឡាក់​នី សមាជិកា​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ដែល​កំពុង​រង​បណ្តឹង​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា​។​




​ការបើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា ក្នុង​ការលើក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី នៅ​ថ្ងៃ​ពុធ​ថ្ងៃទី ៣១ ខែសីហា គឺធ្វើឡើង​តាម​ការស្នើសុំ​របស់​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ដែល​បានដាក់​លិខិត​ទៅកាន់​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៦ សីហា ឆ្នាំ​២០១៦ កន្លងទៅ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធសភា​។​

​សំណុំរឿង​របស់លោក​ស្រី ថាក់ ឡា​នី នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​លោកស្រី​ចំនួន​ពីរលើក​មកហើយ ដើម្បី​ឲ្យ​ចូល​បំភ្លឺ ចំពោះ​ពាក្យបណ្តឹង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា​។ ប៉ុន្តែ លោកស្រី បាន​បដិសេធ​ក្នុងការ​ចូលខ្លួន​នៅ​តុលាការ​ទាំងពីរ​លើក​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោកស្រី ថាក់ ឡា​នី ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃ​អង្គារ​នេះ​។

​លោក សំ សុ​គង់ មេធាវី​របស់លោក​ស្រី ធ្លាប់​ស្នើ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ បង្អង់​ការអនុវត្ត​នីតិវិធី​លើក​កូនក្តី​របស់ខ្លួន​។ លោក​មេធាវី សំអាងថា លោកស្រី​ថាក់ ឡា​នី គឺជា​សមាជិក​ព្រឹទ្ធសភា ដែល​កំពុងមាន​អភ័យឯកសិទ្ធិ​ជាប់​ខ្លួន ដូច្នេះ​បើ​តុលាការ ចង់​ចាត់ការ​លើ​លោកស្រី លុះត្រាតែ​រង់ចាំ​ឲ្យ​ព្រឹទ្ធសភា ដក​អភ័យឯកសិទ្ធិ​ជាមុនសិន​។​

​មាត្រា​១០៤ នៃ​រដ្ឋធម្មនុញ្ញ​នុ​ញ្ញ បាន​ចែងថា​៖«​សមាជិក​ព្រឹទ្ធសភា មាន​អភ័យឯកសិទ្ធិសភា​។ សមាជិក​ព្រឹទ្ធសភា​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សម្តែង​យោបល់ ឬ​បញ្ចេញមតិ​ក្នុងការ​បំពេញ​មុខងារ​របស់ខ្លួន​សោះឡើយ​។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន​សមាជិក​ព្រឹទ្ធសភា​ណាមួយ នឹង​អាច​ធ្វើទៅកើត លុះត្រាតែ​មានការ​យល់ព្រម​ពី​ព្រឹទ្ធសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​ព្រឹទ្ធសភា វៀរលែងតែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​។ ក្នុងករណី​ចុងក្រោយ​នេះ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវធ្វើ​សេចក្ដីរាយការណ៍​ជូន​ព្រឹទ្ធសភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ជាបន្ទាន់ ដើម្បី​សម្រេច​។ [……..] »​។​

​លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច ហ៊ុន សែន ធ្លាប់​អះអាង​កន្លងមក​ថា លោក​បានទទួល​សិទ្ធិ​ក្នុងនាម​ជា​មេធាវី ដើម្បី​ប្តឹង លោកស្រី ថាក់ ឡា​នី  ដែល​ចោទ​កូនក្តី​របស់លោក ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ តែ​មេធាវី​រូបនេះ មិនបាន​បញ្ជាក់​ពីបទ​ចោទ​អ្វី​ឲ្យ​ច្បាស់​លើ លោកស្រី ថាក់ ឡា​នី នោះទេ ព្រោះ​លោក ទុក​ឲ្យ​តុលាការ​ជា​អ្នកចោទ​ប្រកាន់​។

​ក្រៅពី​ប្ដឹង​លោកស្រី ថាក់ ឡា​នី លោក គី តិច ក៏បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ដែល​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ផងដែរ​។ លោក គី តិច ចាត់ទុក​ពាក្យសម្ដី​របស់​ឯកឧត្តម សម រង្ស៊ី និង​លោកស្រី ថាក់ ឡា​នី ថា ជាការ​រៀបចំ​គម្រោង​ទុកជាមុន ដើម្បី​ចោទ​សម្តេច ហ៊ុន សែន ថា​ជា​អ្នក​សម្លាប់​លោក កែម ឡី​។ សម្តេច ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ឯកឧត្តម សម រង្ស៊ី និង​លោកស្រី ថាក់ ឡា​នី តែ​ម្នាក់ ១០០ រៀល​ប៉ុណ្ណោះ ព្រោះ​សម្តេច​មិន​ចង់បាន​ប្រាក់​អ្វី​នោះឡើយ​។ តែ​ប្រធាន​បក្ស​កាន់អំណាច​រូបនេះ ចង់​បានតែ​ការបញ្ជាក់​ពី​ភាព​ស្អាតស្អំ​សម្រាប់​លោក ។ នេះ​ជាការ​បញ្ជាក់​របស់លោក គី តិច ដដែល​៕


Tag:
 មេធាវី​
  ថាក់ ឡា​នី​
  ព្រឹទ្ធសភា​
  អភ័យឯកសិទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com