កីឡាជាតិ
ជាតិ
ការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា-ចិនបានពន្យារពេល ឯអ្នកទិញសំបុត្ររួចត្រូវមកដូរយកលុយវិញ រូបថតពីហ្វេសប៊ុកសហព័ន្ធបាល់ទាត់កម្ពុជា
× ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ ដើម្បីអបអរខួបលើកទី៥៨នៃទំនាក់ទំនងកម្ពុជា-ចិន រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ជាមួយក្រុមជម្រើជាតិចិនអាយុក្រោម១៥ឆ្នាំ ត្រូវបានពន្យារពេលប្រកួតហើយ។ ចំណែកអ្នកដែលទិញសំបុត្ររួច សហព័ន្ធបាល់ទាត់បានបញ្ជាក់ថា ត្រូវមកដូរយកលុយវិញនៅកន្លែងលក់សំបុត្រក្នុងពហុកីឡដ្ឋានជាតិនៅសប្តាហ៍នេះ។
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ ដើម្បីអបអរខួបលើកទី៥៨នៃទំនាក់ទំនងកម្ពុជា-ចិន ដែលគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៦:៣០នាទីល្ងាច ត្រូវបានលើកពេលប្រកួតនៅពេលក្រោយ ដោយសារមានការស្នើរសុំពន្យារពេលពីខាងភាគីចិន។
តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាកាលពីម្សិលមិញ សហព័ន្ធបាល់ទាត់ចិនបានចេញលិខិតស្នើរសុំពន្យារពេលការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ និងក្រុមជម្រើសជាតិចិនអាយុក្រោម១៥ឆ្នាំ ដោយមិនមានការបញ្ជាក់ពេលវេលាប្រកួត ហើយក៏មិនប្រាប់ពីមូលហេតុអ្វីនោះទេ។ នេះបើយោងតាមមន្ត្រីផ្នែកព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ចាន់ មិថុនា។
បើយោងតាមហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ទស្សនិកជនដែលបានទិញសំបុត្ររួចហើយ អាចទៅប្តូរយកលុយវិញបាននៅកន្លែងលក់សំបុត្រនៅពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី៥ ខែកញ្ញានេះ រហូតដល់ថ្ងៃទី៩ ខែកញ្ញា សប្តាហ៍នេះ៕
Tag:
បាល់ទាត់
មិត្តភាពអន្តរជាតិកម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com