ជាតិ
​​​ន​យោ​បាយ​ជាតិ​
​អ្នកវិភាគ​ថា ជាង​២០​ឆ្នាំ​មកនេះ អ្នកនយោបាយ មិនសូវ​គោរព​រដ្ឋធម្មនុញ្ញ​ទេ
24, Sep 2016 , 4:55 pm        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃនេះ ជា​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​លើក​ទី​២៣ ដែល​ព្រះមហាក្សត្រ បាន​ឡាយព្រះហស្តលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​។ ក្រុមអ្នកវិភាគ មើលឃើញថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ អ្នកនយោបាយ មិនសូវ​ដើរ​តាម​គន្លង​នៃ​រដ្ឋ​ធម្មនុញ្ញ ប៉ុន្មាន​ទេ​។ អ្នកនាំពាក្យ​របស់​បក្ស​កាន់អំណាច មិន​ឯកភាព​នឹង​ការលើកឡើង​បែបនេះ​ទេ ហើយ​ថែមទាំង​មាន​សុ​ទិ​ដ្ឋិនិយម​ខ្ពស់​ថា រដ្ឋធម្មនុញ្ញ បាន​ក្លាយជា​ច្បាប់កំពូល​របស់​ប្រទេស​កម្ពុជា ដែល​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ បាន​ចូលរួម​គោរព​ទាំងអស់គ្នា​។

 

​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ក​ម្ពុ​ជា មើលឃើញ​ទិដ្ឋភាព​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន​ក្នុង​ការគោរព​រដ្ឋធម្មនុញ្ញ ពី​សំណាក់​អ្នកនយោបាយ​។ ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ទាំងនោះ អះអាង​ដូចគ្នា​ថា រដ្ឋធម្មនុញ្ញ មិនសូវ​សំខាន់​ក្នុង​កែវភ្នែក​របស់​អ្នកនយោបាយ​ប៉ុន្មាន​ទេ​។ 

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកស្រាវជ្រាវ​នយោបាយ​ការបរទេស និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ លោក ឡុង គឹម​ឃ​ន បាន​ប្រើពាក្យ​ធ្ងន់ៗ​ថា ចំពោះ​អ្នកនយោបាយ រដ្ឋធម្មនុញ្ញ គ្រាន់តែ​ជា​ឯកសារ​ស្លាប់ និង​ឥតប្រយោជន៍ តែប៉ុណ្ណោះ​។ 

បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​អ្នកស្រាវជ្រាវ​នយោបាយ​ការបរទេស​រូបនេះ មើលឃើញ​កន្លងមក គឺ​ការបកស្រាយ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ខុសៗ​គ្នា រវាង​អ្នកនយោបាយ និង​អ្នកនយោបាយ​។ លោក បញ្ជាក់ថា ពេលខ្លះ អ្នកនយោបាយ​ទាំងនោះ បាន​បកស្រាយ​រដ្ឋធម្មនុញ្ញ មិន​ត្រឹមត្រូវ​ទៅតាម​ខ្លឹមសារ​ដើមឡើយ ប៉ុន្តែ​ពួកគេ បកស្រាយ ទៅតាម​ស្ថានការណ៍​នយោបាយ ដើម្បី​ប្រយោជន៍​បក្ស​ទៅវិញ​ទេ​។
 
​លោក ឡុង គឹម​ឃ​ន លើក​ពី​យន្តការ​ថា កម្ពុជា​គ​ប្បីបង្កើត​ក្រុមអ្នកច្បាប់ ដើម្បី​សរសេរ​សេចក្តី​សម្រាយ​នៃ​មាត្រា​នីមួយៗ​នៅក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ឲ្យ​រដ្ឋសភា អនុម័ត ដើម្បី​ឲ្យ​ក្លាយជា​ឯកសារ​ផ្លូវការ​។ លោក យល់ថា ការធ្វើ​បែបនេះ គឺជា​ដំណោះស្រាយ​ដ៏​ល្អ ក្នុងការ​ទប់ស្កាត់​អ្នកនយោបាយ កុំ​ឲ្យ​មាន​ជ​ម្លោះ​នឹង​គ្នា ដោយសារតែ​ការបកស្រាយ​នូវ​ខ្លឹមសារ​ទាំងនោះ​។ 

​លោក ឡុង គឹម​ឃ​ន សូម​មិន​វាយតម្លៃថា គណបក្ស​ណា រំលោភ​ឬ​គោរព​រដ្ឋធម្មនុញ្ញ ជាង​គណបក្ស​ណា នោះទេ​។ លោក គ្រាន់តែ​បង្ហើប​ថា ប្រជាពលរដ្ឋ អាច​មើលឃើញ​ច្បាស់ ថា​បក្ស​ណា គោរព​ឬ​មិន​គោរព​រដ្ឋធម្មនុញ្ញ​។ 

«​ទុក​ឲ្យ​មហាជន​គាត់ វិនិច្ឆ័យ​ចុះ​។ ពួកគាត់​អាច​សម្គាល់​បាន​ថា បក្ស​ណា គោរព​រដ្ឋធម្មនុញ្ញ គឺមាន​ប្រជា​ពលរដ្ឋ​ស្រឡាញ់​និង​គាំទ្រ​ច្រើន​ហើយ​។ តែបើ​បក្ស​ណា​មិន​គោរព ប្រាកដជា​រង​ការរិះគន់​ជាមិនខាន​»​។ នេះ​ជាការ​បញ្ជាក់​ចុងក្រោយ​របស់លោក ឡុង គឹម​ឃ​ន​។​

​រីឯ លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ លើកឡើង​ដោយ​គ្មាន​ស្ទាក់​ស្ទើរ​ថា កម្ពុជា បាន​ជួបប្រទះ​នឹង​បញ្ហា​ជាច្រើន ក្នុងការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​។ លោក បន្ថែមទៀតថា អ្នកនយោបាយ​ខ្មែរ មិនបាន​គោរព​រដ្ឋធម្មនុញ្ញ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ជាពិសេស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ។​

​លោក សូ ចន្ថា បាន​រិះគន់​ធ្ងន់ៗ​ទៅកាន់​អ្នកនយោបាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ​ឃើញថា អ្នក​ន​យោ​យ​ខ្មែរ ហាក់ដូចជា​មិនទាន់​ប្រតិ​ប​ត្តិ​តាម​ខ្លឹមសារ​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​។ តែ​ពួកគេ បាន​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ជា​ឧបករណ៍​នយោបាយ​ទៅវិញ ដើម្បី​កេងចំណេញ​ផលប្រយោជន៍​រៀងៗ​ខ្លួន​»​។ 

​លោក សូ ចន្ថា សង្កេតឃើញថា ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក រដ្ឋ​ធ​មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម​ជាច្រើនលើក​។ ប៉ុន្តែ លោក មិន​បានឃើញ​ប្រជាពលរដ្ឋ ទទួលផល​ប្រយោជន៍​ពី​ការធ្វើ​វិសោធនកម្ម​ទាំង​នោះទេ​។ បើតាម​លោក សូ ចន្ថា អ្នក​ដែល​ទទួលបាន​ប្រយោជន៍​ស្ទើរ​ទាំងស្រុង ពី​ការធ្វើវិសោធកម្ម​កន្លង​មក គឺ​អ្នកនយោបាយ ឯណោះ​។ 

ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មិនអាច​ទទួលយកបាន​ឡើយ ចំពោះ​ការ​រិះគន់​របស់​អ្នកវិភាគ​ខាងលើ​។ លោក សុខ ឥសាន បាន​ឆ្លើយ​តប​ទៅវិញថា ប្រសិនបើ​រដ្ឋធម្មនុញ្ញ មិនត្រូវ​បាន​គោរព​និង​ឲ្យ​តម្លៃ​ទេ អ្នក​វិ​គាគ​គួរតែ​លើក​ភស្តុតាង​ជាក់ស្តែង​មក​បញ្ជាក់ ជាជាង​ការវាយប្រហារ ដោយ​គ្មាន​ហេតុផល​។ 

​ផ្ទុយ​ពី​អ្នកវិភាគ អ្នកនាំពាក្យ​របស់​បក្ស​កាន់អំណាច​រូបនេះ អះអាងថា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក អ្នកដឹកនាំ រួមទាំង​ប្រជាពលរដ្ឋ​បាន​ចូលរួម​គោរព​រដ្ឋធម្មនុញ្ញ បាន​យ៉ាង​ខ្ជាប់ខ្ជួន​។ លោក បន្តថា ប្រសិនបើ​រដ្ឋធម្មនុញ មិនត្រូវ​បាន​ឲ្យ​តម្លៃ ដូច​ការលើកឡើង​រប​ស់​អ្នកវិភាគ​មែន​នោះ ម្ល៉េះ​ប្រទេសជាតិ ក៏​មិន​ស្ថិតស្ថេរ ហើយ​ប្រជាជន ក៏​មិនអាច​រស់នៅ​ប្រកបដោយ​សុខសន្តិភាព រហូតដល់​សព្វថ្ងៃ​នេះដែ​រ​។ 

លោក សុខ ឥសាន បញ្ជាក់​ដូច្នេះ​ថា​៖«​គាត់ (​អ្នកវិភាគ​ន​យា​បាយ​) និយាយ​ឲ្យ​តែ​បានទេ​។ គាត់​និយាយ​ហ្នឹង គឺ​ដោយសារ​មាន​និន្នាការ​នយោបាយ​។ ជាក់ស្តែង យើង​ឃើញ​ហើយ​ថា ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សម្បូរស​ប្បាយ រស់នៅ​ប្រកបដោយ​សុខដុមរមនា និ​ង​មានការ​រីកចម្រើន​»​។ 

យ៉ាងណាក៏ដោយ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ខាងលើ នៅតែ​ទទូច​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប គោរព​និង​ព្យាយាម​សិក្សា​ពី​រដ្ឋធម្មនុញ្ញ ឲ្យបាន​ជ្រៅជ្រះ​។ អ្វីដែល​ក្រុមអ្នកវិភាគ ប្រា​ថា្ន​មួយទៀត គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ជំរុញ​អ្នកនយោបាយ​គ្រប់​គណបក្ស ឲ្យ​ដើរ​តាម​គន្លង​រដ្ឋធម្មនុញ្ញ​។ 

ក្រៅពីនេះ ក្រុមអ្នកវិភាគ ក៏​ស្នើ​ដល់​អ្នកនយោបាយ ឲ្យ​ផ្តល់​តម្លៃ​និង​អនុវត្តតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ផងដែរ មិនមែន​ថា​តែ​មាត់​នោះទេ​។ ពួកគេ អះអាងថា ប្រសិនបើ​អ្នកនយោបាយ​មិន​យក​រដ្ឋធម្មនុញ្ញ​ជាធំ​ទេ នោះ​កម្ពុជា មិនអាច​ក្លាយជា​ប្រទេស​នីតិរដ្ឋ និង​មានការ​រីកចម្រើន​បានឡើយ​។ 

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​១៧​ជំ​ពួក និង​១៦០​មាត្រា​។ ចាប់​តាំង​១៩៩៣​មក រហូតដល់​ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម​ចំនួន​៨​លើក​ហើយ​។ ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ កាលពី​ឆ្នាំ​២០០៤ រដ្ឋសភា បាន​បង្កើត​ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម ដែល​សំដៅ​ដល់​ការធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។ មាត្រា​១​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​បន្លែ​ម បាន​ចែងថា​៖«​ច្បាប់​នេះ​មាន​គោលដៅ​ធានា​ក្នុង​គ្រប់​កាលៈទេសៈ​នូវ​ដំណើរការ​ល្អប្រសើរ​នៃ​ស្ថាប័ន​ជាតិ ដោយ​គោរព​ទៅតាម​គោ​ការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស សម​ស្របតាម​តំរូវការ​នៃ​ភាពចាំបាច់​»៕
 

Tag:
 រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com