ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា-វៀតណាម ខ្វែងគំនិត​គ្នា​លើ​ការប្រើប្រាស់​ផែនទី ដែល​ត្រូវ​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​បារាំង
30, Aug 2016 , 6:45 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជា-វៀតណាម មិនអាច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​លើ​បញ្ហា​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​បានឡើយ ។ មូលហេតុ​ដែល​មិនអាច​រក​ដំណោះស្រាយ​បាន ដោយសារតែ​ភាគី​ទាំងពីរ​នៅមាន​ការខ្វែងគំនិត​គ្នា លើ​ការប្រើប្រាស់​ផែនទី​រវាង​ប្រទេស​ទាំងពីរ។



ស្តាប់សំឡេង



ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិនិត្យមើល​កំណត់ហេតុ​នោះ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-វៀតណាម លោក វ៉ា គីម​ហុង បានប្រាប់​អ្នកកាសែត​ថា កម្ពុជា​ទាមទារ​ប្រើប្រាស់​ផែនទី ស្តីពី ព្រំដែន​មិន​កែប្រែ ឆ្នាំ១៩៥៣ ដែល​បារាំង​បាន​បន្សល់ទុក​ឲ្យ​កម្ពុជា ក្រោយពី​កម្ពុជា​ទទួលបាន​ឯករាជ្យ ក្នុងការ​កំណត់ព្រំដែន​ខ្លួន។ ប៉ុន្តែ​ការទាមទា​របស់​កម្ពុជា​នេះ មិន​ត្រូវបាន​វៀតណាម​យល់ព្រម​ឡើយ។

បើតាម​លោក វ៉ា គីម​ហុង ភាគី​វៀតណាម​ទាមទា​ឲ្យ​កម្ពុជា ប្រើប្រាស់​ផែនទី​ផ្អែកលើ​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ ២០០៥ និង​អនុស្សារណ​យោគយល់​គ្នា (MOU) ឆ្នាំ២០១១ រវាង​ប្រទេស​ទាំងពីរ។ ត្រង់ចំណុច​នេះ​លោក វ៉ា គីម​ហុង អះអាងថា កម្ពុជា មិន​ព្រម​តាម​សំណើ​របស់​វៀតណាម​ឡើយ ហើយ​លោក នឹង​បន្ត​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​វៀតណាម ដើម្បី​ឈានដល់​ការសម្រេច​រួមមួយ ក្នុង​ការដាក់​លិខិត​ទៅកាន់​ប្រទេស​បារាំង ស្នើសុំ​អ្នកបច្ចេកទេស មកជួយ​វាស់វែង​កំណត់ព្រំដែន​កម្ពុជា-វៀតណាម។

គួរ​បញ្ជាក់ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​បាន​បើក​កិច្ចប្រជុំ​ចង្អៀត​ពីរ​ថ្ងៃនេះ គឺ​កម្ពុជា​និង​វៀតណាម ផ្ដោតទៅលើ​ការត្រួតពិនិត្យ​លើ​ឯកសារ​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​បារាំង ដើម្បី​ដោះស្រាយ​លើ​ចំណុច​ខ្វែងគំនិត​គ្នា នៃ​បញ្ហា​ព្រំដែន​ប្រទេស​ទាំងពីរ ។

គួរ​រំ​ឮ​កថា កម្ពុជា-វៀតណាម បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន កាលពី​ឆ្នាំ២០០៦មក ក្នុង​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រវែង១២៧០គីឡូម៉ែត្រ ដោយ​កំណត់​បោះបង្គោល​ព្រំដែន​ចំនួន៣៧៥បង្គោល។ បើតាម​របាយការណ៍​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា កាល​ឆ្នាំ២០១៥ កម្ពុជា-វៀតណាម បាន​បោះបង្គោល​ព្រំដែន​បាន​ចំនួន៨៣ភាគរយ ពោលគឺ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ នៅសល់១៧ភាគរយ​ទៀត​ប៉ុណ្ណោះ៕


Tag:
 ព្រំដែន
 កម្ពុជា
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com