កីឡាជាតិ
ជាតិ
AFF U19 Championship៖ យុវជន​កម្ពុជា ប៉ះ ឡាវ នៅ​ហាណូយ​នា​ម៉ោង​៤​រសៀល​នេះ​
14, Sep 2016 , 11:36 am        
រូបភាព
ដោយ:
 
​ក្រុមយុវជន​ជម្រើសជាតិ U19 កម្ពុជា ត្រូវ​តទល់​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ U19 ឡាវ នៅ​កីឡដ្ឋាន Sân van dong Hàng Ðay ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់ AFF U19 Championship 2016 នៅ​ទីក្រុង​ហាណូយ​វេលា​ម៉ោង​៤​រសៀល​នេះ​។ វា​ជាការ​ប្រកួត​លើក​ទី​២​ក្នុង​ពូ​ល B របស់​ក្រុម U19 កម្ពុជា បន្ទាប់ពី​បាន​ចាញ់​ក្រុម​ជម្រើសជាតិ U19 អូស្ត្រាលី ២-០ ក្នុង​ថ្ងៃ​បើកឆាក​។​

 
​ក្រុម​ជម្រើសជាតិ U19 កម្ពុជា​ដែល​ឈរ​ក្នុង​ពូ​ល B នឹង​ធ្វើការ​ប្រជែង​ជាមួយ​ក្រុម​ជម្រើសជាតិ U19 ឡាវ ដើម្បី​ស្វែងរក​ពិន្ទុ​សម្រាប់​ឡើងទៅ​កាន់​វគ្គ​បន្ត​។ វា​ជាការ​ប្រកួត​លើក​ទី​២​ហើយ​សម្រាប់​ក្រុម U19 កម្ពុជា​ក៏ដូចជា U19 ឡាវ ក្នុង​ពានរង្វាន់​សហព័ន្ធ​បាល់ទាត់​អាស៊ី​ប្រចាំឆ្នាំ​២០១៦​នេះ​។ ប៉ុន្តែ​ក្រុម​ទាំងពីរ​សុទ្ធតែ​បរាជ័យ​សម្រាប់​ការប្រកួត​លើក​ទី​១ ដោយ U19 កម្ពុជា​ចាញ់ U19 អូស្ត្រាលី ២-០ ខណៈ U19 ឡាវ​ចាញ់ U19 ថៃ ២-១​។​
 
​ការប្រកួត​លើក​ទី​២​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Sân van dong Hàng Ðay នា​វេលា​ម៉ោង​៤​ល្ងាច​នេះ ប្រហែលជា​មិន​បង្ករ​ភាពលំបាក​ដូច​លើក​ទី​១​សម្រាប់​កម្ពុជា​នោះឡើយ ព្រោះ​ក្រុមយុវជន U19 ឡាវ មាន​មាឌ និង​កម្ពស់​ព្រមទាំង​បច្ចេកទេស សមត្ថភាព​ប្រហាក់ប្រហែល​នឹង​ក្រុមយុវជន U19 កម្ពុជា​។​
 
​បើ​មើ​លពី​ប្រវត្តិ​នៃ​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​នៅ​ឆ្នាំ​២០១៥ ដែល​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​ក្រុម U19 កម្ពុជា​បាន​ស្មើ ០-០ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ ក្រុម U19 កម្ពុជា បាន​ចាញ់​ក្រុម U19 ឡាវ ក្នុង​លទ្ធផល ៣-១ នៅលើ​ទឹកដី​ប្រទេស​ឥណ្ឌូនេស៊ី​។ 
 
​ដោយឡែក បើ​គិត​ចាប់ពី​ឆ្នាំ​២០០៩ រហូតដល់​ឆ្នាំ​២០១៥ ក្រុម U19 កម្ពុជា​មិនដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នោះទេ ពោលគឺ​មិនដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​នោះឡើយ​។ ប៉ុន្តែ​ក្រុមយុវជន​ជម្រើសជាតិ U19 ឡាវ​ធ្លាប់​ទទួលបាន​ចំណាត់​លេខ​៣​កាលពី​ឆ្នាំ​២០១៥ ដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ និង​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៣ ដែល​ឥណ្ឌូនេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ក្រុម​នេះ​បាន​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ១-០​។   
 
​ពូ​ល B នេះដែរ​ក៏មាន​ការប្រកួត​ពីរ​គូ​ទៀតផង​ដែរ ដោយ​ក្រុមយុវជន U19 មី​យ៉ាន់​ម៉ា ជួប​ជាមួយ​ក្រុមយុវជន U19 អូស្ត្រាលី​វេលា​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន Vietnam Youth Training Centre​។ ចំណែក​ក្រុមយុវជន U19 ឥណ្ឌូនេស៊ី ត្រូវ​តទល់​ជាមួយ​ក្រុមយុវជន U19 ថៃ នា​វេលា​ម៉ោង​៧​យប់​នៅ​កីឡដ្ឋាន Sân van dong Hàng Ðay​។ 
 
​គួរ​បញ្ជាក់ថា ក្នុង​ពូ​ល B ដែលមាន​៦​ក្រុម ក្នុងនោះ​ក្រុមយុវជន U19 អូស្ត្រាលី​, ក្រុមយុវជន U19 ថៃ និង U19 មី​យ៉ាន់​ម៉ា មាន​ម្នាក់​៣​ពិន្ទុ​ដូចគ្នា​។ ចំណែក U19 កម្ពុជា​, U19 ឡាវ និង U19 ឥណ្ឌូនេស៊ី មិនទាន់មាន​មួយ​ពិន្ទុ​ក្នុង​ដៃ​នោះទេ​។ គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ការប្រកួត​ក្នុង​ពូ​ល A កាលពី​ម្សិលមិញ ក្រុម U19 ម៉ាឡេស៊ី លត់​ក្រុម U19 ហ្វីលីពីន ៥-០ និង​ក្រុម U19 វៀតណាម​យកឈ្នះ​លើ​ក្រុម U19 ទី​ម័​រ​ខាងកើត ៤-១៕    
 
 

Tag:
 បាល់ទាត់​
  U19
  AFF U19 Championship 2016
© រក្សាសិទ្ធិដោយ thmeythmey.com