កីឡាជាតិ
ជាតិ
តើ ពេជ្រ សីហា និង​ឡុង សុវណ្ណ​ឌឿ​ន នរណា​ជា​ម្ចាស់​ខ្សែក្រវ៉ាត់​និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ល្ងាច​នេះ​?
18, Sep 2016 , 9:39 am        
រូបភាព
រូបភាពពី៖ ហ្វេសប៊ុកបេះដូងអ្នកប្រដាល់
រូបភាពពី៖ ហ្វេសប៊ុកបេះដូងអ្នកប្រដាល់
ដោយ:
​ក្រោយពី​ធ្វើការ​ប្រកួត​ជម្រុះ​អស់​រយៈពេល​ជិត​៣​កន្លងមកនេះ​ការប្រកួត​ដណ្តើម​ជើងឯក​ប្រចាំ​កម្ម​វី​ធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​របស់​ស្ថានីយទូរទស្សន៍ PNN បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា នេះ វា​ជាការ​ប្រកួត​រវាង​កីឡាករ ពេជ្រ សីហា និង​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។ តើ ពេជ្រ សីហា និង​ឡុង សុវណ្ណ​ឌឿ​ន នរណា​ជា​ម្ចាស់​ខ្សែក្រវ៉ាត់ និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ​?



​កីឡាករ ពេជ្រ សីហា ក្រោយពី​ផ្តួល​កីឡាករ សរ រាជសីហ៍ ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​១​កាលពី​ថ្ងៃទី​៤ កញ្ញា កន្លងទៅ​ថ្មីៗ​នេះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នកលេង​គុន​ខ្មែរ​មកពី​ក្លិប​សាល​វ័​ន្ត​កីឡា ឡុង សុវណ្ណ​ឌឿ​ន ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ខ្សែក្រវ៉ាត់ និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ប្រចាំ​ព្រឹត្តិការណ៍​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​របស់​ស្ថានីយទូរទស្សន៍ ភី អិន អិន​(PNN)​។

​ការប្រកួត​ដែល​ចាប់ផ្តើម​នា​វេ​ល​ម៉ោង​៤​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ល្ងាច​នេះ អ្នកលេង​គុន​ខ្មែរ​ទាំងពីរ​រូបនេះ​នឹង​ប្រកួតប្រជែង​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ ជំនួប​នេះ​នឹង​ក្លាយ​ការប្រកួត​មួយ​ដ៏​ជក់ចិត្ត​របស់​ទស្សនិកជន​ដែល​និយម និង​គាំទ្រ​វិស័យ​កីឡាប្រដាល់​កម្ពុជា ព្រោះ​កីឡាករ​ទាំងពីរ​សុទ្ធសឹង​ជា​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​បច្ចេកទេស​។

​ម្យ៉ាងទៀត​ពួកគេ​ទាំងពីរ​សុទ្ធសឹង​ជា​កីឡាករ ដែល​មិន​ធ្លាប់​ទទួលបាន​ខ្សែក្រវ៉ាត់​ពី​ព្រឹត្តិការណ៍​នេះ ជាពិសេស​មុន​ការប្រកួត​មកដល់ រូបគេ​ទាំងពីរ​សុទ្ធតែ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ដណ្តើមយក​ជើងឯក​រៀងៗ​ខ្លួន​។ អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់​ស្ថានីយ​មួយ​នេះ​សង្ឃឹមថា កីឡាករ​ទាំងពីរ​នឹង​អង្រួន​សង្វៀន PNN ដើម្បី​បង្កើន​ការគាំទ្រ​កាន់តែខ្លាំង​ពី​សំណាក់​ទស្សនិកជន​។ 

​យ៉ាងណាមិញ កីឡាករ ពេជ្រ សីហា អ្នកលេង​គុន​ខ្មែរ​ប្រចាំ​សមាគម​កីឡា​ក្រសួងការពារជាតិ មុន​ថ្ងៃ​បើក​រដូវ​កាល​ថ្មី​បាន​ប្តេជ្ញា ខ្លួន​នឹង​ដណ្តើមយក​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​ទាល់តែ​បាន​។ លើសពីនេះ រូបគេ​បាន​សន្យាថា នឹងមិន​ធ្វេស​ប្រហែល​ដូច​ជំនួប​ជាមួយ​កីឡាករ រឿង សោ​ភ័​ណ្ឌ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ជើ​ងក​គោ​ជល់​រដូវ​កាល​ទី​៤​របស់​ស្ថានីយទូរទស្សន៍ CNC ឡើយ​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​ប្រវត្តិ​នៃ​ការជួបគ្នា កីឡាករ ពេជ្រ សីហា ធ្លាប់​ជួប​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន ពីរដង​រួចមកហើយ ដោយ​លទ្ធផល​ចាញ់​មួយដង និង​ឈ្នះ​មួយដង​ដូចគ្នា​។ ប៉ុន្តែ​សម្រាប់​ការ​ចាញ់​របស់​កីឡាករ ពេជ្រ សីហា គឺ​ដោយសារ​វាយ​ខុស​លក្ខខណ្ឌ​តិកៈ​នៃ​ប្រកួត​ប៉ុណ្ណោះ​។ តើ​ជំនួប​នា​ល្ងាច​នេះ ពេជ្រ សីហា អាច​ផ្តួល ឡុង សុវណ្ណ​ឌឿ​ន ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​បាន​ឬ​យ៉ាងណា​? 


Tag:
 ​ប្រដាល់​
  ពេជ្រ សីហា​
  ឡុង សុវណ្ណ​ឌឿ​ន​
  PNN
© រក្សាសិទ្ធិដោយ thmeythmey.com