អន្តរជាតិ
លោក Duterte នឹងដំឡើងឋានៈឲ្យទាហានដែលសម្លាប់ឧក្រិដ្ឋជន ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបថត Rappler)
× បុរសខ្លាំងហ្វីលីពីន លោក Rodrigo Duterte បានប្រកាសផ្ដល់ការលើកទឹកចិត្តដល់ទាហានដែលសម្លាប់ឧក្រិដ្ឋជន ដោយពួកគេនឹងទទួលបានការការពារ និងការដំឡើងឋានៈ។ កាលមុន លោក Duterte ក៏ធ្លាប់ធានាលើកលែងទោសដល់ប៉ូលិស និងទាហានដែលសម្លាប់ឧក្រិដ្ឋជនក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនផងដែរ។
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានរម្លឹកក្រុមទាហានពីជំហររបស់លោកក្នុងការការពារពួកគេពីការកាត់ទោសដោយប្រព្រឹត្តខុសក្នុងពេលបំពេញការងារ។ ពោលគឺ លោកមិនខ្វល់ពីចំនួនឧក្រិដ្ឋជនដែលត្រូវប៉ូលិសនិងទាហានសម្លាប់ទេ តែលោកនឹងលើកលែងទោសឲ្យពួកគេ និង ដំឡើងតួនាទីទៀតផង។
ថ្លែងទៅកាន់កងពលថ្មើរជើងទី១០ នៅថ្ងៃទី២០ ខែកញ្ញា ប្រធានាធិបតីហ្វីលីពីនបញ្ជាក់ថា ដរាបណា លោកមានអំណាចដើម្បីលើកលែងទោសនោះ លោកនឹងប្រើសិទ្ធិរបស់លោក បើទោះជាទាហានទាំងអស់សម្លាប់ឧក្រិដ្ឋជនច្រើនប៉ុណ្ណាក៏ដោយ។ ហើយប្រសិនបើពួកគេត្រូវកាត់ទោសហើយនោះ លោកនឹងផ្ដល់សិទ្ធិសេរីភាពឲ្យពួកគេវិញ រួមទាំងការដំឡើងឋានៈដែរ។
ប្រធានាធិបតីហ្វីលីពីន Duterte ដែលត្រូវគេហៅថា «អ្នកដាក់ទណ្ឌកម្ម» និយាយទៀតថា បើលោកនៅតែជាប្រធានាធិបតី គ្មាននរណាម្នាក់ សូម្បីប៉ូលិស ឬទាហាន ត្រូវគេចាប់ដាក់គុក ដោយសារតែការបំពេញតួនាទីឡើយ។ ក្រៅពីបង្ហាញជំហរការពារក្រុមទាហាន លោក Duterte ក៏ចេញបញ្ជាឲ្យកងទ័ពបាញ់សម្លាប់ឧក្រិដ្ឋជន បើទោះជាឧក្រិដ្ឋជនទាំងនោះ មានឬគ្មានកាំភ្លើងក្នុងដៃក៏ដោយ។
ការដាក់បញ្ជាឲ្យបាញ់ឧក្រិដ្ឋជនខាងលើនេះ គឺខុសពីបញ្ជាលើកមុនដែលលោក Duterte ប្រាប់កងកម្លាំងប្រដាប់អាវុធឲ្យបាញ់ជនសង្ស័យតែពេលដែលពួកគេ (ទាហានហ្វីលីពីន) មានគ្រោះថ្នាក់ប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Rappler លោក Duterte បញ្ជាក់ថា៖ «បើឧក្រិដ្ឋជនកាន់កាំភ្លើង បាញ់ពួកគេទៅ! ហើយបើពួកគេអត់មានកាំភ្លើង ក៏អាចបាញ់បានពួកគេដែរ។ កុំភ័យខ្ញុំនៅការពារអ្នក»។
ទន្ទឹមនឹងនោះ ប្រធានាធិបតី Duterte ក៏ក្រើនរម្លឹកក្រុមទាហានទាំងអស់ថា លោកមិនបានដាក់បញ្ជាឲ្យពួកគេធ្វើអំពើខុសច្បាប់ឡើយ។ លោក Duterte និយាយច្បាស់ៗថា លោកប្រកាសសង្គ្រាមប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅក្នុងប្រទេសប៉ុណ្ណោះ មិនមែនអ្វីផ្សេងឡើយ។ ហើយសង្គ្រាម គឺជាសង្គ្រាម។ ការរម្លឹកនេះ ទំនងជាលោកចង់ប្រាប់កងកម្លាំងទាំងអស់ថា លោកមិនអាចជួយពួកគេបានឡើយ ប្រសិនបើពួកគេធ្វើខុសតួនាទីនោះ៕
Tag:
ហ្វីលីពីន
Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com