ជាតិ
​មេធាវី​ទូទាំងប្រទេស​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​ថ្មី​នៅ​ខែតុលា​
12, Sep 2016 , 11:48 am        
រូបភាព
ដោយ:
​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងធ្វើ​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី ដើម្បី​ជំនួស​តំណែង​លោក ប៊ុន ហុន ដែល​នឹង​ផុត​អាណត្តិ​នៅ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ ខាងមុខ​។​



​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​ថ្មី​អាណត្តិ​ទី ១១ ឆ្នាំ ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៨ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៦ ។ ប្រធាន​គណៈមេធាវី​ដែល​ផុត​អាណត្តិ​លោក ប៊ុន ហុន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​ថ្មី​នេះ នឹងធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​បោះឆ្នោត​ពី​មេធាវី​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​បើតាម​លោក ប៊ុន ហុន បច្ចុប្បន្ននេះ កម្ពុ​ជាមាន​មេធាវី​ពេញសិទ្ធិ កំពុង​ប្រកប​វិជ្ជាជីវៈ​ចំនួន ៨៧៨ រូប មេធាវី​កម្មសិក្សា​ចំនួន ១៧៤ រូប និង​មេធាវី​មិន​ប្រកប​វិជ្ជាជីវៈ​ចំនួន ៥៨ រូប​។

​លោក ប៊ុន ហុន ពន្យល់ថា តំណែង​ជា​ប្រធាន​គណៈមេធាវី​នេះ តម្រូវ​ឲ្យ​មេធាវី​ដែលជាប់ឆ្នោត​ កាន់​បានតែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល ២ ឆ្នាំ ហើយ​រូបលោក​បាន​កាន់តំណែង​ពីរ​អាណត្តិ​មកហើយ ដូច្នេះ​លោក​មិនអាច​ឈរឈ្មោះ​បាន​ទៀត​ទេ​។ លោក ប៊ុន ហុន បាន​បញ្ជាក់ថា សម្រាប់​តំណែង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី ១១ ដែល​នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​នៅ​ថ្ងៃទី ១៦ ខែតុលា ខាងមុខ មាន​បេក្ខជន​ឈរឈ្មោះ​ចំនួន ៤ នាក់ មានដូចជា លោក​មេធាវី សួន វិសាល លោក​មេធាវី នូ ចន្ថា លោក​មេធាវី ហែម សុជាតិ និង​លោក​មេធាវី ឈី សម្បត្តិ ៕


Tag:
 ប៊ុន ហុន​
  គណៈមេធាវី​កម្ពុជា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com