កីឡាជាតិ
ជាតិ
ពានរង្វាន់​លី​ក​លំដាប់​ទី​២​កម្ពុជា​នឹងមាន​តែ​៩​ក្រុម ដោយសារ​ស្ទឹងត្រែង​ដកខ្លួន​ចេញ​
17, Sep 2016 , 7:39 am        
រូបភាព
ដោយ:
​ក្រោយ​ការប្រកួត​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៦ បានបញ្ចប់​កាលពី​ថ្ងៃទី​១០ កញ្ញា សប្តាហ៍​មុន​។ ការប្រកួត​ដណ្តើមពាន​រង្វាន់​លី​ក​លំដាប់​ទី​២​កម្ពុជា បាន​លេចចេញ​ជា​រូបរាង​សារជាថ្មី​ដោយមាន​ការដកខ្លួន​ចេញ និង​ថែម​ចូល​ក្រុម​មួយចំនួន ខណៈ​ឆ្នាំនេះ​មាន​ក្រុម​ចំនួន​៩​ចូលរួម​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ កញ្ញា ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៦​។​



​ក្រោយពី​បាន​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ពានរង្វាន់​លី​ក​ដំ​ដាប់​ទី​២​កម្ពុជា​បាន​លេចចេញ​ជា​រូបរាង​សារជាថ្មី​ជាមួយនឹង​ការកែប្រែ​ទម្រង់​នៃ​ការប្រកួត និង​រយៈពេល ដោយ​ឆ្នាំនេះ​ការប្រកួត​មាន​រយៈពេល​រហូតដល់​៣​ខែ ខណៈ​ឆ្នាំមុន​ត្រឹមតែ​១​ខែ ឬ​តិចជាង​នេះ​។

​បើ​យោងតាម លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការចាប់ផ្តើម​រូបរាង​ជាថ្មី​នៃ​ពានរង្វាន់​លី​ក​លំដាប់​ទី​២​កម្ពុជា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​គ្រោង​ឲ្យ​មាន​ក្រុម​ចំនួន​១០​ចូលរួម​។ ប៉ុន្តែ​ឆ្នាំនេះ​មានតែ​៩​ក្រុម​ចូលរួម​ប៉ុណ្ណោះ ដោយសារ​ខេត្តស្ទឹងត្រែង​ដែល​តំណាង​ឲ្យ​ពូ​ល F នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦ បាន​ដកខ្លួន​ចេញ​។​

​លោក​បាន​បន្ថែមទៀតថា ក្រុម​ទាំង​៩​ដែល​ប្រជែង​ក្នុង​ពានរង្វាន់​លី​ក​លំដាប់​ទី​២​កម្ពុជា​នេះ ក្នុងនោះ​៥​ក្រុម​មកពី​តំណាង​តាម​ពូ​ល​នីមួយៗ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ និង​៤​ក្រុម​ផ្សេងទៀត​ជា​ក្រុម​ដែល​សហព័ន្ធ​បានដាក់​បញ្ចូល ដើម្បី​បង្គ្រប់​ឲ្យ​គ្រប់​១០​ក្រុម​។ តែ​ស្ទឹងត្រែង​បាន​ដកខ្លួន​ចេញ ទើប​ឆ្នាំនេះ​មាន​៩​ក្រុម​ចូលរួម​។ 

​ក្រុម​តំណាង​តាម​ពូ​ល​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ទាំងនោះ​រួមមាន ខេត្តកំពង់ស្ពឺ​(A), ខេត្តស្វាយរៀង​(B), សៀមរាប​អង្គរ​អែ​ហ្វ​ស៊ី​(C), ខេត្តកំពង់ឆ្នាំង​(D) និង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​(E)​។ ចំណែក​ក្រុម​ដែល​បន្ថែម​បង្គ្រប់​រួមមាន សាលា​បាល់ទាត់​ជាតិ​បាទី​, មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី​, គិរីវង់​សុខ​សែន​ជ័យ​, អគ្គីសនី​កម្ពុជា និង​មជ្ឍមណ្ឌល​ហ្វឹក​ហ្វឹ​ន​កីឡា​ខេមរភូមិន្ទ​។​

​លោក ម៉ៃ តុលា បាន​បញ្ជាក់ថា ក្រុម​ទាំង​៤​ដែល​សហព័ន្ធ​បានដាក់​បញ្ចូល​ឲ្យ​ចូលរួម​ប្រកួត​នេះ​មិនបាន​ឆ្លងកាត់​ការប្រកួត​វគ្គ​ជម្រុះ​នោះទេ ដោយសារ​ក្រុម​ដែល​ចុះឈ្មោះ​ចូលរួម​ប្រកួត​មាន​ចំនួន​តិចតួច​ពេក អាស្រ័យហេតុនេះ​ទើប​សហព័ន្ធ​សម្រេច​ឲ្យ​ចុះឈ្មោះ​ចូលរួម​តែម្តង​។

​ក្រុម​ទាំងនេះ​នឹងធ្វើ​ការប្រកួតប្រជែង​គ្នា​ចាប់ពី​ថ្ងៃទី​២៥ ខែកញ្ញា ខាងមុខនេះ រហូតដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៦​។ ការប្រកួត​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ទីលាន​ចំនួន​៩​នៅតាម​បណ្តា​ខេត្ត​ចំនួន​៨ និង​រាជធានី​ភ្នំពេញ​៕


Tag:
 បាល់ទាត់​
  Cambodian League 2 2016
© រក្សាសិទ្ធិដោយ thmeythmey.com