អន្តរជាតិ
រុស្ស៊ី​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល S-300 ទៅ​ស៊ី​រី គំរាម​អាមេរិក​
05, Oct 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រុស្ស៊ី​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ប្រទេស​ស៊ី​រី ស្របពេល​ដែល​ភាព​តានតឹង​កើន​ខ្លាំង​រវាង​រុស្ស៊ី​និង​លោកខាងលិច​។ មន្ត្រី​រុស្ស៊ី​អះអាងថា ខែល​ការពារ​មី​ស៊ី​ល​នេះ​ត្រូវ​ពង្រាយ​ដើម្បី​ការពារ​នាវា​និង​យន្តហោះ​រុស្ស៊ី​ប៉ុណ្ណោះ ហើយ​លោកខាងលិច​មិនបាច់​បារម្ភ​ឡើយ​។ អាមេរិក​បារម្ភ​ថា យន្តហោះ​ចម្បាំង​របស់ខ្លួន​ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​នៅ​ស៊ី​រី​អាច​នឹងរង​គ្រោះ​ដោយសារ​ប្រព័ន្ធ​ការពារ​ដែនអាកាស រុស្ស៊ី​ពេលខាងមុខ​។ ក្រៅពី​ពង្រាយ​សព្វាវុធ​នេះ សភា​រុស្ស៊ី​ក៏​ត្រៀម ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​នៅ​ខេត្ត Latakia​ដោយ​គ្មាន​កំណត់​ដែរ​។​



​សូម​ស្តាប់​ព័ត៌មាន​លម្អិត​៖




​ខណៈដែល​ស្ថានភាព​តានតឹង​កើនឡើង​នៅ​ស៊ី​រី ក្រោយ​អាមេរិក​បោះបង់​រាល់​កិច្ចពិភាក្សា​លើ​ការបង្កើត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី  រុស្ស៊ី​ចាប់ផ្តើម​ពង្រាយ​សព្វាវុធ​ទំនើប​របស់ខ្លួន​បន្ថែម​ទៅកាន់​ទឹកដី​ស៊ី​រី​។ សព្វាវុធ​នោះ​គឺ ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 ដែល​ត្រូវបាន​កែសម្រួល​និង​បន្ទាន់​សម័យ​រួចហើយនោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Igor Konashenkov បាន​ទទួលស្គាល់ថា  ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 ពិតជា​ត្រូវបាន​បញ្ជូន​ទៅកាន់​ទឹកដី​ស៊ី​រី​មែន ហើយ​វា​នឹងត្រូវ​ឈរជើង​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រុស្ស៊ី Tartus ជាប់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​។ មន្ត្រី​យោធា​ជាន់ខ្ពស់​ក្រុង​ម៉ូស្គូ​រូបនេះ​បាន​ផ្តាំផ្ញើ​ទៅ​លោកខាងលិច​ផងដែរ​ថា ប្រព័ន្ធ​មី​ស៊ី​ល S-300 ជា ប្រព័ន្ធ​ការពារ​សុទ្ធសាធ ដូច្នេះហើយ​គេ​មិនចាំបាច់​ភ័យ​បារម្ភ​ចំពោះ​ការពង្រាយ​សព្វាវុធ​នេះ​ទេ​។

១.​យន្តហោះ​ចម្បាំង​អាមេរិក​ជា​គោលដៅ​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​រុស្ស៊ី​?
​ការពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល S-300 របស់​រុស្ស៊ី ទៅកាន់​ប្រទេស​ស៊ី​រី​ជា​រឿង​ដែល​ធ្វើ​ឲ្យ​លោកខាងលិច​បារម្ភ ទោះបីជា​មានការ​បញ្ជាក់​ស្រាប់​ថា​ប្រព័ន្ធ​នេះ​មិនមាន​គោលដៅ​ប្រឆាំង​លោកខាងលិច​ឡើយ​។  S-300 នេះ​ត្រូវបាន​រុស្ស៊ី​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ី​រី​លើកដំបូង​បំផុត ប៉ុន្តែ​កន្លងមក​រុស្ស៊ី​បាន​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​ស៊ី​រី​ចុងក្រោយ S-400 ជាច្រើន​គ្រឿង​ទៅកាន់​ខេត្ត Latakia ដែលមាន​យន្តហោះ​ចម្បាំង​រុស្ស៊ី​ច្រើន​គ្រឿង​ស្ថិតនៅ​។ ការពង្រាយ​សព្វាវុធ​នេះ​ធ្វើឡើង​ក្រោយពេល​យន្តហោះ​ចម្បាំង Su-24 ត្រូវបាន​កងទ័ព​តួ​ក​គី​បាញ់​ទម្លាក់​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៥​កន្លងទៅ​។

​ខែល​ការពារ​មី​ស៊ី​ល S-300 និង S-400 ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែលមាន​ឥទ្ធិពល​ខ្លាំង​។ វា​មិន​ត្រឹមតែ​អាចមាន​លទ្ធភាព​កម្ទេច រាល់​មី​ស៊ី​ល​, យន្តហោះ​ចម្បាំង និង​រាល់​វត្ថុ​ដែល​ហោះ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ចល័ត​បាន​ស្រួល​និង​មាន​បំពាក់​ប្រព័ន្ធ​រ៉ា​ដា​ដែល​អាច​ឃ្លាំមើល​តំបន់​ជាច្រើន​ទូទាំងប្រទេស​ស៊ី​រី​ផង​។



​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​បាន​អះអាងថា វា​ជា​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុងការ​ការពារ​របប​ដឹកនាំ​ស៊ី​រី  ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រុស្ស៊ី​កំពុង​ពង្រឹង​និង​ពង្រីក​ប្រព័ន្ធ​ការពារ​របស់ខ្លួន​នៅ​ស៊ី​រី​។ ហើយ​វា​ជា​សារ​មួយ​សម្រាប់​ក្រុង​វ៉ាស៊ីនតោន​ផងដែរ​ថា យន្តហោះ​អាមេរិក​នឹង​ប្រឈម​គ្រោះថ្នាក់​បើសិនជា​អាមេរិក​ហ៊ាន​អន្តរាគមន៍​ឬ​ធ្វើ​សកម្មភាព​មួយ​ប្រឆាំង​រុស្ស៊ី​និង​ស៊ី​រី​។  អាច​ថា វា​ជា​ពេលដែល​រុស្ស៊ី​បង្កើត​តំបន់​គ្មាន​ការហោះហើរ​សម្រាប់​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធមិត្ត​។​

​កាលពី​ដើមខែ​មុន អាមេរិក​បាន​បើក​យុទ្ធនាការ​វាយប្រហារ​តាមផ្លូវ​អាកាស​មួយ​ដោយ​សម្លាប់​ទាហាន​ស៊ី​រី​អស់យ៉ាង​ហោចណាស់ ៦០​នាក់ ប៉ុន្តែ​អាមេរិក​អះអាងថា ការវាយប្រហារ​នេះ​ជា​រឿង​អ​ចេតនា​និង​ជាការ​ភាន់ច្រឡំ​ប៉ុណ្ណោះ​។

​រឿង​ដែល​មិនអាច​ប្រកែក​បាន ដែលថា សកម្មភាព​រុស្ស៊ី​ជាការ​គំរាម​អាមេរិក និង​សម្ព័ន្ធមិត្ត ព្រោះ​ក្រុម​ភេរវជន​មិនមាន​យន្តហោះ​ចម្បាំង​និង​មី​ស៊ី​ល​ឡើយ​។​មានតែ​អាមេរិក​និង​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ប៉ុណ្ណោះ​ដែលមាន​យន្តហោះ​ចម្បាំង​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ទឹកដី​ស៊ី​រី​។ ដូច្នេះ​វា​ជា​រឿង​មិន​សម​ហេតុផល​ទាល់តែសោះ ដែល​រុស្ស៊ី​ត្រូវ​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រភេទ​នេះ​ទៅ​ការពារ​សព្វាវុធ​ខ្លួន​នៅ​ស៊ី​រី និង​មិនមែន​ប្រឆាំង​លោកខាងលិច​នោះ​។​

២.​រុស្ស៊ី​ត្រៀម​ដាក់​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍​នៅ​ស៊ី​រី​
​ក្រៅពី​ពង្រាយ​សព្វាវុធ​ដើម្បី​ពង្រឹង​អំណាច​យោធា​រុស្ស៊ី​និង​ដើម្បី​ការពារ​របប​ដឹកនាំ​ស៊ី​រី  រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​គ្រោង​ដាក់​មូលដ្ឋាន​កងទ័ពអាកាស​របស់ខ្លួន​អចិន្ត្រៃយ៍​នៅ​ស៊ី​រី​។ កងទ័ពអាកាស​រុស្ស៊ី នឹង​ប្រើប្រាស់​មូលដ្ឋានទ័ព​ស៊ី​រី​ដោយ​គ្មាន​ដែន​កំណត់ ហើយ​វា​នឹង​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​ស៊ី​រី​ដែរ​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានស្នើ​សុំ​ឲ្យ​សភា Duma ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ជាមួយ​ស៊ី​រី កាលពី​ខែសីហា​កន្លងទៅ ហើយ​គេ​រំពឹងថា​សភា​ជាន់​ទាប​រុស្ស៊ី នឹង​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ​នៅ​ថ្ងៃ​សុក្រ​ទី ៧​តុលា​ខាងមុខនេះ​។

​ទាក់ទិន​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ការបរទេស ព្រឹទ្ធសភា​រុស្ស៊ី Konstantin Kosachev បាន​បញ្ជាក់ថា ប្រសិនបើ​សភា​ជាន់​ទាប​រុស្ស៊ី​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ​ក្នុង​សប្តាហ៍​នេះ ព្រឹទ្ធសភា​នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ​និង​សម្រេច​ចុងក្រោយ​នៅ​ថ្ងៃ ១២ តុលា​សប្តាហ៍​ក្រោយ​ទៀត​។

​តាមពិតទៅ​រុស្ស៊ី​បានចាប់ផ្តើម​ពង្រាយ​កងទ័ព​ទ័ពអាកាស​របស់ខ្លួន​ទៅកាន់​ប្រទេស​ស៊ី​រី នៅក្នុង ២០១៥ ក្រោយ​មាន​សំណូមពរ​ពី​រដ្ឋាភិបាល​ស៊ី​រី ដែល​កំពុង​ច្បាំង​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម និង​បណ្តា​ក្រុម​ភេរវជន​ផ្សេងទៀត​។ ហើយ​ដល់​ចុងខែ​កញ្ញា ឆ្នាំ ២០១៥ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន​ទៅ​កម្ចាត់​ក្រុម​ភេរវជន និង​គាំទ្រ​កងកម្លាំង​លោក បា​សា អាល់​អាសាដ រហូត​អាច​វាយ​ដណ្តើម​ទឹកដី​ជាច្រើន​ពី​ក្រុម​ឧទ្ទាម​ផង​និង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com