ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​បក្សប្រឆាំង ប្រកាស​រៀបចំ​មហា​បាតុកម្ម​ឲ្យ​ខាង​តែ​បាន ក្រោយពី​រដ្ឋាភិបាល​ព្រមាន​បង្ក្រាប​
16, Sep 2016 , 11:04 am        
រូបភាព
 ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​នោះ បានប្រកាស​ជំហ​ថា គណបក្ស​លោក​នឹង​រៀបចំ​មហា​បាតុកម្មអហិង្សា​ឲ្យ​ខាងតែ​បាន​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​។ ការប្រកាស​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី បែបនេះ​ស្រប​ពេលដែល​រដ្ឋាភិបាល​ព្រមាន​បង្ក្រាប​ដោយ​គ្មាន​ការលើកលែង​។


​ថ្លែង​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង ឯកឧត្តម សម រង្ស៊ី បាន​អះអាងថា គណបក្ស​លោក​នៅតែ​ប្រើប្រាស់​នយោបាយ​អហិង្សា​ដោយ​រង់ចាំ​ការដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ដដែល ។ ប៉ុន្តែ​បើ​មិនមាន​ដំណោះស្រាយ​ទេនោះ គណបក្ស​លោក​ក៏​មិនអាច​នៅ​ស្ងៀម​ដែរ ពោល​មានន័យថា បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នឹង​ផ្ទុះឡើង​។ «​តែបើ​យើង​ហ៊ាន​ងើប​ទាំងអស់គ្នា ងើប​គ្រប់​ខេត្ត បាតុកម្ម​គ្រប់​សាលាឃុំ បាតុកម្ម​គ្រប់​សាលាស្រុក បាតុកម្ម​គ្រប់​សាលាខេត្ត បាតុកម្ម​រាជធានី​ភ្នំពេញ​ទន្ទឹមគ្នា តើ​ពួកនេះ​មាន​កម្លាំង​មកពីណា​ទៅ​បង្ក្រាប​ប្រជា​ពល​រាស្ត្រ បើ​ប្រជារាស្ត្រ​ងើប​ទូទាំងប្រទេស​ដោយ​សន្តិវិធី​។ យើង​ត្រូវតែ​រៀបចំ​គម្រោង​នេះ​ឲ្យ​ទាល់តែ​បាន ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។ នេះ​ជាការ​ប្រកាស​តាមរយៈ​វីដេអូ​ឃ្លី​ប​ជាង​៤​នាទី​នៅ​ទីក្រុង​ប៉ារីស ដែល​ឯកឧត្តម សម រង្ស៊ី លើកឡើងថា បាតុកម្ម​នឹង​កើតមានឡើង ព្រោះ​លោក​បាន​ស្ទង់​មតិ​ពី​ក្រុមយុវជន​ជាច្រើន​នាក់​កន្លងមក ដែល​ហ៊ាន​ចូលរួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​ប្រធាន​បក្សប្រឆាំង​រូបនេះ មិនបាន​បញ្ជាក់​ពី​ពេលវេលា​ឲ្យ​បានច្បាស់លាស់​ឡើយ​។​
 
​ជុំវិញ​ការប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​ព្រមាន​កាលពី​ថ្ងៃទី​១២ កញ្ញា​ថា លោក​នឹងមិន​អត់ឱន​ឡើយ រាល់​បាតុកម្ម​ខុសច្បាប់​ដែល​ប្រឆាំង​រដ្ឋាភិបាល​។  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ដល់​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀមខ្លួន​កំចាត់​ចោល​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ដើម្បី​ការពារ​នូវ​ភាពសុខសាន្ត​របស់​ប្រជាជន​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​បញ្ជា​ដល់​គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀមខ្លួន​កំចាត់​ចោល​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ដើម្បី​ការពារ​នូវ​ភាពសុខសាន្ត​របស់​ប្រជាជន​។ ដោយ​តម្លៃ​ណាក៏ដោយ គឺ​ត្រូវការពារ​ស្ថេរភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឱ្យ​ខាន​តែ​បាន ព្រោះ​វា​ជា​តម្រូវការ​របស់​ជាតិ​និង​ប្រជាជន​»​។ 
 
​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កើតឡើង​តែ​ប្រមាណ​២​ម៉ោង​ប៉ុណ្ណោះ ក្រោយ​គណបក្សប្រឆាំង​ចេញ​សេចក្តីប្រកាស​សម្រេច​រៀប​ចំ​ផែនការ​ធ្វើ​មហា​បាតុកម្មអហិង្សា មុននឹង​សម្តេច​បាន​វាយបក​ថា​៖ «​មិនមាន​ដំណោះស្រាយ​នយោបាយ​ណា​ដែល​អាច​រកឃើញ​តាមរយៈ​បក្សនយោបាយ​នោះឡើយ ព្រោះ​វា​ជា​សមត្ថកិច្ច​របស់​តុលាការ​។ បុគ្គល​ដែល​ធ្វើ​ខុស កុំ​យក​ប្រទេសជាតិ​ធ្វើជា​ចំណាប់ខ្មាំង កុំ​យក​បក្សនយោបាយ ធ្វើជា​ជម្រក​បិទបាំង​នូវ​កំហុស​របស់ខ្លួន​»​។​
 
​ក្រោយ​សម្ដេច ហ៊ុន សែន ប្រកាស​បង្ក្រាប​នោះ គេ​សង្កេតឃើញ​មាន​រថយន្ត​ដឹក​កងទ័ព​ជាច្រើន​បាន​បើក​ចល័ត​ពីមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងយប់​។ ចំណែក​មេបញ្ជាការ​កង​អង្គរក្ស និង​មេបញ្ជាការ​កងទ័ព​គ្រប់លំដាប់​ថ្នាក់ បានចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ ដោយ​បញ្ជាក់​ពី​គោលជំហ​គោរព​និង​អនុវត្តតាម​ការបញ្ជារ​បស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​
 
​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​នេះ ជាការ​បំភិត​ប​ភំ​ភ័យ​ដល់​មេដឹកនាំ តំណាងរាស្ត្រ​គណបក្ស  និង​ប្រជាពលរដ្ឋ ដែល​អាច​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​។ តែ​យ៉ាងណា​សម្រាប់​អ្នកវិភាគ​ឯណោះ​វិញ យល់ថា គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងពីរ កំពុង​យក​កម្ពុជា​ធ្វើជា​ល្បែង ដើម្បី​កេងចំណេញ​រៀងៗ​ខ្លួន ដែល​វា​គ្មានអ្វី​ចំណេញ​ដល់​ប្រទេសជាតិ​ឡើយ​៕
 

Tag:
 សម រង្ស៊ី​
  ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com