អន្តរជាតិ
ប្រតិកម្ម​នឹង​ការព្រមាន​សេដ្ឋកិច្ច លោក Duterte តប​វិញ​ថា «​ខ្ញុំ​មិន​ខ្វល់ ! ខ្ញុំ​អាច​ទៅ​ចិន​ក៏បាន ឬ​រុស្ស៊ី​ក៏បាន​»
23, Sep 2016 , 4:54 pm        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ប្រាប់​ឲ្យ​អ្នកវិនិយោគ​បរទេស​ឲ្យ​ចាក​ចេញពី​ហ្វីលីពីន​ចុះ ប្រសិន​ពួកគេ មិន​ចូលចិត្ត​គោលនយោបាយ​របស់លោក ជាពិសេស​នោះ គោលនយោបាយ​បោសសម្អាត​បទល្មើស និង​គ្រឿងញៀន​ដែល​កំពុងតែ​រង​ការរិះគន់​ខ្លាំង​ពី​អង្គការសហប្រជាជាតិ និង​ស្ថាប័ន​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​ផ្សេងទៀត​។



«​ចេញពី​ប្រទេស​របស់​យើង​ទៅ​។ បន្ទាប់មក យើង​អាច​ចាប់ផ្តើម​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​ម្តង​។ ខ្ញុំ អាច​ទៅ​ចិន​។ ខ្ញុំ អាច​ទៅ​រុស្ស៊ី​។ ខ្ញុំ​នឹង​ជជែក​ជាមួយនឹង​ពួកគេ​។ ពួកគេ កំពុងតែ​រង់ចាំ​ខ្ញុំ ...?» នេះ គឺ​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី ឌើ​ទើ​តេ នៅ​ថ្ងៃទី​២២ ខែកញ្ញា​ម្សិលមិញ ប្រតិកម្ម​ទៅនឹង​ការព្រមាន​ស្ថានភាព​សេដ្ឋកិច្ច​របស់​ហ្វីលីពីន​ពី​ភ្នាក់ងារ​មួយ ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន inquirer.net

​លោក​ប្រធានាធិបតី​រូបនោះ ក៏បាន​អះអាងថា កុំ​បន្ទោស​មាត់​របស់លោក ព្រោះ មាត់​របស់លោក មិនមែនជា​បញ្ហា​នោះទេ​។

​ប្រតិកម្ម​ខ្លាំងៗ​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​បែបនេះ បន្ទាប់ពី ភ្នាក់ងារ​វាយតម្លៃ «Standard and Poor’s» បាន អះអាង ថា អ្នកវិនិយោគ​មួយចំនួន កំពុងតែ​ព្រួយបារម្ភ​ពី​គោលនយោបាយ​របស់​ប្រធានាធិបតី​ហ្វីលីពីន ប្រឆាំង​ទៅ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​ដែល​គេ​ហៅ​ក្រៅ​ថា​ជា​«​អ្នក​ដាក់ទណ្ឌកម្ម​»​ខឹង​ខ្លាំង​នោះ​គឺ ភា្ន​ក់​ងារ​នោះ ក៏បាន​លើកឡើង​ពី​បញ្ហា​ដែល​ប៉ះពាល់​តាមរយៈ​ប្រតិបត្តិកា​របស់លោក​នោះឯង​។ 

​សូមបញ្ជាក់​ផងដែរ​ថា លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​កន្លងទៅ​។ គិត​ចាប់ពី​ការឡើង​កាន់អំណាច មក​មាន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ប្រមាណ​ជិត​៣០០០​នាក់​ហើយ ត្រូវបាន​សម្លាប់​ក្រោម​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​ដែលជា​គោលនយោបាយ​អាទិភាព​របស់លោក​ប្រធានាធិបតី​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com