ជាតិ
អាជ្ញាធរ​អប្សរា​៖ ទឹក​ឡើង​ខៀវ​នៅ​ខ្លោង​ទន្លេ​អុំ​ពុំមាន​ប្រើ​សារធាតុ​គីមី​នោះទេ​
31, Aug 2016 , 8:59 pm        
រូបភាព
​សៀមរាប​៖ ទឹក​ក្នុង​កសិណ​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ បាន​ឡើង​ពណ៌​ខុសពី​ធម្មតា​។ ការណ៍​នេះ ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​របស់​សាធារណជន ថា​អាចមាន​ការបំពុល​ទឹក ដោយ​ការប្រើប្រាស់​សារធាតុ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ទឹក​ប្រែ​ពណ៌​ខៀវ​ខុស​ប្រក្រតី​។ អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​តួនាទី​អភិរក្ស​រមណីយដ្ឋាន​អង្គរ បាន​ចេញមុខ​ពន្យល់ និង​បកស្រាយ​ចំពោះ​ការប្រែប្រួល​ទឹក​ក្នុង​កសិណ​អង្គរធំ​។​



​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហោះ​វី​ឌី​អូ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​សម្ភាស​មន្ត្រី​ជំនាញ​ទឹក​ក្នុង​នាយកដ្ឋាន​របស់ខ្លួន​។ ក្នុង​វី​ឌី​អូ ដែល​លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​ធនធានទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បដិសេធ​ចំពោះ​ព័ត៌មាន ដែលថា​អាចមាន​ការបំពុល​បរិស្ថាន​ក្នុង​កសិណ​ខ្លោងទ្វារ​ទន្លេ​អុំ ក្រុង​អង្គរធំ​។

​តាមរយៈ​វី​ឌី​អូ​នោះ លោក ភឿន សុ​ឃីម បាន​ពន្យល់ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទឹក​ឡើង​ពណ៌​ខៀវ ក៏​ដោយសារ​បរិមាណ​ទឹក​តិច និង​ស្រក​ជិត​ដល់​កម្រិត​ទាប ហើយ​វា​បណ្តាល​ឲ្យ​ទឹក​ឡើង​ក្តៅ ទើប​ធ្វើ​ឲ្យ​លេចចេញ​វត្តមាន​ប្លង់តុង​។ ប្លង់តុង​ទាំងនោះ បាន​ងាប់ និង​អណ្តែត​ពាសពេញ​ផ្ទៃ​ទឹក​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សុ​ឃីម មុននឹង​លោក​បន្ថែមថា ដោយសារ​ផ្ទៃ​កសិណ​ធំ ហើយ​ទឹក​នៅ​ផ្នែក​ខាងលើ​ស្រក​ខ្លាំង ទើប​ធ្វើ​ឲ្យ​ប្លង់តុង​អណ្តែត​មក​ទី​ទាប តាមរយៈ​ខ្យល់​ផាត់​ពី​ទិសខាងកើត​។​



«​តាមពិត វា​មាន​តិចៗ​ទេ វា​គ្មាន​បញ្ហា​អ្វី​ទេ តែដោយសារ​ផ្ទៃ​ទឹក​វា​ធំ វារ​សាត់​តិចៗ​មក វា​មក​ចាល់​នៅ​ខ្លោងទ្វារ ធ្វើ​ឲ្យ​ឃើញ​កក​នៅ​កន្លែង​នេះ​ច្រើន ហើយ​ណាមួយ​ទឹក​ហ្នឹង​វា​អត់​មាន​ធ្វើ​ចលនា ចឹ​ង​វា​ធ្វើ​ឲ្យ​ប្លង់តុង​នឹង​វា​ងាប់ វា​អត់​មាន​បំលាស់​ទឹក​...»​។ លោក សុ​ឃីម បន្តទៀតថា រហូតមកដល់​ថ្ងៃនេះ ពុំទាន់​មាន​ករណី​ងាប់​ត្រី​ក្នុង​កសិណ​នៅឡើយ​ទេ ហើយ​វា​តែង​កើតមាន​ជា​រៀងរាល់ឆ្នាំ ដោយ​គ្មានអ្វី​ខុស​ប្រក្រតី​ដែរ​។

​ក្នុងករណី​នេះដែរ លោក សុ​ឃីម បាន​បញ្ជាក់ថា ក្រុមការងារ​នាយកដ្ឋាន​ធនធានទឹក គ្រោង​នឹង​បញ្ចូល​ទឹក​ក្នុង​កសិណ​អង្គរធំ​ឲ្យ​បាន​ឆាប់ៗ ហើយ​លោក​ទទួលស្គាល់ថា ការបញ្ចូល​ទឹក​នៅ​ឆ្នាំនេះ មាន​ភាពយឺតយ៉ាវ​បន្តិច​ដែរ​។ មូលហេតុ បើតាម​ការលើកឡើងរ​បស់​មន្ត្រី​ជំនាញ​ទឹក គឺ​ដោយសារ ទឹក​នៅ​ខាងលើ​មាន​បរិមាណ​តិច ហើយ​មួយផ្នែក​ទៀត​ត្រូវ​បញ្ចូល​ទៅក្នុង​ទឹកស្ទឹង​សៀមរាប ក្នុង​បំណង​ដើម្បី​លាង​សម្អាត​ស្ទឹង​។ 

​អ្នកជំនាញ​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក សុ​ឃីម បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រដូវប្រាំង​កន្លង​ទៅ បញ្ហា​កង្វះ​ទឹកបាន​កើតឡើង​ស្ទើរ​ទូទាំងប្រទេស ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​តម្រូវការ​ទឹក​ក្រោម​ដី​ច្រើន ជាពិសេស​នៅតាម​អូរ ស្ទឹង​។​ល​។ លោក សុ​ឃីម បញ្ជាក់ថា ទោះ​រដូវវស្សា​នៅ​ឆ្នាំនេះ មាន​ភ្លៀង​ធ្លាក់​ច្រើនជាង​ឆ្នាំទៅ​ក៏ពិតមែន តែ​វា​ត្រូវ​ការបំពេញ​ផ្ទៃក្រោម​ដី​ច្រើន ទើប​បណ្តាល​ឲ្យ​ទឹក​នៅ​ផ្នែក​ខាងលើ​មាន​បរិមាណ​តិច​។​

​ចំពោះ​ការបញ្ចូល​ទឹក​ក្នុង​កសិណ​ខ្លោងទ្វារ​ទន្លេ​អុំ​វិញ លោក សុ​ឃីម ថា​គ្រោង​ប្រើពេល​ចាប់​ពីមួយ​សប្តាហ៍​ទៅ​កន្លះ​ខែ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បង្ហូរទឹក​បែប​ធម្មជាតិ តែ​លោ​កថា វា​អាស្រ័យ​លើ​បរិ​មាណទឹក​ពីលើ​ភ្នំ​គូ​លេន​មក​ដែរ​៕


Tag:
 ​ខ្លោងទ្វារ​ទន្លេ​អុំ​
  កសិណ​អង្គរធំ​
  អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com