ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ​CNRP បន្ត​ចូលប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​
04, Oct 2016 , 9:52 am        
រូបភាព
 
​ភ្នំពេញ​៖ នៅ​ព្រឹក​នេះ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែល​ដឹកនាំ​ដោយ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​។ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មកពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ចូលរួម​កិច្ចប្រជុំ​នេះដែរ ក្រោយពី​ប្រកា​សរក​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​


​បើតាម​អ្នកសារព័ត៌មាន​ថ្មីៗ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ប្រជុំ​នោះ​រួមមាន​លោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ លោក ហូ វ៉ាន់ លោក ប៉ុល ហំ​ម និង​អ្នកស្រី កែ សុ​វណ្ណា​រ័ត្ន ។​
 
​របៀប​វីរៈ​នៃ​កិច្ចប្រជុំ​នេះ មានដូចជា​ទី​១ ព្រះរាជសារ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៥​។ ទី​២ របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ និង​លើក​ទី​៧ នីតិកាល​ទី​៥​។​ទី​៣ ការពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​។ ទី​៤ ការពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៧ ស្តីពី​ប្រព័ន្ធ​ឆ្លងកាត់​គយ និង​កិច្ចព្រមព្រៀង​ក្របខណ្ឌ អាស៊ាន ស្តីពី​កិច្ច​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ទំនិញ​។ ទី​៥ ការពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ដើម្បី​អនុវត្ត​កញ្ចប់​ទី​៦ នៃ​ការប្ដេជ្ញា​បើកចំហរ​សេវា​ហិរញ្ញវត្ថុ​នៅក្រោម​កិច្ចព្រមព្រៀង ក្របខណ្ឌ​អាស៊ាន​ស្តីពី​សេវា​។ ទី​៦ ការពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ និង​ទី​៧ ការពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត និង​អនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន​។ ពិធីសារ​ស្តីពី​ការបង្កើត​និង​ការអនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន និង​ពិធីសារ​ស្តីពី​ក្របខណ្ឌ​ច្បាប់​សម្រាប់​អនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន​៕
 

Tag:
 CNRP
  ​រដ្ឋសភា​
© រក្សាសិទ្ធិដោយ thmeythmey.com