កីឡាជាតិ
ជាតិ
ប្រធាន​បាល់ឱប​កម្ពុជា​ទម្លាយ​រឿង​ទំនាស់​ផ្ទៃក្នុង​ដែល​រ៉ាំរ៉ៃ និង​ប្តេជ្ញា​អភិវឌ្ឍន៍​ឲ្យ​រីកចម្រើន​
13, Sep 2016 , 7:39 pm        
រូបភាព
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​បាន​ទម្លាយ​ប្រាប់​ពី​ទំនាស់​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ​របស់ខ្លួន នៅមុខ​បណ្តាញ​អ្នកសារព័ត៌មាន និង​ឳ​ពុក​ម្តាយ​កីឡា​ទាំងពីរ​។ ការទម្លាយ​នេះ​ធើ្វ​ឡើង​ក្នុង​អង្គសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥-២០១៦ និង​ដាក់​ទិសដៅ​ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​កាលពី​ថ្ងៃទី​១១ ខែកញ្ញា​។ ក្រោយ​ទម្លាយ​រឿង​វិវាទ​រួច​ប្រធាន​សហព័ន្ធ​រូបនេះ​បាន​ប្តេជ្ញា​នឹង​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​។



​ទំនាស់​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ​រវាង​អគ្គលេខាធិការ​ជនជាតិ​បរទេស និង​អគ្គលេខាធិការ​ខ្មែរ​ព្រមទាំង​ជាមួយ​ប្រធាន​សហព័ន្ធ​ដែល​បានអូសបន្លាយ​កើតមាន​នៅក្នុង​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៤​។ ត្រូវ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​ទម្លាយ​ប្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ព្រមទាំង​បណ្តាញ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​១១ ខែកញ្ញា​។​



​ក្នុង​អង្គសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥-២០១៦ នឹងដាក់​ទិសដៅ​ឆ្នាំ​២០១៧​នៅ​ទីស្នាក់ការ NOCC កាលពី​ម្សិលមិញ​។ អ្នកស្រី តាន់ ធានី ប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​បាន​លាតត្រដាង​ពី​វិវាទ​ផ្ទៃក្នុង​របស់​សហព័ន្ធ​ដូច្នេះ​ថា នៅក្នុង​អំឡុង​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៤​មាន​ជនជាតិ​បរទេស​មួយចំនួន​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា​។ ពួកគេ​បានមក​សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ផ្សេងៗ​។

​ភាពជា​ដៃគូ​សហការ​នេះ​បានធ្វើ​ឲ្យ​ជនជាតិ​បរទេស​ម្នាក់​ក្នុងចំណោម​ជនជាតិ​បរទេស​ទាំងនោះ​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​។ តាមរយៈ​តួនាទី​ជា​អគ្គលេខាធិការ​នេះ នៅពេល​មានកម្ម​វិធី​ប្រកួត​ម្តងៗ​ជនបរទេស​ម្នាក់​នោះបាន​ឆ្លៀតឱកាស​ប្រមូល​ថវិកា​រក្សាទុក​ដោយ​ខ្លួនឯង ហើយ​បាន​យក​ថវិកា​ទាំងនោះ​ទៅ​ចំណាយ​យ៉ាង​ខ្ជះខ្ជាយ​ដោយ​គ្មាន​របាយការណ៍​ច្បាស់លាស់​។ ទង្វើ​បែបនេះ​បានធ្វើ​ឲ្យ​សមាជិក​ប្រតិបត្តិ រួម​ទាំ​អ​អ្នកស្រី​ជា​ប្រធាន​សហព័ន្ធ​សម្តែង​ការមិន​ពេញចិត្ត​សម្រាប់​ចំពោះ​ជនជាតិ​បរទេស​ម្នាក់​នោះ​។​



​លោកស្រី​បាន​បន្តទៀតថា បន្ទាប់មក​ដោយ​ឃើញ​ទង្វើ​ដែល​មិនអាច​ទទួលយកបាន អ្នកស្រី​បានស្នើរ​សុំ​ឲ្យ​អគ្គលេខាធិការ​បរទេស​រូបនោះ​រៀបចំ​ឯកសារ​ចំណាយ​ចំណូល ប៉ុន្តែ​ជនបរទេស​នោះ​មិន​ធ្វើតាម​សំណើរ​របស់​អ្នកស្រី​នោះទេ​។ ការមិនទុកចិត្ត​គ្នា​ទៅវិញទៅមក​បានធ្វើ​ឲ្យ​ទំនាស់​ផ្ទៃក្នុង​សហព័ន្ធ​ក៏​កើតមានឡើង​តាំងពី​ពេល​នោះមក​។​

​ប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​រូបនេះ​បាន​រៀបរាប់​ទៀតថា ដោយសារ​បញ្ហា​ទំនាស់​ផ្លូវចិត្ត​រវាង​គ្នា​នឹង​គ្នា​កើតមានឡើង បានធ្វើ​ឲ្យ​អគ្គលេខាធិការ​បរទេស​រូបនោះ​សុំ​លាឈប់​ពី​ដំណែង​ជា​អគ្គលេខាធិការ​ពី​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា ដោយបាន​ប្រមូល​យកទៅ​ជាមួយ​នូវ​ឯកសារ​សំខាន់​ព្រមទាំង​ថវិកា​មួយ​ទៀតផង​។ លើសពីនេះ​រូបគេ​បាន​យក​ឯកសារ​ទាំងនោះ​គ្រោង​នឹង​បង្កើត​សហព័ន្ធ​កីឡា​បាល់ឱប​ផ្សេង​មួយទៀត ប៉ុន្តែ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បដិសេធ​ចំពោះ​គម្រោង​នេះ​។


 
​អ្នកស្រី តាន់ ធានី បាន​បន្ថែមទៀតថា ដោយមាន​ទំនាស់​ជាមួយ​ប្រធាន​សហព័ន្ធ ក៏ដូចជា​សម​ជិ​ក​សមាជិការ​ប្រតិ​ប​ត្ត​បានធ្វើ​ឲ្យ​ជនបរទេស​រូបនោះ​មានការ​ខឹងសម្បារ ហើយ​បាន​និយាយ​បំភ្លៃ​ប្រាប់​បណ្តា​ប្រទេស​អន្តរជាតិ​មួយចំនួន​ថា សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​ជា​សហព័ន្ធ​មិន​ស្របច្បាប់​។ ដោយ​ឃើញ​ទង្វើ​អាក្រក់​របស់​ជនបរទេស​រូបនេះ​បានធ្វើ​ឲ្យ​ប្រធាន​សហព័ន្ធ​បាល់ឱប​កម្ពុជា បានចាត់ទុក​ទុក​ជនបរទេស​ដែល​ខ្លួន​ធ្លាប់​ជឿទុកចិត្ត​ថា​«​ជា​ជន​ក្បត់​»​។

​អ្នកស្រី តាន់ ធានី បាន​ថ្លែង​បញ្ជាក់ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​៖«​ជនបរទេស​នោះគេ​ធ្វើការ​ងារ​នៅ​កន្លែង​ជាមួយ​យើង ប៉ុន្តែ​គេ​ធ្វើ​អា​របៀប​ជែង​ចង់យក​តំណែង​តែម្តង​។ គេ​ចាត់ចែង​ការងារ​ទៅតាម​អំពើ​ចិត្ត​របស់គេ ដែល​មិន​ឆ្លើយតប​ផលប្រយោជន៍​យើង​ជា​ខ្មែរ​! យើង​ត្រូវការ​អភិវឌ្ឍ​បាល់ឱប ចង់​បណ្តុះបណ្តាល​កីឡាករ​ជំនាញ​ឲ្យ​ក្លាយទៅជា​គ្រូបង្វឹក និង​មន្ត្រី​អាជ្ញាកណ្តាល​។ ប៉ុន្តែ​គេ​អត់​យកចិត្តទុកដាក់​ធ្វើការ​ងារ​នេះ​ឲ្យ​យើង​ទេ គឺ​គេ​យកតែ​ពួក​បរទេស​គ្នា​គេ​មក​ធ្វើ​ការងារ ដែល​ប្រការនេះ​ខ្ញុំ​មិន​ពេញចិត្ត​»​។​



​អ្នកស្រី​បាន​បន្ថែមទៀតថា​៖«​យើង​ធ្វើ​សម្រាប់​ខ្មែរ​តើ​? ខ្ញុំ​គ្មាន​មហិច្ឆតា​អី​ទៅ​បណ្តុះបណ្តាល​បរទេស​នោះទេ ព្រោះ​មិនមែនជា​គោលដៅ​របស់​យើង​ទេ​។ ខ្ញុំ​ទទួលស្គាល់ថា គេ​រក​ជំនួយ​ឲ្យ​យើង ប៉ុន្តែ​ពេល​គេ​រកបាន​ច្រើន​គេ​ក៏​ចាយ​ច្រើន គេ​អត់​ស្តាប់ និង​អត់​ធ្វើ​ផែនការ​ចំណាយ​ឲ្យ​យើង គេ​មិន​ធ្វើ មិន​ឯកភាព ហើយ​ទីបំផុត​គេរ​ត់ទៅ គេ​ក្បត់​សហព័ន្ធ ដោយ​យក​ឯកសារ​ទៅ​ទាំងអស់ ចង់​បង្កើត​សហព័ន្ធ​ថ្មី​មួយទៀត​»​។​

​ជាមួយគ្នា​នោះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​គាំទ្រ​នូវ​សំណើរ​របស់​ប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​រូបនេះ​។ លោក​បានលើកឡើង​ដូច្នេះ​ថា​៖«​មិន​អាចមាន​សហព័ន្ធ​កីឡា​បាល់ឱប​ពីរ​នៅ​កម្ពុជា​នោះទេ ហើយ​ខ្ញុំ​សូម​គាំទ្រ​សកម្មភាព​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​របស់លោក​ជំទាវ តាន់ ធានី​»​។​

​ក្រោយពី​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមទាំង​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានធ្វើ​ឲ្យ​អ្នក តាន់ ធានី បេ្ត​ជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០២​ឲ្យ​កាន់តែ​រីកចម្រើន​តាមរយៈ​ការ​ងើបឈរ​ដោយ​ខ្លួន​ឯក ដោយ​មិន​ពឹង​ផ្អែកលើ​ជនបរទេស​៕   


Tag:
 បាល់ឱប​
  តាន់ ធានី
© រក្សាសិទ្ធិដោយ thmeythmey.com