ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បណ្តាញ​សង្គម ធ្វើ​ឲ្យ​យុវជន​ចូល​គេង​យប់​ជ្រៅ
18, Sep 2016 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម បានធ្វើ​ឲ្យ​យុវជន​ខ្មែរ​បច្ចុប្បន្ន ចូល​ដំណេក​យប់​ជ្រៅ​។ បើតាម​យុវជន ដែល​សារព័ត៌មាន​ថ្មីៗ បាន​សាកសួរ ពួកគេ​បាន​ចំណាយពេល​ជាច្រើន​ម៉ោង ពិសេស​នៅពេល​យប់​តែម្តង ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ឬ​បណ្តាញ​សង្គម​ផ្សេងទៀត ដើម្បី​កម្សាន្ត​អារម្មណ៍ តាមដាន​ព័ត៌មាន និង​ទំនាក់​ទំនាក់​ជាមួយ​មិត្តភក្តិ​។ ក្រៅពី​បណ្តាញ​សង្គម ពួកគេ​ក៏​ចំណាយពេល​ដើម្បី​មើល​មេរៀន​ដែរ​។  អ្នកជំនាញ​បាន​បញ្ជាក់ថា ការ​គេង​មិន​គ្រប់គ្រាន់ អាច​បង្ក​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។

 


​ខុសពី​ប្លែក​ពី​សម័យ​មិនទាន់​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​បណ្តាញ​សង្គម កាលនោះ​យុវជន បាន​ចូល​ដំណេក​តាំងពី​ក្បាល​ព្រលប់ ប៉ុន្តែ​បច្ចុប្បន្ននេះ យុវជន​ជាច្រើន បាន​អះអាង​ដូចៗ​គ្នា​ថា ពួកគេ​ខ្លះ​ចូល​គេង​ម៉ោង​១០​យប់ និង​ខ្លះទៀត រហូតដល់​ម៉ោង​១២​យប់​។ តើ​ហេតុអ្វី បានជា​ពួកគេ​ចូល​គេង​យប់​ជ្រៅ​?        
 
​កញ្ញា ឡូត ភក្តី និស្សិត​ឆ្នាំ​ទី​១ នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជា​ញឹកញាប់ កញ្ញា ចូល​គេង​នៅ​ម៉ោង​១០​យប់ តែ​ជួល​កាល​ក៏​ជ្រុល​ដល់​ម៉ោង​១២ ឬ​ម៉ោង​២​យប់​ក៏មានដែរ​។ បើតាម កញ្ញា ភក្តី ក្រោយ​ញ៉ាំ​បាយ​ពេល​ល្ងាច នាង​បាន​ចំណាយពេល​២​ម៉ោង សម្រាប់​មើល​ហ្វេ​ស​ប៊ុ​ក ខណៈ​ពេលវេលា​ខ្លះទៀត គឺ​សម្រាប់​អាន​សៀវភៅ និង​និយាយ​ទូរ​សព្ទ​ជាមួយ​មិត្តភក្តិ​។ «​ខ្ញុំ​លេង​ហ្វេ​ស​ប៊ុ​ក​ច្រើន ពីព្រោះ​ខ្ញុំ​ចង់​តាមដាន​ព័ត៌មាន​សង្គម និង​នយោបាយ​នៅ​កម្ពុជា​»​។ នេះ​ជា​បញ្ជាក់​របស់​ភក្តី មុននឹង​បញ្ជាក់​បន្ថែមថា ក្រៅពី​មើល​ព័ត៌មាន នាង​ចំណាយពេល​ជជែក​(Chat) ជាមួយ​មិត្តភក្តិ​ផងដែរ​។ មាន​វ័យ​១៨​ឆ្នាំ កញ្ញា​មាន​សម្បុរ​សណ្តែកបាយ​រូបនេះ បន្តថា ការ​គេង​បាន​តិច​នេះ បានធ្វើ​កញ្ញា​ធ្លាក់ខ្លួន​ឈឺ​ម្តងម្កាល​ទៀតផង​។ 

​ការចូល​គេង​យប់​ជ្រៅ ក៏​ក្លាយទៅជា​ទម្លាប់​របស់ កញ្ញា គុល ចំរើន បុគ្គលិក​ផ្នែក​រដ្ឋបាល នៅ​រោងចក្រ​កាត់ដេរ​មួយ​នៅឯ​ខេត្តកំពង់ឆ្នាំង​។ កញ្ញា ចំរើន បាន​ប្រាប់ថា នាង​ផ្តើម​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​កនៅ​ឆ្នាំ​២០១៣ និង​បាន​ចំណាយ​ប្រមាណ​៣​ម៉ោង ក្នុង​មួយថ្ងៃ ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ ហើយ​ភាគច្រើន​គឺ​នៅ​ពេលមុន​ចូល​ដំណេក​តែម្តង​។ «​ជា​ញឹកញាប់ ខ្ញុំ​គេង​នៅ​ម៉ោង​១០ ប៉ុន្តែ​ពេលខ្លះ​ក៏​នៅ​រហូតដល់​ម៉ោង​១២​អធ្រាត្រ​។ ខ្ញុំ​ចំណាយពេល​សម្រាប់​មើល​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក និង​Chat ជាមួយ​មិត្តភក្តិ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ចំរើន ដោយ​បន្ថែមថា ដោយសារ​ការលេង​ហ្វេ​ស​ប៊ុ​ក នៅពេល​យប់​ដោយ​មិនបាន​បើកភ្លើង និង​អង្គុយ​ធ្វើការ​នៅមុខ​កុំ​ព្យូ​រ​មួយថ្ងៃ​ប្រមាណ​១០​ម៉ោង​ទៀត​នោះ បានធ្វើ​ឲ្យ​នាង មាន​ភ្នែក​ម្ញូ​ម (១៥០​ដឺ​ក្រេ​) មកដល់​បច្ចុប្បន្ន​។ ខុសពី​កាលពី​៥​ឆ្នាំមុន ដែល​ចំរើន​តែងតែ​ចូល​គេង​នៅ​ម៉ោងជាង​៨​យប់នោះ តែ​បច្ចុប្បន្ន នាង​មាន​ទម្លាប់​គេង​យប់​ជ្រៅ និង​ពេលខ្លះ នាង​មាន ជំងឺ​គេង​មិន​លក់​ទៀតផង​។ កញ្ញា​បញ្ជាក់​មូលហេតុ​យ៉ាង​ដូច្នេះ​ថា​៖«​រាល់ថ្ងៃ បើ​អត់​បើក​ហ្វេ​ស​ប៊ុ​ក គឺ​ពិតជា​លំបាក ពីព្រោះ ពេល​លេង​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ខ្ញុំ​មាន​មិត្តភក្តិ​ច្រើន​។ ម្យ៉ាងទៀត ខ្ញុំ​ដេក​មិន​លក់ ព្រោះ​គិត​ច្រើន ដូច្នេះ​បើ​មើល​ហ្វេ​ស​ប៊ុ​ក គ្រាន់​កែ​អផ្សុក​បាន​ខ្លះ​»​។   

​ដោយឡែក  លោក ចាន់ ភា​រុន និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​វិញ ក៏​ចូល​គេង​យប់​ជ្រៅ​ផងដែរ គឺ​ម៉ោង​១១ ឬ​១២​យប់ ស្ទើរ​រៀងរាល់ថ្ងៃ​។ ខុសពី​អ្នក​ខាងលើ​ដែល​ចំណាយពេល​មើលសៀវភៅ និង​លេង​ហ្វេ​ស​ប៊ុ​ក ភា​រុន​ចូល​គេង​យប់ ក៏​ព្រោះតែ​ការងារ​ជា​អ្នករត់​តុ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ភ្នំពេញ​។ ចេញ​ម៉ោង​១១​យប់ ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឲ្យ​យុវជន​វ័យ​២០​ឆ្នាំ​រូបនេះ ត្រូវ​ចូល​គេង​យប់​ជ្រៅ ដែល​ធ្វើ​ឲ្យ​លោក​ឈឺក្បាល និង​អស់កម្លាំង​ម្តងម្កាល​ដែរ​។ យ៉ាងណាក៏ដោយ បន្ទាប់ពី​មកដល់​ផ្ទះ ភា​រុន​ក៏​ឆ្លៀត​មើល​ហ្វេ​ស​ប៊ុ​ក​កន្លះ​ម៉ោង មុននឹង​រូបគេ​ចូល​គេង​។ អ្នក​ខេត្តកណ្តាល​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ឥឡូវ​ទម្លាប់​ហើយ ពេល​ថ្ងៃ​ឈប់សម្រាក ក៏​នៅ​លេង​ហ្វេ​ស​ប៊ុ​ក​រហូតដល់​ម៉ោង​១២​យប់​ដែរ ទើប​ចូលដេក​»​។ 

​ដូចគ្នា​ដែរ កញ្ញា ឈឺ​ន រតនា ក៏​ពើបប្រទះ​នឹង​បញ្ហា​នេះដែរ​។ បើតាម​រតនា ជា​រៀងរាល់ថ្ងៃ កញ្ញា ចូល​គេង​នៅ​ម៉ោង​១០​ទៅ​ម៉ោង​១១​យប់​។ «​ខ្ញុំ​លេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ តែ​ពេលវេលា​ភាគច្រើន គឺ​ខ្ញុំ​រៀន​ត្រៀមប្រឡង​គ្រូ​ឧ​ត្ត​មសិ​ក្សា​»​។ នេះ​ជាការ​បញ្ជាក់​របស់​រត​នា ដោយ​បន្ថែមទៀតថា ក្រៅពី​លេង​ហ្វេ​ស​ប៊ុ​ក និង​អាន​សៀវភៅ កញ្ញា​ក៏​ចំណាយពេល​មើល​ព័ត៌មាន​ផងដែរ​។ ទម្លាប់​គេង​យប់​ជ្រៅ​នេះ ថ្ងៃ​ខ្លះ បានធ្វើ​ឲ្យ​និស្សិត​វ័យ​២២​ឆ្នាំ​រូបនេះ មាន​ត្របកភ្នែក​ខ្មៅ និង​ឈឺក្បាល បន្តិចបន្តួច​ទៀតផង​។
 
​ជុំវិញ​បញ្ហា​នេះ លោក វេជ្ជបណ្ឌិត និ​ន សុខ​រង្សី នាយក​វេជ្ជសាស្ត្រ  Mengly J. Quach Student health Center ប្រចាំ​នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​(AIS) បាន​ថ្លែងថា ការ​គេង​មិន​គ្រប់គ្រាន់ អាច​បង្ក​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។ «​ដំណេក​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​អារម្មណ៍ ភ្លេចភ្លាំង តានតឹង ឡើង​សម្ពាធ​ឈាម និង​បណ្តាល​ឲ្យ​ប៉ះទង្គិច​ដល់​ប្រព័ន្ធ​ប្រសាទ និង​ប្រដាប់​រម្លាយ​អាហារ​»​។ នេះ​ការបញ្ជាក់​របស់ លោក និ​ន សុខ​រង្សី​។ វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ​រូបនេះ បាន​បន្ថែមទៀតថា ការ​គេង​គ្រប់គ្រាន់​(៨​ម៉ោង​) និង​ការ​ញ៉ាំ​ចំណី​ឲ្យ​បាន​ត្រឹមត្រូវ គឺជា​កត្តា​សំខាន់ ដែល​យុវជន​គួរស្វែងយល់ ដើម្បី​ថែរក្សា​សុខភាព​របស់ខ្លួន​។ លោក​បន្តថា យុវជន គួរ​គេង​ឲ្យ​បាន​ទៀត​ទាត់ ពីព្រោះ​ការ​គេង​យប់​ជ្រៅ​ពេក នឹងធ្វើ​ឲ្យ​សុខភាព​មាន​ភាពខុសប្រក្រតី​។ ទន្ទឹមគ្នានេះ លោក​ផ្តល់​អនុសាសន៍​ថា យុវជន​គួរ​ញ៉ាំ​ម្ហូបអាហារ​ណា ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ដំណេក ដូចជា បន្លែ​សាឡា​ត់ ផ្លែឈើ​ចម្រុះ ព្រមទាំង​ផឹកទឹក​ក្តៅ​ឧណ្ហៗ ដោយ​ចៀសវាង​ផឹក​កាហ្វេ តែ​ចត់​ពេក ទឹកក្រូច​មាន​ជាតិ​ហ្កា​ស់ និង​ស្រា ព្រមទាំង​តប​ចំណី​ដែលមាន​ជាតិ​ជូរ​ពេក ឬ​ប្រៃ​ពេក ព្រោះ​វា​ជា​ចំណី​រំខាន​ដល់​ដំណេក​។  

​ការរីកចម្រើន​ប្រព័ន្ធ​បច្ចេកវិទ្យា បណ្តាញ​សង្គម និង​ការ​អ​ភ​វិ​ឌ្ឍ​ប្រទេស បាន​ក្លាយជា​មូលហេតុ ដែល​អ្នកជំនាញ​អះអាងថា ធ្វើ​ឲ្យ​មនុស្ស​ចូល​គេង​យប់​ជ្រៅ និង​ចំណាយ​ពេលវេលា​ច្រើន​ជាមួយ​បណ្តាល​សង្គម ដែលជា​ឧបករណ៍​កម្សាន្ត ទទួល​ព័ត៌មាន និង​ភ្ជាប់​មិត្តភក្តិ​នៅ​ទូទាំង​ពិភពលោក​៕                   


Tag:
 ហ្វេ​ស​ប៊ុ​ក​
  ​យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com