អន្តរជាតិ
ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ស៊ូ​ជី ទៅ​ប្រជុំ​អាស៊ាន​នៅ​ឡាវ​ជំនួស​ប្រធានាធិបតី ធិ​ន ច​
05, Sep 2016 , 4:03 pm        
រូបភាព
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​នឹងធ្វើ​នៅ​ឡាវ ជំនួស​លោក​ប្រធានាធិបតី ធិ​ន ច (Htin Kyaw)​។ ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺជា​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ​លើក​ទី​បី​ហើយ ចាប់តាំងពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត​មក​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawarddy​។



​អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Zaw Htay និយាយថា ទីប្រឹក្សា​រដ្ឋ លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វៀងចន្ទន៍ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​២៨ និង​ទី​២៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​។ កិច្ចប្រជុំ​ដែលមាន​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៨ ខែកញ្ញា នឹងមាន​ការចូលរួម​ពី​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

​ដោយ​រាប់ទាំង​ទស្សនកិច្ច​លើក​នេះ លោកស្រី ស៊ូ​ជី ទៅ​ឡាវ​បី​ដង​ហើយ​ក្នុងឆ្នាំនេះ​។ ទស្សនកិច្ច​លើកទីមួយ គឺ​នៅក្នុង​ខែឧសភា ក្នុងពេលដែល​លោកស្រី​អមដំណើរ​ប្រធានាធិបតី ធិ​ន ច ទស្សនកិច្ច​ផ្លូវការ​នៅ​ទីនោះ​។ លោកស្រី ស៊ូ​ជី ធ្វើ​ទស្សនកិច្ច​នៅ​ឡាវ​ជា​លើក​ទី​ពីរ ក្នុង​ខែកក្កដា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដ្បិត​លោកស្រី ជា​ប្រមុខ​ការទូត​មី​យ៉ាន់​ម៉ា​។ ហើយ​លើក​ទី​បី គឺ​នៅពេល​ចូលរួម​ប្រជុំ​អាស៊ាន​ពេលនេះ​។

​អ្វី​ជាការ​កត់សម្គាល់ នៅ​រៀងរាល់​កិច្ចប្រជុំ​អាស៊ាន​ម្ដងៗ មី​យ៉ាន់​ម៉ា តែងតែ​តំណាង​ដោយ​ប្រធានាធិបតី ក្នុងការ​ចូលរួម​ជំនួប​ប្រចាំឆ្នាំ​ដ៏​សំខាន់​នេះ​។ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​ឆ្នាំនេះ បែរជា​ទីប្រឹក្សា​រដ្ឋ​លោកស្រី ស៊ូ​ជី ចូលរួម​ជំនួស​ទៅវិញ​។ នរណាៗ​ក៏​ដឹង​ដែរ​ថា លោកស្រី ស៊ូ​ជី ជា​មេដឹកនាំ de Facto (​អ្នកកាន់អំណាច​ពិតប្រាកដ​) របស់​មី​យ៉ាន់​ម៉ា បើទោះជា​លោក ធិ​ន ច ជា​ប្រធានាធិបតី​ក៏ដោយចុះ​។

​ថ្វីដ្បិតតែ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក៏ដោយ លោកស្រី ស៊ូ​ជី ដែលជា​ប្រមុខ​បក្ស មិនអាច​ឡើង​ធ្វើជា​ប្រធានាធិបតី​បានទេ ព្រោះ​ត្រួវ​រារាំង​ដោយ​រដ្ឋធម្មនុញ្ញ​សរសេរ​ដោយ​យោធា​។ លោកស្រី ក៏​បើកផ្លូវ​ដល់​លោក ធិ​ន ច ជាម​នុស្ស​ជំនិត​របស់​លោកស្រី ធ្វើជា​ប្រធានាធិបតី​អាយ៉ង​វិញ ហើយ​លោកស្រី កាន់តំណែង​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ពីរ​ស្ថាប័ន​ទៀត​។​

​លោក ធិ​ន ច ដែល​អង្គុយ​កៅអី​ប្រធានាធិបតី​នោះ ក៏​មិនសូវ​ជា​ចេញ​មុខមាត់​អ្វី​ច្រើន​ដែរ តែ​លោក​ធ្លាប់​ទៅ​ទស្សនកិច្ច​បរទេស និង​ទទួលភ្ញៀវ​បរទេស​ផងដែរ​។ នេះ គឺ​ខុសពី​លោកស្រី ស៊ូ​ជី ដែល​ធ្លាប់​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន និង​ត្រូវ​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​ពាក់កណ្ដាល​ខែកញ្ញា​នេះ​ទៀត តាម​ការអញ្ជើញ​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ មួយវិញទៀត នៅ​កិច្ចប្រជុំ​ធំៗ ក៏​លោកស្រី ស៊ូ​ជី ជា​អ្នក​បង្ហាញមុខ​ដែរ ដ្បិត​អំណាច​ពិតប្រាកដ គឺ​ស្ថិតក្នុង​ដៃ​លោកស្រី​ទាំងអស់​៕        


Tag:
 មី​យ៉ាន់​ម៉ា​
  ​អាស៊ាន​
 ​ ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com