ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ពេជ្រ ស្រស់​៖ ពី​កម្មករសំណង់​ក្លាយជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​
03, Oct 2016 , 11:20 am        
រូបភាព
ភ្នំពេញ​៖ លោក ពេជ្រ ស្រស់ គឺជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ទើបតែ​បង្កើតឡើង​កាលពី​ចុងឆ្នាំ​២០១៥​កន្លងមកនេះ ។ មូលហេតុ​ដែល​បុរស​វ័យ​៣៧​រូបនេះ បោះជំហាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​នោះ ដោយសារតែ​លោក​មាន​ហេតុផល​ពីរ​យ៉ាង​គឺ​ទី​១ លោក​មិន​ពេញចិត្ត​ចំពោះ​អ្នកនយោបាយ​ចាស់ៗ ដែល​តែងតែ​ដឹកនាំ​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​ត លាភ​ពណ៌​គ្នា​ទៅវិញទៅមក គិតតែ​ផលប្រយោជន៍​បក្ស ជាង​ផលប្រយោជន៍​ប្រជាជន​។ ហេតុផល​ទី​២ គឺប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូបនេះ ចង់​ដឹកនាំ​យុវជន​ឲ្យ​មាន​ភាពក្លាហាន ហ៊ាន​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ពឹង​ផ្អែកលើ​អ្នកនយោបាយ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពេជ្រ ស្រស់ ដែល​ធ្លាប់មាន​អតីត​ភាពជា​កម្មករសំណង់ និង​ជា​កម្មករ​រោងចក្រ មុននឹង​លោក​ក្លាយជា​ប្រធាន​អង្គការ​រួមគ្នា​ដើម្បី​ភាព​រីកចម្រើន ហើយ​បន្ត​មក​ធ្វើជា​ប្រធាន​គណបក្សនយោបាយ​យុវជន​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។​



«​ថ្ងៃនេះ​ខ្ញុំ​ដាំ ខ្ញុំ​នឹង​ទទួលផល​២០​ឆ្នាំក្រោយ​»​។ លោក ពេជ្រ ស្រស់ កំពុង​បង្ហាញ​ពី​ចក្ខុវិស័យ​នយោបាយ​វែងឆ្ងាយ ដែល​លោក​សម្រេច​បង្កើត​គណបក្ស​យុវជន​កម្ពុជា​នេះ​ឡើង ក្នុងទិសដៅ​ទទួលបាន​ជោគជ័យ​នៅពេល​ខាងមុខ​។ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ទើប​បង្កើតឡើង​រយៈពេល​ជិត​មួយ​ឆ្នាំនេះ ទទួលស្គាល់ថា ការ​ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ពលរដ្ឋ​ឲ្យ​ងាក​មក​គាំទ្រ​គណបក្ស​ខ្លួន​នោះ វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ សម្រាប់​លោក ពេជ្រ​ស្រស់ គណបក្ស​លោក​ត្រូវ​ចំណាយពេល​យូ​ឆ្នាំ​ទៀត ដើម្បី​បង្ហាញ​ពី​សមត្ថភាព និង​សម្មិទ្ធផល​នានា ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម តាមរយៈ​គោលនយោបាយ​ខ្លួន ដើម្បី​ប្រកួតប្រជែង​ជាមួយ​អ្នកនយោបាយ​ចាស់វស្សា​នៅ​កម្ពុជា ។



​បើតាម​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែលមាន​វ័យ ៣៧ ឆ្នាំ​រូបនេះ បា​នស​ម្លឺ​ង​ឃើញថា នយោបាយ​នៅ​កម្ពុជា​នឹងមាន​ស្ថានភាព​ល្អប្រសើ​ឡើង នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ពោលគឺ​គណបក្សនយោបាយ​ធំៗ ដែល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី នឹង​អាច​ធ្លាក់ចុះ​ប្រជាប្រិយ​ខ្លួន​វិញ ខណៈដែល​ប្រជាពលរដ្ឋ​កាន់តែ​មានកា​រ​យល់ដឹង​ខ្ពស់​លើ​បញ្ហានយោបាយ​។ ហើយ​ពេលនោះ​គណបក្ស​យុវជន​កម្ពុជា នឹង​គណបក្ស​បង្កើត​ថ្មី​ដទៃ អាច​នឹងមាន​លទ្ធភាព​កាន់តែច្រើន ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ចាស់វស្សា​ទាំងនេះ​។ « លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ប្រហែលជា​គេ​អស់ជំនឿ​ឆ្នាំ​២០១៨​នេះហើយ​។ ដូច្នេះ​(​ពលរដ្ឋ​)​រឿង​គាំទ្រ​អ្នកណា មិន​គាំទ្រ​អ្នកណា​ទៀត ខ្ញុំ​មិនទាន់​វាយតម្លៃ​បានទេ ព្រោះ​យុវជន​ជំនាន់​ក្រោយ​សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់​។​ប៉ុន្តែ​ខ្ញុំ ពេជ្រ​ស្រស់ ជា​អ្នកដើរ​ប្រឡូក​នយោបាយ ខ្ញុំ​នឹងធ្វើ​ឲ្យ​អស់​លទ្ធភាព អ្វីដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន ទាំង​ចំណេះដឹង និង​បទពិសោធន៍ និង​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ កសិករ ដើម្បី​អភិវឌ្ឍ​ជាតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពេជ្រ ស្រស់ ដែល​បាន​អះអាងថា កម្ពុជា​នឹងមាន​អភិវឌ្ឍ​ន៏​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាងមុខ​ទៀត ក្រោម​ការប្រកួតប្រជែង​នយោបាយ​បែប​អភិវឌ្ឍន៍​ថ្មី​របស់​យុវជន​ជំនាន់​ក្រោយ នៅពេលដែល​អ្នកនយោបាយ​ចាស់វស្សា ដែល​ប្រើ​យុទ្ធសាស្ត្រ​ចាស់គំរិល​មក​លាភ​ពណ៌ និង​គំរាមកំហែង​គ្នា​នោះ ឈប់​ធ្វើ​នយោបាយ​។​

«​ពី​កម្មករសំណង់ និង​កម្មករ​រោងចក្រ ក្លាយជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​»
​កើត​នៅ​ឆ្នាំ​១៩៧៩ លោក ពេជ្រ ស្រស់ គឺជា​កូន​អ្នក​កសិករ​នៅ​ភូម​ចក ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ (​កំពង់ចាម​)​។ ដោយសា​តែ​ជីវភាព​ក្រុមគ្រួសារ​ខ្វះខាត​លោក ពេជ្រ ស្រស់ បានសម្រេច​បោះបង់ចោល​ការសិក្សា​នៅត្រឹម​ថ្នាក់​ទី​៨ នា​ឆ្នាំ​១៩៩៥ ហើយ​វេច​បង្វេចខោអាវ​ឡើងមក​ធ្វើការ​សំណង់​នៅ​ភ្នំពេញ ដោ​យមក​ស្នាក់នៅ​ផ្ទះជួល​នៅ​ម្ដុំ​ផ្សារ​ហេង​លី ជាមួយ​បងស្រី​ខ្លួន ដែល​ប្រកប​របរ​កម្មករ​កាត់​ដេរ​។ ក្រោយ​ប្រកបការងារ​ជា​កម្មករសំណង់ រយៈពេល​១៦​ខែ ដោយ​ទទួលបាន​ប្រាក់​ពលកម្ម ៥៥០០​រៀល​ក្នុង​មួយថ្ងៃ​នោះ មិនអាច​ជួយ​ឲ្យ​យុវជន ពេជ្រ ស្រស់ មាន​ប្រាក់​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​បានឡើយ​។



​ត្បិត​ធ្វើការ​សំណង់​ទទួលបាន​ប្រាក់​ពលកម្ម​តិច ហើយ​ចំណាយ​កម្លាំង​ច្រើន​នោះ យុវជន ពេជ្រ ស្រស់ ត្រូវ​ផ្លាស់ប្ដូរ​ការងារ​មក​ធ្វើជា​កម្មករ​កាត់ដេរ​នៅក្នុង​រោងចក្រ ៥ ជាន់ មុននឹង​ប្ដូរ​មក​ធ្វើការ​នៅ​រោងចក្រ​ដើម​ស្វាយ ហើយក៏​ជា​ពេលដែល​យុវជន​បោះបង់ចោល​ការសិក្សា​តាំងពី​ថ្នាក់​ទី​៨​រូបនេះ បានចាប់ផ្ដើម​ងាក​មក​បន្ត​ការសិក្សា​វិញ ដើម្បី​ផ្លាស់ប្ដូរ​ខ្សែជីវិត​ខ្លួន ក្រោយពី​មានការ​ណែនាំ​ពី​មិត្តភក្តិ​ដែល​ធ្វើការ​រោងចក្រ​ជាមួយគ្នា​។ «​នៅពេល​ខ្ញុំ​ធ្វើការ​រោងចក្រ​នោះ ខ្ញុំ​ធ្វើការ​បណ្ដើរ​រៀន​អង់គ្លេស​បណ្ដើរ​។ ខ្ញុំ​រៀន​ព្រឹក​ម៉ោង​៦ ហើយ​ខ្ញុំ​ចេញ​មុន​ម៉ោង​១៥​នាទី ដើម្បី​ធ្វើដំណើរ​មក​ធ្វើការ​នៅ​រោងចក្រ​ម៉ោង​៧​ព្រឹក ។ ចំណែក​ម៉ោង​៦-៧ ល្ងាច ខ្ញុំ​រៀន​អង់គ្លេស​វគ្គ​សន្ទនា អស់​រយៈពេល​២-៣​ឆ្នាំ រហូតដល់​ខ្ញុំ​រៀន​ភាសា​អង់គ្លេស​ចេះ​ជ្រៅជ្រះ​។ ក្រោយមក​ខ្ញុំ​ក៏​ឃើញ​មិត្តភក្ដិ​ដែល​បោះបង់ចោល​ការសិក្សា​ដូច​ខ្ញុំ​ដែរ គេ​ធ្វើការ​បណ្តើរ រៀន​សកល​វិទ្យាល័យ​បណ្ដើរ ហើយ​ខ្ញុំ​ក៏​សួរ​គេ គេ​ក៏​ផ្ដល់យោបល់​ខ្ញុំ​ឲ្យ​រៀន​បំពេញវិជ្ជា​ក្រៅ​ម៉ោង​បន្ត​ពី​ថ្នាក់​ទី​៨ ទៅ​ទី​១២ នៅ​ចតុមុខ ។ តែ​ខ្ញុំ​គ្មាន​ពេល​រៀន​គ្រប់គ្រាន់​ដូច​គេ​ខ្ញុំ​ក៏​ប្រឡង​ធ្លាក់​បាក់​ឌុប​។ ក្រោយមក​ខ្ញុំ​យក​លិខិតបញ្ជាក់​ការសិក្សា ពី​ការធ្លាក់​បាក់​ឌុប​មក​រៀន​បរិញ្ញាបត្រ​រង​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក ពេជ្រ ស្រស់ ដែល​បាន​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង​ផ្នែក​ច្បាប់​មុខងារសាធារណៈ នៅ​ឆ្នាំ​២០០៥ និង​បន្ត​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០០៨ នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ក្រោយពី​បែកបាក់​ស្នេហា ហើយ​ត្រូវបាន​អតីត​សង្សារ​ដែលមាន​ចំណេះដឹង​ខ្ពស់ជាង​ខ្លួន ប្រើពាក្យ​ប្រមាថ​លោក​ថា «​ជា​កម្មករ​រោងចក្រ​ដៃ​ប្រឡាក់​ប្រេងម៉ាស៊ីន មាន​ឋានៈ​ទាប​មិន​សាក​សម​រូបនាង​»​។

តាមពិតទៅ​ពាក្យ​ប្រមាថ​មួយ​ម៉ាត់​ដែល​ចេញពី​មាត់​អតីត​សង្សារ​ខ្លួន​នេះ សម្រាប់​លោក ពេជ្រ ស្រស់ មិនមែនជា​ការមើល​ងាយ​ទេ តែ​វា​ជាការ​ជំរុញ​លើកទឹកចិត្ត​លោក​ឲ្យ​ប្តេជ្ញា​សិក្សា​មុខវិជ្ជា​ច្បាប់​នេះ ដើម្បី​ងើប​ផុតពី​ជីវិត​ជា​កម្មករ​រោងចក្រ​។ បើតាម​យុវជន​កូន​កសិករ​ខេត្ត​ត្បូងឃ្មុំ​រូបនេះ ធ្លាប់បាន​បម្រើ​ការងារ​ជា​ជំនួយការ​ផ្នែក​រដ្ឋបាល​នៅក្នុង​រោងចក្រ និង​ធ្វើជា​អនុប្រធាន​សហជីព​សម្ព័ន្ធ​ដើម្បី​សេរីភាព​កម្មករ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០០៥ មុននឹង​លាឈប់​ពី​តួនាទី​នៅ​ឆ្នាំ​២០០៦ ហើយ​បាន​ចូលរួម​សកម្មភាព​នយោបាយ​ក្នុងតួនាទី​ជា​ប្រធាន​ចលនា​យុវជន​ក្រុងភ្នំពេញ និង​ប្តូរ​មកជា​ជំនួយការ​លោក មិន ប៊ុនឆៃ តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស ដែល​ដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា ។

ក្នុងអំឡុងពេល​បំពេញការងារ​ក្នុង​បក្ស​សិទ្ធមនុស្ស​មួយឆ្នាំ លោក ពេជ្រ ស្រស់ តែងតែ​គោរព និង​ឲ្យ​តម្លៃ​ចំពោះ​គោលនយោបាយ​ឯកឧត្តម កឹម សុខា ។ ប៉ុន្តែ​ដោយសារតែ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​មន្ត្រី​ក្នុង​គណបក្ស​សិទ្ធិមនុស្ស យុវជន​ខ្ពស់​ស្គម​រូបនេះ បានសម្រេច​លាឈប់​ពី​តួនាទី​ខ្លួន ដោយ​ងាក​មក​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន វើ​ល​រូ មេ​ឌា​ឌី​ហ្សា​ញ់ ដែលជា​ឱកាសល្អ​សម្រាប់ ពេជ្រ ស្រស់ អាច​យកចំណេះ​ដឹងខ្លួន​បង្កើត​«​អង្គការ​រួមគ្នា​ដើម្បី​ភាព​រីកចម្រើន​»​ក្នុង​ឆ្នាំ​២០១០ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម ដោយមាន​ការជួយជ្រោមជ្រែង​ពី​ថៅកែ​ក្រុមហ៊ុន ឌី​ហ្សា​ញ់ នេះ​ផ្ទាល់​។ « ថៅកែ​ក្រុមហ៊ុន​ហ្នឹង​គាត់​រៀន​នៅ​អូស្ត្រាលី គាត់​មានចិត្ត​ទូលាយ​(Open mind) ផ្ទេរ​ការអប់រំ​ឲ្យ​យើង​។ ដូចនេះ​ខ្ញុំ​មានគំនិត​មួយ​សូរ​គាត់​ថា បង​! បើ​ខ្ញុំ​បើក​អង្គការ​មួយ តើ​បង​ឯង​ជួយ​ខ្ញុំ​អត់​? គាត់​ថា​ជួយ តែ​ឲ្យ​ខ្ញុំ​ធ្វើការ​ឲ្យ​កន្លែង​គាត់​ផង និង​បើក​សិទ្ធិ​ធ្វើការ​អង្គការ​ផង​។ ដូច្នេះ​ខ្ញុំ​ក៏​បង្កើត​អង្គការ​មួយ​ឈ្មោះ រួមគ្នា​ដើម្បី​ភាព​រីកចម្រើន ដោយ​ទទួលបាន​អាជ្ញាប័ណ្ណ​ឆ្នាំ​២០១០ រហូតដល់​រយៈពេល​៥​ឆ្នាំ​។ នៅក្នុង​ការងារ​អង្គការ​ខ្ញុំ​លើកទឹកចិត្ត​យុវជន​ឲ្យ​ប្រឹងរៀន និង​ជំរុញ​ឲ្យ​ពួកគេ​រក​ឱកាស​ខ្លួនឯង​នៅពេល​អនាគត​។ ហើយ​ខ្ញុំ​ធ្វើ​ការងារ​ឃ្លាំមើល​សិទ្ធិមនុស្ស​ផង ជួយ​កុមារ​ផង រហូតដល់​ការជួយ​ទាមទារ​ដោះស្រាយ​បញ្ហាដីធ្លី​ប្រជាពលរដ្ឋ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អតីត​ប្រធាន​អង្គការ​រូ​ម​គ្នា​ដើម្បី​ភាព​រីកចម្រើន មុននឹង​លោក​សម្រេចចិត្ត​ប្រឡូក​ចូល​ឆាកនយោបាយ ដោយ​បង្កើត​គណបក្ស​យុវជន​កម្ពុជា នៅ​ចុងឆ្នាំ​២០១៥ ក្រោយពី​មានបទពិសោធន៍​ចូលរួម​សកម្មភាព​នយោបាយ និង​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​អស់​រយៈពេល​ជាង​៦​ឆ្នាំ​។​



«​គណបក្ស​យុវជន​កម្ពុជា ជំរុញ​ឲ្យ​ពលរដ្ឋ​ហ៊ាន​ធ្វើ​អ្នកនយោបាយ​»
​គណបក្ស​យុវជន​កម្ពុជា បាន​បង្កើតឡើង​នៅ​ខែធ្នូ ឆ្នាំ​២០១៥ និង​បាន​ចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៦ ។ មូលហេតុ​ដែល​ជំរុញ​ឲ្យ​កូន​កសិករ​ខេត្ត​ត្បូងឃ្មុំ​រូបនេះ សម្រេច​បង្កើត​គណបក្ស​នោះ គឺ​ដោយសារតែ​លោក បាន​ជួប​រឿង​អយុត្តិធម៌​ជាច្រើន​នៅក្នុង​សង្គម ដូចជា ការរំលោភបំពាន​ដីធ្លី​ពី​សំណាក់​អ្នកមានអំណាច យុវជន​គ្មាន​ការងារ​ធ្វើ និង​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម ក្នុងអំឡុង​ពេលដែល​លោក ពេជ្រ ស្រស់ ធ្វើជា​ប្រធាន​អង្គការ​៥​ឆ្នាំ​។ ដោយសារតែ​ចិត្ត​ចង់​ដោះស្រាយ​បញ្ហា​អយុត្តិធម៌ និង​គ្មាន​ជំនឿ​លើ​អ្នកនយោបាយ​ចាស់វស្សា​ផង​នោះ ទើប​បុរស​វ័យ​៣៧​ឆ្នាំ ដែល​ធ្លាប់មាន​ពិសោធន៍​ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ​រូបនេះ ក៏​សម្រេចចិត្ត​បង្កើត​គណបក្ស​យុវជន​កម្ពុជា ដោយមាន​ការជួយជ្រោមជ្រែង​ពី​មិត្តភក្តិ និង​មូល​និ​ធី​សង្គម ។​

​អតីត​ប្រធាន​អង្គការ​រូ​ម​គ្នា​ដើម្បី​ភាព​រីកចម្រើន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​លាលែង​ពី​អង្គការ ហើយ​ខ្ញុំ​គិត​ថាបើ​ជ្រុល​ជួយ​ជាតិ​ហើយ ខ្ញុំ​ធ្វើ​នយោបាយ​តែម្ដង​ដោយ​ពឹង​លើ​ចំណេះដឹង​ខ្ញុំ​ដែល​ធ្លាប់​ឆ្លងកាត់​នយោបាយ​មួយឆ្នាំ​នៅ​បក្ស​សិទ្ធិមនុស្ស និង​ឆ្លងកាត់​អង្គការ​៥​ឆ្នាំ​។ តែ​មុន​លាលែង​ពី​តំណែង​ខ្ញុំ​ដើរ​សម្លឹងមើល​ចូល​គណបក្ស​។​ទី​១ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ខ្ញុំ​ផ្ញើ​សារ​ទៅ​លោក ថាំ ប៊ុន​រ៉ុង សុំចូល​បម្រើ​គណបក្ស​ដោយ​មិន​ខ្វល់​ពី​តំណែង​ទេ ឲ្យ​តែ​បាន​ចូល​តួនាទី​នយោបាយ​ដើម្បី​អភិវឌ្ឍ​សង្គម តែ​គាត់​មិន​ឆ្លើយតប គ្រាន់តែ​ណាត់ជួប​គ្នា​ចោល​។ ហើយ​ខ្ញុំ​ក៏​ផ្ញើ​សារ​សុំ​ណាត់ជួប​លោក ហ៊ីង សុខសាន្ត មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ខ្ញុំ​តែងតែ​ផ្ដល់​តម្លៃ​ឲ្យ​លោក កឹម សុខា ដែលជា​អ្នកនយោបាយ​ម៉ឹងម៉ាត់​។ តែ​លោក ហ៊ីង សុខសាន្ត មិន​ឆ្លើយតប​ទៀត​…​ក្រោយមក​ខ្ញុំ​ក៏​ចូលធ្វើការ​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ តែ​ក្រោយពី​ឃើញ​ការដឹកនាំ​គាត់​យកគំនិត​ខ្លួន​ជាធំ ខ្ញុំ​ក៏​សុំ​លាឈប់ មក​បង្កើត​បក្ស​ខ្លួនឯង​»​។​

​ជា​កូន​ទី​៤ នៃ​គ្រួសារ​កសិករ​អ្នក​ខេត្ត​ត្បូងឃ្មុំ និង​ធ្លាប់ជា​យុវជន​ដែល​ស្វែងរក​ការងារ​ធ្វើ​យ៉ាង​លំបាក​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ លោក ពេជ្រ ស្រស់ អះអាងថា ការបង្កើត​គណ​ក្ស​នេះ​ឡើង ក្នុង​គោលបំណង​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​កសិករ​ជាអាទិ៍ ជាពិសេស​នោះ​គឺ​បង្រៀន​ឲ្យ​ពលរដ្ឋ និង​យុវជន ត្រូវ​ហ៊ាន​ធ្វើ​នយោបាយ និង​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​សមត្ថភាព​ខ្លួនឯង ដោយ​មិនចាំបាច់​ពឹង​ផ្អែកលើ​អ្នកនយោបាយ​ឡើយ​។ «​គោលនយោបាយ​ទី​១ គឺ​ផ្តល់ឱកាស​ឲ្យ​យុវជន​គ្រប់​ជំនាន់ ហ៊ាន​ធ្វើ​នយោបាយ​ដោយ​ខ្លួនឯង មានចំណេះ​៣​ឬ​៤ យកមក​ដាក់​លើ​តុ​ធ្វើការ​ងារ​នេះ​ទៅ តែ​មិន​យកប្រាក់​ទេ​។ ហើយ​បង្កើត​សហគមន៍​យុវជន​ដើម្បី​ឃ្លាំ​មើលគ្នា យុវជន​ណា​អត់​ការងារ​ធ្វើ ស្វែងរក​ការងារ​ណែនាំ​គ្នា​ឲ្យ​ដាក់ពាក្យ​ធ្វើការ​តាម​ជំនាញ​ពួកគេ ដូចនេះ យុវជន​អាច​ឃ្លាំ​មើលគ្នា ដោះស្រាយ​បញ្ហា​រួមគ្នា​ដោយ​ខ្លួនឯង​។ ហើយ​ខ្ញុំ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​រួចផុត​ទុក្ខ​ក្រីក្រ​លំបាក មាន​បាយ​ហូប​គ្រប់គ្រាន់ មិន​ជំពាក់​ធនាគារ​វ័ណ្ឌករ មានការ​ងារ​ធ្វើ​ក្នុង​តំបន់ ហើយ​មានតម្លៃ​ទីផ្សា​កសិកម្ម​ជូន​ពលរដ្ឋ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពេជ្រ ស្រស់ ដែល​មើលឃើញ​ពី​បញ្ហា​យុវជន មុននឹង​ជំរុញ​ឲ្យ​យុវជន​ដែល​ចូលរួម​សកម្មភាព​នយោបាយ​ទាំងនោះ ត្រូវ​ចេះ​គិតពិចារណា​ឲ្យ​បានច្បាស់លាស់ ដោយ​មិនមែន​គាំទ្រ​អ្នកនយោបាយ​ផ្កាប់មុខ ហើយ​លាភ​ពណ៌​និង​រើសអើង​យុវជន​គ្នាឯង​ទៅវិញទៅមក តាម​អ្នកនយោបាយ​ឡើយ​។​

«​ដាក់​ជីវិត​ប្រឡូក​នយោបាយ​រហូត​អស់​ជីវិត​»
​គិត​មកដល់ពេលនេះ​គណបក្ស​យុវជន​កម្ពុជា បាន​បង្កើតឡើង​ជិត​មួយឆ្នាំ​ហើយ តែ​មេដឹកនាំ​នយោបាយ​វ័យក្មេង​គណបក្ស​យុវជន​កម្ពុជា​រូបនេះ មិន​សប្បាយចិត្ត​ឡើយ​នៅពេលដែល​លឺ​ពាក្យរិះគន់​ចោទ​គណបក្ស​ខ្លួន​ថា មានការ​គាំទ្រ​ពីក្រោយ​ដោយ​គណបក្សកាន់អំណាច​នោះ​។ សម្រាប់​ប្រធាន​គណបក្ស​យុវជន​រូបនេះ អះអាងថា ថវិកា​បង្កើត​បក្ស​នេះ គឺ​បានមកពី​មិត្តភក្តិ ពី​មូល​និ​ធី​របស់​ក្រុមការងារ និង​ថវិកា​ផ្ទាល់ខ្លួន​លោក ដោយ​គ្មាន​គណបក្សនយោបាយ​ណា​នៅ​ពីក្រោយ​ឡើយ​។

​នៅពេល​សួរថា បើ​មិនមាន​អ្នក​នៅ​ពីក្រោយ តើ​លោក​មាន​ឆន្ទៈ និង​មាន​ថវិកា​បង្កើត​គណបក្ស​នេះ បាន​ដល់​ពេលណា​? លោក ពេជ្រ ស្រស់ ឆ្លើយ​ទាំង​ទឹកមុខ​មុតមាំ​ថា លោក​នឹង​ប្រឡូក​ក្នុង​នយោបាយ​នេះ ដើម្បី​ឈឺឆ្អាល​លើ​សុខទុក្ខ​យុវជន  និង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ លុះត្រា​ខ្លួន​«​ស្លាប់​»​។​« ពីព្រោះ ពេជ្រ ស្រស់ កើតមក​មិនដែល​មាន​លុយ​ទេ ហើយ​គ្រួសារ ពេជ្រ ស្រស់ ជា​មនុស្ស​ក្រីក្រ​បំផុត រឿង​លុយ​នេះ​សឹងតែ​មិន​ស្គាល់​ផង មិនដឹង​ដុល្លារ​នេះ​បែ​មុខ​ទៅណា​ផង​។ ប៉ុន្តែ​រាល់ថ្ងៃនេះ​គ្រួសារ​ពេជ្រ ស្រស់ អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​ខ្លួនឯង ដូចនេះ​រឿង​លុយ​មិនមែនជា​បញ្ហា​ចោទ​សម្រាប់​គណបក្ស សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ទេ​។ ដូច​ខ្ញុំ​ជម្រាប​ថា ថ្ងៃនេះ​ខ្ញុំ​ដាំ ខ្ញុំ​ទទួលផល​២០​ឆ្នាំក្រោយ ៣០​ឆ្នាំក្រោយ ហើយ​ខ្ញុំ​នឹង​បន្ត​នយោបាយ​រហូតដល់​ខ្ញុំ​អស់​ជីវិត​»​។ នេះ​ជាការ​បញ្ជាក់​ចុងក្រោយ​របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែលមាន​អតីត​ភាពជា​កម្មករសំណង់ និង​កម្មករ​រោងចក្រ​៕


© រក្សាសិទ្ធិដោយ thmeythmey.com