អន្តរជាតិ
អតីត​ប្រធានាធិបតី​បារាំង​ចាយលុយ​រដ្ឋ​ច្រើនជាង​១០​លាន​អឺរ៉ូ​មួយឆ្នាំ
03, Oct 2016 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បារាំង​ចំណាយលុយ​យ៉ាងហោចណាស់ ១០​លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​ដល់​បណ្តា​អតីត​ប្រធានាធិបតី​។ ជាគោលការណ៍ អតីត​ប្រធានាធិបតី​ម្នាក់​បានទទួល​ប្រាក់​ប្រចាំឆ្នាំ ៦៥០០០​អឺរ៉ូ​, ផ្ទះ​ប្រណីត​មួយ​ខ្នង​, ឡាន​ដោយមាន​អ្នកបើកបរ​២​នាក់​, ជំនួយការ​៧​នាក់ , អ្នកបម្រើ​២​នាក់ និង​ជិះ​រថភ្លើង​និង​យន្តហោះ​ដោយ​ឥតគិតថ្លៃ​។



របាយការណ៍​សវនកម្ម​ថ្មី​មួយ​ដែល​ត្រូវបាន​ទម្លាយ​ចេញ​ដោយសារ​ព័ត៌មាន​បារាំង Media Part បាន​បង្ហាញថា រដ្ឋាភិបាល​បារាំង​ចំណាយលុយ​ប្រហែល ១០.៣​លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​ដល់​បណ្តា​អតីត​ប្រធានាធិបតី​។​

នៅ​បារាំង អតីត​ប្រធានាធិបតី​បានទទួល​ប្រយោជន៍​ស្កេ​ក​ស្កះ​ក្នុងនោះ​មាន​បៀវត្ស​ន៍​ប្រចាំឆ្នាំ ៦៥០០០​អឺរ៉ូ​,​ផ្ទះ​ប្រណីត​មួយ​ខ្នង​, ឡាន​ដោយមាន​អ្នកបើកបរ​២​នាក់​, ជំនួយការ​៧​នាក់ , អ្នកបម្រើ​២​នាក់ និង​ជិះ​រថភ្លើង​និង​យន្តហោះ​ដោយ​ឥតគិតថ្លៃ​ថែម​ទៀតផង​។​

អតីត​ប្រធានាធិបតី​បារាំង​ដែល​នៅមាន​បច្ចុប្បន្ន​មាន​បី​រូប​ក្នុងនោះ​មាន​លោក Nicolas Sarkozy, លោក Jacques Chirac,  និង លោក Valéry Giscard d’Estaing​។ អ្នក​ទាំងបី​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ដូច​បាន​រៀបរាប់​ខាងលើ​។ ហើយ​អ្នក​ទាំងបី​ក៏មាន​សិទ្ធិ​ចូលធ្វើការ​ក្នុង​តុលាការ​ធម្មនុញ្ញ ដើម្បី​ទទួលបាន​ប្រាក់បៀវត្ស​ន៍​ប្រចាំខែ ១៤០០០​អឺរ៉ូ​ថែមទៀត បើសិនជា​ពួកគាត់​ចង់​។ ប៉ុន្តែ​លោក Nicolas Sarkozy និង លោក Jacques Chirac បដិសេធ​បម្រើ​ការងារ​ក្នុង​តុលាការ​ធម្មនុញ្ញ​។​

យ៉ាងណា​ក៏ដោយចុះ ក្រុម​អ្នកឃ្លាំមើល បាន​អះអាងថា ការចំណាយ​លុយ​១០.៣​លាន​អឺរ៉ូ​ដើម្បី​ផ្តល់​ឲ្យ​អតីត​ប្រធានាធិបតី​បី​រូប​ជាការ​ចំណាយលុយ​រដ្ឋ​ច្រើន​ផុត​គេ​លើ​ពិភពលោក​។​គេ​ក៏​ស្នើ​ឲ្យ​មានការ​កាត់បន្ថយ​ប្រយោជន៍​ដែល​ត្រូវ​ផ្តល់ជូន​អតីត​ប្រធានាធិបតី​ដើម្បី​ជំរុញ​ការគ្រប់គ្រង​ការចំណាយ​របស់​រដ្ឋ​ឲ្យ​មាន​តម្លាភាព និង​កាត់បន្ថយ​ការចំណាយ​ឥតប្រយោជន៍​។  គេ​ស្នើ​ឲ្យ​បន្ថយ​រយៈពេល​នៃ​ការផ្តល់​ផលប្រយោជន៍​ដល់​អតីត​ប្រធានាធិបតី​នេះ​មក​ត្រឹម ១០​ឆ្នាំ​ក្រោយពេល​ចេញពី​តំណែង ហើយ​ការមិន​គិតថ្លៃ​ធ្វើដំណើរ​របស់​ប្រធានាធិបតី​ជា​រឿង​ហួស​សម័យ​ទៅហើយ​នៅ​បស្ចិមប្រទេស​។​

របាយការណ៍​ដែល​ត្រូវបាន​គេ​បញ្ចេញ​ជា​សាធារណៈ​នេះ​មាន​កម្រាស់ ២០​ទំព័រ ហើយ​ដើមឡើយ​វា​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៤​។ ក្រោយមក​វា​ត្រូវបាន​គេ​ធ្វើ​បច្ចុប្បន្នភាព​នៅ​ខែមីនា​ឆ្នាំ ២០១៥ ៕


Tag:
 Jacques Chirac
  Nicolas Sarkozy
  Valéry Giscard d’Estaing
© រក្សាសិទ្ធិដោយ thmeythmey.com