ជាតិ
នយោបាយជាតិ
កសិផលចុះថ្លៃ៖ មេបក្សប្រឆាំងចោទរដ្ឋាភិបាលថា បើកដៃឲ្យឈ្មួញ ក្រោយសម្ដេចថា លំបាក…
× ភ្នំពេញ៖ ខណៈកសិផលរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់មួយចំនួនធ្លាក់ចុះតម្លៃទីផ្សានោះ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ឆ្លៀតលើកពីបញ្ហានេះចោទរដ្ឋាភិបាលថា កំពុងបណ្ដោយឲ្យកសិផលក្នុងស្រុកធ្លាក់ចុះ ហើយបើកដៃឲ្យឈ្មួញនាំចូលកសិផលពីក្រៅប្រទេសចូលមកកម្ពុជា។ ឯកឧត្តម សម រង្ស៊ី ចោទរដ្ឋាភិបាលបែបនេះ ក្រោយពីសម្ដេច ហ៊ុន សែន អះអាងថា លោកជួបការលំបាកច្រើនជាងគេ ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដែលកំពុងគេចខ្លួននៅក្រៅប្រទេសនោះ បានស្រង់ខ្លឹមសារពីបណ្ដាញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានចុះផ្សាយពីបញ្ហាកសិផលធ្លាក់ចុះតម្លៃទីផ្សាក្នុងប្រទេសកម្ពុជា។ ឯកឧត្តម សម រង្ស៊ី បានលើកឡើងពីបញ្ហាកសិផលដំណាំស្រូវ ដំឡូងមី និងផ្លែល្ពៅ ដែលឈ្មួញទិញពីកសិករក្នុងតម្លៃទាបជាងឆ្នាំ២០១៥ ពោលគឺជាតម្លៃឡើងចុះតាមតែមាត់របស់ឈ្មួញ។
ប្រមុខបក្សប្រឆាំងរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួន ដោយរិះគន់រដ្ឋាភិបាលយ៉ាងដូច្នេះថា៖«រដ្ឋអំណាចបណ្តោយឲ្យកសិផលចុះថ្លៃ ធ្វើឲ្យកសិករកាន់តែក្រ។ កសិកររកទីផ្សារកសិផលមិនបាន តែរដ្ឋអំណាចបើកដៃឲ្យឈ្មួញនាំចូលកសិផលកាន់តែច្រើនឡើងពីបរទេស»។
ក្រៅពីការរិះគន់របស់ឯកឧត្តម សម រង្ស៊ី នេះ ក៏មានប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បាននាំគ្នាចូលអត្ថាធិប្បាយ (Comment) នៅក្នុងហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើឲ្យសម្ដេចជួយដោះស្រាយបញ្ហាធ្លាក់ចុះតម្លៃទីផ្សាកសិផលរបស់ពួកគេដែរ។ ជាមួយគ្នានេះក៏មានម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Sysowatt Munyrit បានសរសេររិះគន់សម្ដេចថា មិនខ្វល់ពីទឹកភ្នែកកសិករ ។
ភ្លាមៗនោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបនឹងម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Sysowatt Munyrit នោះវិញថា សម្ដេច ជួបការលំបាកច្រើនជាងគេ ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនេះ។ ឆ្លើយតបនឹងការរិះគន់របស់ម្ចាស់គណនីហ្វេសប៊ុក Sysowatt Munyrit នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរអធិប្បាយយ៉ាងដូច្នេះថា៖ «ក្មួយនិយាយដូចជាជ្រុលហើយក្មួយ។ អ្នកដែលលំបាកជាងគេក្នុងរឿងសេដ្ឋកិច្ច គឺខ្ញុំនេះហើយ។ ខ្ញុំរកតែពេលហូបបាយមិនបាន ដោយសាររឿងថ្លៃស្រូវនិងកសិផលរបស់កសិករនោះហើយ។ សង្ឃឹមថាក្មួយចេះប្រើភាសារថ្លៃថ្នូរជាងនេះ»។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋមានការត្អូញត្អែរយ៉ាងខ្លាំងពីតម្លៃដំណាំកសិផលរបស់ពួកគេ ដែលត្រូវបានឈ្មួញទិញក្នុងតម្លៃទាប ហើយមិនអាចរកតម្លៃទីផ្សាលក់ចំណេញបាន។ ក្រោយពីប្រជាកសិករមានការត្អូញត្អែរចំពោះបញ្ហាកសិផលធ្លាក់ថ្លៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញវិធានការទប់ស្កាត់លើបញ្ហាកសិផលធ្លាក់ថ្លៃនេះដែរ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់មន្ត្រីក្រោមឱវាទឲ្យធ្វើអន្តរាគមន៍ជួយកសិករ ពីការបន្ទាបថ្លៃកសិផលពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម។ប៉ុន្តែវិធានការនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា នឹងមិនសូវផ្ដល់ប្រសិទ្ធភាពឡើយ ក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
កសិផល
© រក្សាសិទ្ធិដោយ thmeythmey.com