អន្តរជាតិ
ឱសថស្ថាន​នៅ​ក្រុងប៉ារីស ក្លាយជា​ទីតាំង​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្លាំង​
30, Sep 2016 , 6:30 pm        
រូបភាព
បាងកក​ប៉ុស្តិ៍​

​រដ្ឋធានី​ប៉ារីស ត្រូវគេ​ទទួលស្គាល់ថា ជាទី​ក្រុង​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​នៅ​អឺរ៉ុប ដោយ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ ប៉ម Eiffel សារមន្ទីរ The Louvre គឺជា​ចំណុច​ទាក់ទាញ​បំផុត​សម្រាប់អ្នកទេសចរ ដែល​គេឯង​តែងតែ​ទៅ​ទស្សនា​មិនដែល​ខាន​។ មកទល់ពេលនេះ ទីតាំង​ដែល​ទាក់ទាញ​មួយទៀត​នោះ គឺ​ឱសថស្ថាន​នានា ដែល​តាំង​លក់​គ្រឿងសម្អាង​ម៉ាក​ល្បីៗ ជាពិសេស​ទេសចរ​កូរ៉េខាងត្បូង​។  

 
​ក្រៅពី​ទីតាំង​សំខាន់ៗ​ទីក្រុង​ប៉ារីស ឱសថស្ថាន​នៅ​សង្កា​ត់ទី​៥ គឺជា​ចំណុច​ទាក់ទាញ​ខ្លាំង​បំផុត​សម្រាប់អ្នកទេសចរ​មក​ពី​កូរ៉េខាងត្បូង​។ ពួក​អ្នកទេសចរ​ទាំងនោះ តែង​ចំណាយពេល​ពេញ​មួយ​ព្រឹក​ទិញ​គ្រឿងសម្អាង​យ៉ាងច្រើន​។ មិនតែប៉ុណ្ណោះ ពួកគេ​ក៏​ប្រើ​ទូរ​សព្ទ​ដើម្បី​ស្វែងរក​ទំនិញ​ផ្សេងទៀត មុន​ទៅ​ប្រទេស​វិញ​។  
 
​ដោយសារតែ​អ្នក​ទេសចរណ៍​កូរ៉េខាងត្បូង​ច្រើន​បែបនេះ លោក Alexandre Freyburger ដែលជា​ម្ចាស់​ឱសថស្ថាន Pharmacie Monge ក៏​រៀបចំ​ដាក់​សៀវភៅ​ណែនាំ​ជា​ភាសា​កូរ៉េ ដើម្បី​សម្រួល​ដល់​អតិថិជនរ​បស់​ខ្លួន​។ លើសពីនេះ ឱសថស្ថាន​នោះ ក៏មាន​បុគ្គលិក​ចេះ​និយាយ​ភាសា​កូរ៉េ ដើម្បី​បម្រើ​សេវាកម្ម ព្រមទាំង​មាន​ខិត​បណ្ណ​ជា​ភាសា​កូរ៉េ​ដែរ​។ 
 
​តាមពិតទៅ មិនមែន​មានតែ​ឱសថស្ថាន​នៅ​សង្កា​ត់ទី​៥​នេះ​ទេ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​នោះ ឱសថស្ថាន​ផ្សេងទៀត​នៅក្នុង​ក្រុងប៉ារីស ក៏មាន​អ្នកទេសចរ​ចូល​ទិញ​ទំនិញ​ច្រើន​ដែរ​។ នេះ​ក៏​ដោយសារតែ​ឱសថស្ថាន​ទាំងនោះ លក់ទំនិញ​មានតម្លៃ​ថោក មាន​ច្រើន​ជម្រើស ជាពិសេស​នោះ បុគ្គលិក​អាច​និយាយ​ច្រើន​ភាសា​ងាយស្រួល​ទំនាក់ទំនង​។ 
 
​ក្រៅពី​ទេសចរ​មកពី​កូរ៉េខាងត្បូង ឱសថស្ថាន​ទាំងឡាយ​ក្នុង​ក្រុងប៉ារីស ក៏មាន​អតិថិជន​មកពី​ចិន បណ្ដា​ប្រទេស​អាស៊ី​ខាងកើត ក៏ដូចជា​ទេសចរ​មកពី​អាមេរិក​ឡាទីន​ដែរ​។ ប៉ុន្តែ​លោក​Freyburger និយាយថា ៧០​ភាគរយ​នៃ​ភ្ញៀវ​បរទេស​ជា​ជនជាតិ​កូរ៉េខាងត្បូង​។ 
 
​មូលហេតុ​ដែល​ភ្ញៀវទេសចរ​សម្រុក​ទិញ​គ្រឿងសម្អាង​ពី​បារាំង អាច​បណ្ដាលមកពី​តម្លៃ​នៃ​ទំនិញ​ទាំងនោះ​ដែល​តាំង​លក់​នៅ​ប្រទេស​របស់ខ្លួន មានតម្លៃ​ខ្ពស់កប់ពពក​។ ផលិតផល​សម្អាង​ម៉ាក​ល្បីៗ​ដូចជា Caudalie, Avène និង Nuxe មានតម្លៃ​ថ្លៃ​ណាស់​ក្នុង​ទីផ្សារ​អាស៊ី​។ ម្យ៉ាងទៀត​នោះ អ្នកទេសចរ​ទាំងនោះ ទិញ​ទំនិញ​នានា ដើម្បី​ផ្ញើ​គ្រួសារ​សាច់ញាតិ​របស់ខ្លួន​ដែរ​៕ 

Tag:
 បារាំង​
 ​កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com