ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក ទៀ បាញ់ ស្វាគមន៍ បើ​គណៈកម្មការ​រដ្ឋសភា​កោះហៅ​ទៅ​បំភ្លឺ
22, Sep 2016 , 10:29 pm        
រូបភាព
លោក ទៀ បាញ់ នៅខាង​ស្តាំ រដ្ឋមន្រ្តីការពារជាតិឡាវនៅខាងឆ្វេង
លោក ទៀ បាញ់ នៅខាង​ស្តាំ រដ្ឋមន្រ្តីការពារជាតិឡាវនៅខាងឆ្វេង
ដោយ:
 ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បានបង្ហាញ​ការរីករាយ​ប្រសិនបើ​គណៈកម្មការ​នៃ​រដ្ឋសភា​កោះហៅ​រូបលោក​ឲ្យ​ចូលទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​យោធា​កន្លងមក​។​



​លោក ទៀ បាញ់ មិន​ខ្លាចរអា​នោះទេ បើសិនជា​គណៈកម្មការ​នៃ​រដ្ឋសភា​កោះហៅ​រូបលោក​ទៅ​បំភ្លឺ​ទាក់ទង​នឹង​បញ្ហា​យោធា​នោះ តែ​ផ្ទុយទៅវិញ​លោក​មានតែ​ស្វាគមន៍​ថែម​ទៀតផង​។ ក្រោយពី​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឡាវ លោក​ចាន់​សាម៉ន ចាន់​ញ៉ា​ឡា​ត នៅ​ទីស្តីការក្រសួង​ការពារជាតិ នៅ​រសៀល​ថ្ងៃទី ២២ ខែកញ្ញា លោក ទៀ បាញ់ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​បែបនេះ​ថា​៖« បើ​មានការ​កោះហៅ ខ្ញុំ​រីករាយ​បំផុត ដែល​ខ្ញុំ​មានឱកាស​ជម្រាប​ដល់​អ្ន​ក​ផង​ទាំងឡាយ​ឲ្យ​បានដឹងថា តើ​កិច្ចការងារ​នោះ​យ៉ាងណា​ពាក់ព័ន្ធ​យោធា​?​ខ្ញុំ​រីករាយ​ណាស់​»​។​
 
​ការឆ្លើយតប​របស់លោក ទៀ បាញ់ បែបនេះ ធ្វើឡើង បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បានប្រកាស​ពី​បំណង​ចូលធ្វើការ​នៅ​រដ្ឋសភា​វិញ ហើយ​រូបលោក​កំពុងតែ​រៀបចំ​ឯកសារ​ដើម្បី​កោះហៅ​រដ្ឋមន្ត្រី​មួយចំនួន​មក​បំភ្លឺ​នៅ​រដ្ឋសភា​។ លោក សុន ឆ័យ បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅពេលដែល​លោក​ទៅសួរសុខទុក្ខ​មន្ត្រី និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស​ថា ក្នុងចំណោម​រដ្ឋមន្ត្រី​ដែល​លោក​គ្រោង​កោះហៅ ក៏មាន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផងដែរ​។ បញ្ហា​ដែល​លោក សុន ឆ័យ ចង់​សួរ​លោក ទៀ បាញ់ នោះ គឺពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​យោធា​ដែល​ចេញ​សេចក្តីថ្លែងការណ៍ ឬ​បង្ហាញ​និន្នាការ​គាំទ្រ​គណបក្សកាន់អំណាច​។​
 
​និយាយ​ដល់​ចំណុច​យោធា​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់អំណាច​នេះ​លោក ទៀ បាញ់ បាន​ឆ្លើយ​យ៉ាងខ្លី​ប្រាប់​អ្នកកាសែត​ដូច្នេះ​ថា​៖«​រឿង​គេ​ថា គេ​ថា​ម៉េច​ក៏បាន​ដែរ​។ ព្រោះថា រឿង​ស ក៏​គេ​ថា ខ្មៅ​កើត​ដែរ​។ រឿងមិនមាន គេ​ថា​មានកើតដែរ តែ​រឿង​ជាក់ស្តែង គឺ​ជាក់ស្តែង​ផ្សេង​»​។​
 

Tag:
 ទៀ បាញ់
  សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com