អន្តរជាតិ
មី​យ៉ាន់​ម៉ា លុបចោល​ច្បាប់​គាបសង្កត់​អ្នកនយោបាយប្រឆាំង​
05, Oct 2016 , 10:46 am        
រូបភាព
​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​កំពុង​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល បាន​លុបចោល​ច្បាប់​ចម្រូងចម្រាស​មួយ​ដែល​ធ្លាប់ប្រើ​ដោយ​រដ្ឋាភិបាលយោធា​មុនៗ ដើម្បី​បំបិទ​សំឡេង​អ្នកនយោបាយ​ប្រឆាំង​។ នេះ​ជា​ជំហាន​ថ្មី​មួយ​របស់​មី​យ៉ាន់​ម៉ា ក្នុងការ​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​ពេញលេញ បន្ទាប់ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ដឹកនាំ​ប្រទេស​រួចមក​។​



​សភា​មី​យ៉ាន់​ម៉ា ដែល​គ្របដណ្ដប់​ដោយ​សំឡេង​ភាគច្រើន​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បាន​បដិសេធចោល​ច្បាប់​ស្ដីពី​បញ្ញត្តិ​បន្ទាន់ ដែល​ត្រូវបាន​របប​យោធា​ប្រើប្រាស់ ដើម្បី​គាបសង្កត់​ក្រុម​ប្រឆាំងនឹង​ការដឹកនាំ​របស់ខ្លួន​។ សភា​មី​យ៉ាន់​ម៉ា បាន​ទាត់ចោល​ច្បាប់​ដ៏​អាស្រូវ​នេះ បើទោះជា​ក្រុម​សមាជិកសភា​មកពី​យោធា ដែលមាន​សំឡេង​ស្វ័យប្រវត្តិ​២៥​ភាគរយ ក្នុង​សភា​ទាំងពីរ​ជាន់ ប្រឆាំង​ដាច់ខាត​ក៏ដោយ​។​

​ច្បាប់​បញ្ញត្តិ​បន្ទាន់​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៥០ តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​មី​យ៉ាន់​ម៉ា​ទទួលឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ខណៈដែល​មី​យ៉ាន់​ម៉ា កំពុង​ប្រឈមមុខ​នឹង​ជម្លោះផ្ទៃក្នុង​រវាង​ក្រុម​ជនជាតិភាគតិច​ជាច្រើន​ក្រុម​នោះ​។ ច្បាប់​នេះ ផ្ដល់​អំណាច​យ៉ាង​ទូលាយ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​មនុស្ស​ដោយ​មិនចាំបាច់​មានការ​ចោទប្រកាន់ និង អនុ​ញ្ញ​ត​ឲ្យ​តុលាការ​កាត់ទោស​ជនសង្ស័យ បើទោះជា​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​ក៏ដោយ​។​

​យ៉ាងណាមិញ ក្រោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ​១៩៦២ រដ្ឋាភិបាលយោធា ក៏បាន​ប្រើ​ច្បាប់​នេះ​ដើម្បី​គាបសង្កត់​ក្រុម​សកម្មជន​ប្រឆាំង ដែល​ងើប​តវ៉ា​ប្រឆាំងនឹង​របប​យោធា​។ អ្នកនយោបាយ​ប្រឆាំង​ជាច្រើន​នាក់ ក៏​ត្រូវបាន​ចាប់ឃុំខ្លួន ដោយសារតែ​ច្បាប់​នេះ​។

​លោក Tun Tun Hein ប្រធាន​គណៈកម្មាធិការ​សេចក្ដីព្រាងច្បាប់​នៃ​សភា​មី​យ៉ាន់​ម៉ា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuter ពី​ការសម្រេច​របស់​កិច្ច​សភា​សហភាព (​កិច្ចប្រជុំ​រួម​នៃ​សភា​ទាំងពីរ​ជាន់​) ហើយ​ច្បាប់​ថ្មី​ដែល​ទាត់ចោល​ច្បាប់​បញ្ញត្តិ​បន្ទាន់ នឹង​ចូល​ជាធរ​មាននៅ​អំឡុងពេល​ពីរ​សប្ដាហ៍​ទៀត​។ លោក​បញ្ជាក់ថា ច្បាប់​នេះ​ត្រូវ​ប្រើ​ដោយ​របប​ផ្ដាច់ការ​សង្គមនិយម ដើម្បី​ចាប់​មនុស្ស​រាល់គ្នា ដែល​ប្រឆាំង​ខ្លួន​។

​សូម​រម្លឹក​ដែរ​ថា ចាប់តាំងពី​រដ្ឋាភិបាល​ស៊ីវិល ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ចូលកាន់​អំ​ណា​មក​នោះ ច្បាប់​ដែល​អនុម័ត​ដោយ​របប​យោធា​សំដៅ​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន ត្រូវ​ពិចារណា​លុបចោល​។ ជាមួយគ្នា​នោះ លោកស្រី ស៊ូ​ជី ក៏បាន​បញ្ជា​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ​ជាច្រើន​នាក់​ផងដែរ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដោយ​រដ្ឋាភិបាលយោធា​នាពេល​កន្លងមក​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com