ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច អល់អែក​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​៧​ភាគរយ​
02, Sep 2016 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ​ថ្ងៃទី​៣០​ខែសីហា បានចេញ​របាយការណ៍​តាមដាន​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ជា​លើកដំបូង​របស់ខ្លួន ជាមួយនឹង​ការ​ព្យាករ​ថា  កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច ៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧​។ ការ​ព្យាករ​នេះ ហាក់​នៅ​អល់អែក ខណៈដែល​ស្ថានភាព​សេដ្ឋកិច្ច​សកល​កំពុងស្ថិត​ក្នុង​ភាពស្រពិចស្រពិល​។​



​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹងថា វិស័យ​កសិកម្ម​អាច​នឹងមាន​កំណើន​ល្អ​ជាង​ឆ្នាំមុន​បន្តិច​គឺ ០,៥ ភាគរយ​ក្នុង​ឆ្នាំ​២០១៦ នេះ ខណៈ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ថយ​ខ្លះ​គឺ ១១,៤​ភាគរយ​។ ដោយឡែក​វិស័យ​សេវាកម្ម​មាន​កំណើន ៦,៧​ភាគរយ គឺ​យឺត​ជាង​ឆ្នាំមុន​។

​ការនាំចេញ​ផលិតផល​កាត់ដេរ​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ មានតម្លៃ ៣,៤៩ ពាន់​លាន​ដុល្លារ កើនឡើង ១០,៨​ភាគរយ បើ​ធៀប ៣,១៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥ ។ ការនាំចេញ​ផលិតផល​ប្រភេទ​នេះ​ក្នុង​ឆ្នាំ​២០១៦ នឹង​នៅតែ​រក្សា​កំណើន​ខ្លាំង និង​ខ្ពស់ជាង​ឆ្នាំមុន​។ ប៉ុន្តែ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI) និង​ទេសចរណ៍​អាច​នឹង​មានការ​ថមថយ​ខ្លះ​។ នេះ​បើតាម​របាយការណ៍​ខាងលើ​។​

​លទ្ធផល​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅពេលនេះ ស្ថិតក្នុង​ភាពស្ទាក់ស្ទើរ​នៅឡើយ គឺ​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​អន្តរជាតិ​។ របាយការណ៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ អាច​នឹងមិន​សម្រេចបាន​តាម​ការ​ព្យាករ ប្រសិនបើ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ធ្លាក់ចុះ​យ៉ាង​កំ​ហុក ឬ​អស្ថិរភាព​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​កាន់តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ភ្លាមៗ បន្ទាប់ពី​ការសម្រេច​ដកខ្លួន​រប​ស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​(Brexit)»​។

​សេដ្ឋកិច្ចកម្ពុជា​មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​នឹង​សេដ្ឋកិច្ច​ប្រទេស​ចិន តាមរយៈ​ជំនួយ​អភិវឌ្ឍន៍ លំហូរ​វិនិយោគ និង​ភ្ញៀវទេសចរ​។

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត ថ្លែងថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​រក្សាបាន​កំណើន​រឹងមាំ ស្រប​ពេលដែល​សេដ្ឋកិច្ច​ពិ​ភ​លោក​នៅមាន​ភាពមិនប្រាកដ​ប្រជា​នៅឡើយ តែ​លោក​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ពី​ការវិវត្តន៍​សេដ្ឋកិច្ច​នេះ​។ លោក​អះអាង​យ៉ាង​ដូចនេះ​ថា​៖«​យន្តហោះ​របស់​យើង​នៅតែ​ហោះ​ស្រួល​ដដែល តែ​គ្រាន់តែ​ពេលខ្លះ​យើង​អាច​ឆ្លងកាត់​តំបន់​មាន​អាកាសធាតុ​មិនល្អ អ៊ីចឹង​ត្រូវ​រឹតខ្សែ​ក្រវ៉ាត់​ឲ្យ​បានល្អ​»​។​

​លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​មានប្រសាសន៍ថា របាយការណ៍​ម៉ាក្រូសេដ្ឋកិច្ច​នេះ មាន​ភាព​អាច​ទទួលយកបាន​ច្រើន តែ​លោក​បញ្ជាក់ថា តួរ​លេខ​ម៉ាក្រូសេដ្ឋកិច្ច​នេះ បាន​ពី​ការគិត​រក​មធ្យមភាគ ដូច្នេះ​គេ​តែងតែ​ឃើញ​មាន​គម្លាត​រវាង​អ្នកទទួលផល​ប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច​៕


Tag:
 GDP
  កំណើនសេដ្ឋកិច្ច​
  វ​ង្សី វិស្សុត​
  ច័ន្ទ សុផល
© រក្សាសិទ្ធិដោយ thmeythmey.com