ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ​«​ព្យាករណ៍​» និង​«​ព្យាករ​» មាន​លក្ខខណ្ឌ​ប្រើប្រាស់​ខុសគ្នា​ដូចម្ដេច​?
02, Oct 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពាក្យ​ថា «​ព្យាករណ៍​» និង​«​ព្យាករ​» សាធារណជន នៅមាន​ភាពមិនច្បាស់លាស់ នៅក្នុង​ការសរសេរ ថា​ពេលណា​ត្រូវ​«​ព្យាករណ៍​» ហើយ​ពេលណា​ត្រូវ​សរសេរថា​«​ព្យាករ​»​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា «​ព្យាករណ៍​» និង​«​ព្យាករ​» មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖



​នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជាក​រិ​យាស​ព្ទ គឺ​ត្រូវ​សរសេរថា​«​ព្យាករ​» ដែល​មានន័យថា ធ្វើ​ឲ្យ​ប្រាកដ​, ធ្វើ​ឲ្យ​ជាក់លាក់​, ពោល​អួត​, ទាយ ជាដើម​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​ព្យាករណ៍​» ដែល​មានន័យថា ការធ្វើ​ឲ្យ​ប្រាកដ​, ការធ្វើ​ឲ្យ​ជាក់លាក់​, អំនួត​, ទំនាយ ជាដើម​។​

​ប៉ុន្តែ​ក្នុងករណី សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការព្យាករណ៍ , ក្ដី​ព្យាករណ៍​, សេចក្ដី​ព្យាករណ៍ និង​ដំណើរ​ព្យាករណ៍​»​ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​ព្យាករណ៍​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​

​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​ព្យាករ​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការ​ព្យាករ​, ក្ដី​ព្យាករ​, សេចក្ដី​ព្យាករ និង​ដំណើរ​ព្យាករ​»៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com