ជាតិ
សង្គមជាតិ
ក្លិប​កាសែត​ខ្មែរ CCJ និង​ថៃ​បង្កើត Hotline Contact ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ​ក្នុង​សេចក្តីរាយការណ៍​
08, Sep 2016 , 2:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្លិប​អ្នកកាសែត​កម្ពុជា​(CCJ) និង​សមាគម​អ្នកកាសែត​ថៃ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​មួយ​នៅ​ទីក្រុង​ភ្នំពេញ ក្នុងខណៈ​ពេលដែល​គណៈ​ប្រតិភូ​ថៃ បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ​។



​នៅក្នុង​ចំណោម​ប្រការ​ផ្សេងៗ​នៃ​អនុស្សារណៈ​យោគយល់​គ្នា សមាគម​អ្នកកាសែត​នៃ​ប្រទេស​ទាំងពីរ​បានលើកឡើង​នូវ​ចំណុច​មួយចំនួន​ដែល​ត្រូវធ្វើ​នាពេលខាងមុខ ក្នុងនោះ មាន​៖ ការបង្កើត​កម្មវិធី​ផ្លាស់ប្តូរ​ទស្សនកិច្ច​នៃ​អ្នកកាសែត​នៃ​ប្រទេស​ទាំងពីរ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​គ្នា​ទៅវិញទៅមក​។ ការពង្រឹង​ទំនាក់ទំនង​រវាង​អ្នកកាសែត​នៃ​ប្រទេសជិតខាង​ទាំងពីរ ក៏​ជា​អ្វីដែល​សមាគម​កាសែត​ទាំងពីរ​ត្រូវតែ​បំពេញ​ឲ្យ​ខាងតែបាន​ដែរ​។

​លើសពីនេះទៅទៀត សមាគម​អ្នកកាសែត​នៃ​ព្រះរាជាណាចក្រ​ទាំងពីរ​ស​ន្យា​បង្កើត​ខ្សែ​ទូរ​សព្ទ​ពិសេស​ដើម្បី​ទំនាក់ទំនង​គ្នា​ក្នុងករណី​ចាំបាច់​ដែល​កើតឡើង​ដោយសារ​ការធ្វើ​សេចក្តីរាយការណ៍​មិនត្រូវ ឬ​កើតឡើង​ដោយសារ​ការយល់​ខុស​ក្នុង​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំងពីរ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាគម​អ្នកកាសែត​ថៃ និង​ក្លិប​អ្នក​ក​សែត​កម្ពុជា សម្រេច​បន្ត​កិច្ចសហប្រតិបត្តិការ​បង្កើត​វគ្គ​បណ្ដុះបណ្តាល​ភាសា​ថៃ និង​ភាសា​ខ្មែរ​ទៅកាន់​អ្នកកាសែត​នៃ​ប្រទេស​ទាំងពីរ​ដែល​ចាប់អារម្មណ៍​។



​អ្នកកាសែត​នៃ​ប្រទេស​ទាំងពីរ​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​សេចក្តីរាយការណ៍​នានា ដែល​ជំរុញ​ឲ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ ពោលគឺ​ចៀសវាង​សេចក្តីរាយការណ៍​ណា ដែល​បង្ក​ហិង្សា​។ ហើយ​បើ​មាន​សេចក្តីរាយការណ៍​ខុស កើតឡើង​ដោយសារតែ​ការយល់ច្រឡំ អ្នកកាសែត​នៃ​ប្រទេស​ទាំងពីរ​គួរ​ចូលរួម​បន្ថយកំដៅ​ស្ថានការណ៍​។ នេះ គឺជា​អ្វីដែល​ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ ប្រាថ្នា​ចង់បាន​។

​អនុស្សារណៈ​យោគយល់​រវាង​ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​លោក Anucha Charounpo អនុប្រធាន​សមាគម​អ្នកកាសែត​ថៃ​(Thai Journalists Association)​។ ក្លិប​អ្នកកាសែត​កម្ពុជា គឺជា​ក្លិប​អ្នកកាសែត​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងចំណោម​ក្លិប ឬ​សមាគម​អ្នកកាសែត​ដទៃទៀត ដែលមាន​សមាជិក​ប្រមាណ​ជា​៤០០​នាក់ រីឯ សមាគម​អ្នកកាសែត​ថៃ គឺជា​សមាគម​ដ៏​ធំ​មួយ​ក្នុងចំណោម​សមាគម​ធំ​ចំនួន​៤​នៅក្នុង​ប្រទេស​ថៃ​។ សមាគម​នេះ មាន​សមាជិក​ប្រមាណ​ជា ១៥០០​នាក់​៕










Tag:
 កាសែត​
© រក្សាសិទ្ធិដោយ thmeythmey.com