ជាតិ
​​​ន​យោ​បាយ​ជាតិ​
​សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កំចាត់​ចោល​រាល់​សកម្មភាព​ដែល​បំផ្លាញ​សន្តិសុខ​ជាតិ​
12, Sep 2016 , 9:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ បានសរសេរថា សម្តេច​បាន​បញ្ជា​ដល់​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀមខ្លួន​កំចាត់​ចោល​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ដើម្បី​ការពារ​នូវ​ភាពសុខសាន្ត​របស់​ប្រជាជន​។ សារ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កើតឡើង​តែ​ប្រមាណ​២​ម៉ោង​ប៉ុណ្ណោះ ក្រោយ​គណបក្សប្រឆាំង​ចេញ​សេចក្តីប្រកាស​សម្រេច​រៀប​ចំ​ផែនការ​ធ្វើ​មហា​បាតុកម្មអហិង្សា​។​




​ជាមួយនឹង​ការ​បង្ហោះ​រូបថត​​ក្នុង​ឯកសណ្ឋាន​យោធា សម្តេច ហ៊ុន សែន បាន​កត់សម្គាល់ថា ពីរ​ថ្ងៃ​ជាប់​គ្នា​រួចមកហើយ ដែល​មេដឹកនាំ​បក្សប្រឆាំង​បាន​គំរាម​រៀបចំ​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ទាមទារ​របស់​ដែល​ហៅថា​ដំណោះស្រាយ​នយោបាយ​។​

​សម្តេច​បាន​វាយបក​ថា​៖ «​មិនមាន​ដំណោះស្រាយ​នយោបាយ​ណា​ដែល​អាច​រកឃើញ​តាមរយៈ​បក្សនយោបាយ​នោះឡើយ ព្រោះ​វា​ជា​សមត្ថកិច្ច​របស់​តុលាការ​។ បុគ្គល​ដែល​ធ្វើ​ខុស កុំ​យក​ប្រទេសជាតិ​ធ្វើជា​ចំណាប់ខ្មាំង កុំ​យក​បក្សនយោបាយ ធ្វើជា​ជម្រក​បិទបាំង​នូវ​កំហុស​របស់ខ្លួន​»​។​

​សម្តេច​បាន​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​បញ្ជា​ដល់​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀមខ្លួន​កំចាត់​ចោល​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ដើម្បី​ការពារ​នូវ​ភាពសុខសាន្ត​របស់​ប្រជាជន​។ ដោយ​តម្លៃ​ណាក៏ដោយ គឺ​ត្រូវការពារ​ស្ថេរភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឱ្យ​ខាន​តែ​បាន ព្រោះ​វា​ជា​តម្រូវការ​របស់​ជាតិ​និង​ប្រជាជន​»​។​

​ជាមួយនឹង​ការលើកឡើង​ថា វាយ​ពស់​ត្រូវ​វាយ​ក្បាល​មុន សម្តេច ហ៊ុន សែន បញ្ជាក់ថា​៖ «​នេះ​មិនមែន​ជាការ​គំរាម​ទេ តែ​វា​ធ្ងន់​ជាង​គំរាម​ទៅទៀត ព្រោះ​ជា​ប្រភេទ​នៃ​បទបញ្ជា​ដល់​កម្លាំង​របស់​រាជរ​ដ្ឋា​ភិ​បាល​ទាំងអស់​ត្រៀមខ្លួន​កំចាត់​ចោល​រាល់​កម្លាំង​ដែល​ធ្វើ​សកម្មភាព​បំផ្លាញ​សន្តិសុខ​ជាតិ ហើយ​ខ្ញុំ​មាន​សិទ្ឋិ និង​និយាយ​របៀបនេះ​ព្រោះ​វា​ជា​សិទ្ធិអំណាច​នាយករដ្ឋមន្ត្រី​»​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែកញ្ញា នេះ  គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ដឹកនាំ​កិច្ចប្រជុំ​របស់​ឯកឧត្តម កឹម សុខា ដែលជា​ប្រធានស្តីទី  បានសម្រេច​ជា​ផ្លូវការ រៀបចំ​ផែនការ​ធ្វើ​មហា​បាតុកម្មអហិង្សា ទាមទារ​ឲ្យ​បរិយាកាស​នយោបាយ​វិល​មករក​ភាព​ប្រ​តី​ភាព​ឡើងវិញ​។ 

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​បក្សប្រឆាំង មហា​បាតុកម្មអហិង្សា គឺ​ដើម្បី​ទាមទារ​ឲ្យ​បរិយាកាស​នយោបាយ មាន​ភាពប្រក្រតី​ឡើងវិញ ដើម្បី​ធានា​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ មាន​ភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និង​ស្មើភាព តាមរយៈ​ដំណោះស្រាយ​នយោបាយ​រួមគ្នា​។

​យ៉ាងណាក៏ដោយ គម្រោង​ធ្វើ​មហា​បាតុកម្មអហិង្សា​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ​៕      




សេចក្តីប្រកាសព័ត៌មាន​របស់គណបក្ស​សង្គ្រោះ​ជាតិ

Tag:
 សម្តេច ហ៊ុន សែន
  មហាបាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com