ជាតិ
បទវិភាគ
ហេតុអ្វី​កសិករ​ខ្មែរ​បោះបង់​សន្ទូង មក​ធ្វើ​ស្រូវពង្រោះ​វិញ​?
10, Sep 2016 , 10:00 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មួយរយៈ​ពេល​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​កសិករ​ខ្មែរ ផ្លាស់ប្តូរ​ទម្លាប់ ពី​ការ​ធ្វើស្រែ​តាមរយៈ​ការដក​ស្ទូង មក​ធ្វើ​ស្រូវពង្រោះ​វិញ​។ ការប្រែប្រួល​របៀប​ធ្វើស្រែ​នេះ គឺ​បណ្តាលមកពី   កង្វះ​កម្លាំង​ពលកម្ម និង​តម្លៃ​ឈ្នួល​ឡើងថ្លៃ​។  



​កន្លងមក ការធ្វើ​ស្រែពង្រោះ គេ​ឃើញ​មានតែ​នៅ​តំបន់​ជាប់មាត់​ទន្លេ បឹង ព្រែក ស្ទឹង ដែលជា​តំបន់​ដី​មាន​ជីជាតិ និង​មានទឹក​គ្រប់គ្រាន់ ប៉ុន្តែ បួន​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា កសិករ​ខ្មែរ រស់នៅ​តំបន់​ខ្ពង់រាប និង​តំបន់ភ្នំ ដែលជា​កន្លែង​ខ្វះ​ប្រភពទឹក ហើយ​ធ្លាប់​ធ្វើស្រែ​តាមរយៈ​ការដក​ស្ទូង​នោះ បែរមក​ធ្វើ​ស្រូវពង្រោះ​វិញ បើទោះបី​ពួកគេ​ទទួលបាន​ទិន្នផល​ទាប​ក៏ដោយ​។  
 
​តើ​មូល​ហេតុអ្វី​បានជា​កសិករ​ខ្មែរ​ចង់​ធ្វើ​ស្រូវពង្រោះ​?   
​កសិករ ដែល​ធ្វើស្រែ​តាមរយៈ​ការដក​ស្ទូង គឺជា​កសិករ ដែល​រស់នៅ​តំបន់​ខ្ពស់​រាប និង​ភ្នំ គ្មាន​ទឹក​គ្រប់គ្រាន់ ដី​មិនសូវមាន​ជីជាតិ ព្រមទាំង​ធ្វើស្រែ​ពឹង​លើទឹក​ភ្លៀង​។ ពួកគេ​ធ្វើស្រែ​របៀបនេះ តាំង​ដូនតា​មក ពីព្រោះ សន្ទូង គឺមាន​ភាពស៊ាំ​និង​អាកាសធាតុ និង​កង្វះ​ទឹកបាន​យូរ​ជាង​សំណាប និង​ទទួលបាន​ទិន្នផល​ខ្ពស់ជាង ការធ្វើ​ស្រូវពង្រោះ​។ ប៉ុន្តែ បច្ចុប្បន្ន កសិករ​ជាច្រើន ងាក​មក​ធ្វើស្រែ​ពង្រោះ​វិញ ដោយសារ កង្វះ​កម្លាំង​ពលកម្ម​របស់​យុវជន​។ ការរីកចម្រើន​នូវ​រោងចក្រ​កាត់ដេរ​ទាំង​នៅ​ទីក្រុង និង​តាម​បណ្តា​ខេត្ត បាន​អូសទាញ​យុវជន​ខ្មែរ ឲ្យ​បោះបង់​ដីស្រែ មក​ធ្វើក​ម្មករក​ម្មការ​នី​រោងចក្រ​។ មួយវិញទៀត កង្វះ​កម្លាំង​យុវជន​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​តម្លៃ​ឈ្នួល​ដក​ស្ទូង​មានការ​កើនឡើង ដែលជា​បន្ទុក​បន្ថែម​ដល់​កសិករ ខណៈ​ផល​ស្រូវ​ពឹងផ្អែក​លើទឹក​ភ្លៀង​។ យ៉ាងណាក៏ដោយ ការធ្វើ​ស្រូវពង្រោះ ដ្បិត​ទទួលបាន​ទិន្នផល​ទាប តែ​កសិករ​ចំណេញ​វេលា ដើម្បី​ធ្វើ​ការងារ​ទី​ពីរ​ទៀត​។ 
 
​យ៉ាង​ក៏ដោយ ការផ្លាស់ប្តូរ​ទម្លាប់​នេះ ក៏​មិនមែនជា​រឿង​ល្អ​ទាំងអស់​នោះទេ​។  ការធ្វើ​ស្រែ​ជា​លក្ខណៈ​គ្រួសារ​ដែល​ទទួលបាន​ទិន្នផល​ទាប​បែបនេះ កសិករ​នឹង​ប្រឈម​កង្វះ​ស្បៀងអាហារ និង រង់ចាំ​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត​ពី​ប្រទេសជិតខាង​។ បន្ថែម​ពីនេះ ចរន្ត​នេះ នឹង​ជំរុញ​ឲ្យ​ផលិត​កសិកម្ម​ឡើងថ្លៃ ដែល​ធ្វើ​ឲ្យ​ចំណូល​ពលរដ្ឋ និង​ទំនិញ​នៅលើ​ទីផ្សារ មិនមាន​តុល្យភាព ពោល គឺ​រកចំណូលបាន​តិច តែ​ទំនិញ​ទីផ្សារ​មានតម្លៃ​ខ្ពស់​។ ម្យ៉ាងវិញទៀត ការបោះបង់​ការធ្វើ​ស្រែចម្កា​រ​កាន់តែច្រើន​របស់​យុវជន បានធ្វើ​មាន​លំហូរ​ចំណាកស្រុក​ទៅ​ទីប្រជុំជន និង​ក្រៅប្រទេស​កាន់តែច្រើន ដែល​ធ្វើ​ទីជនបទ ដែល​ធ្លាប់មាន​ភាព​មមាញឹក ក្លាយជា​ជនបទ​សោះកក្រោះ​ស្ងាត់ជ្រងំ​ទៅវិញ​។ 
 
​ដូច្នេះ ការហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ផ្លាស់ប្តូរ​ទម្លាប់​ធ្វើស្រែ មិនមែនជា​ដំណោះស្រាយ​ឡើយ តែ​ការពង្រីក​ប្រព័ន្ធ​ធា​រាស្ត្រ និង​ថែរក្សា​ទំនប់​ប្រឡាយ​ដែលមាន​ស្រាប់ គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ទាក់ទាញ​កម្លាំង​យុវជន​ខ្មែរ​ឲ្យ​ចាប់អារម្មណ៍​លើ​វិស័យ​កសិកម្ម​។    លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គួរ​ព​ន្លឿ​ន​ការចុះ​ផ្តល់​បច្ចេកទេស ដើមទុន រក​ទីផ្សារ និង​លើក​គម្រោង​ផ្សេងៗ​ក្នុង​ការជួយ​កសិករ ដើម្បី​លើកទឹកចិត្ត​កសិករ​កុំ​ឲ្យ​បោះបង់​ដីស្រែ និង​ជំរុញ​យុវជន​ឲ្យ​មានការ​ងារ​នៅ​ថ្នាក់មូលដ្ឋាន ដែល​អាច​ប្រែក្លាយ​ជនបទ​ស្ងប់ស្ងាត់ ទៅជា​ជនបទ ដែលមាន​ផលដំណាំ​គ្រប់​ប្រភេទ និង​ធម្មជាតិ​ស្រស់បំព្រង ព្រមទាំង​អាចបង្កើត​សុខុមរ​មនា​ក្នុង​គ្រួសារ​ខ្មែរ​ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​ទៀតផង​៕     

Tag:
 កសិករ​
  ស្រូ​ង​ពង្រោះ
© រក្សាសិទ្ធិដោយ thmeythmey.com