អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់ លោក Antonio Guterres ជា​បេក្ខភាព​សម្រាប់​ជំនួស​តំណែង​លោក បាន គី​មូ​ន​
06, Oct 2016 , 7:39 pm        
រូបភាព
លោក Antonio Guterres បេក្ខជនអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Antonio Guterres បេក្ខជនអគ្គលេខាធិការអង្គការសហប្រជាជាតិ
​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ លោក Antonio Guterres កំពុងតែ​ខិតជិត​តំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ហើយ បន្ទាប់ពី​លោក​ត្រូវបាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ជ្រើសរើស​ជា​បេក្ខភាព​ជំនួស​លោក បាន គី​មូ​ន កាលពី​ថ្ងៃទី​៥ ខែតុលា​រួចមក​។ ការជ្រើសរើស​ដែល​រង់ចាំតែ​ការសម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ មានន័យថា ក្ដី​រំពឹង​ដែល​អគ្គលេខាធិការ​ថ្មី​ជា​ស្ត្រី ក៏ត្រូវ​បញ្ចប់​ដែរ​។​



សូបស្ដាប់ព័ត៌មានលម្អិត៖





​សមាជិក​ទាំង​១៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ឯក​ភាពជា​ឯកច្ឆន្ទ​ជ្រើសរើស​លោក Antonio Guterres ជា​បេក្ខភាព​សម្រាប់​តំណែង​អគ្គលេខាធិការ​ជំនួស​លោ​ក បាន គី​មូ​ន ដែល​ត្រូវ​ចប់​អាណត្តិ​។ លោក Guterres ក្លាយជា​បេក្ខជន​នាំមុខគេ ក្រោយ​ការបោះឆ្នោត​សម្ងាត់​៦​ដង ហើយ​បេក្ខភាព​របស់លោក នឹងត្រូវ​បោះឆ្នោត​សម្រេច​ចុងក្រោយ​ម្ដងទៀត មុននឹង​ដាក់​ឲ្យ​មហាសន្និបាត​បោះឆ្នោត​។ 

​អគ្គរដ្ឋទូត​រុស្សី​លោក Vitaly Churkin ដែលជា​ប្រធាន​ប្ដូរ​វេន​នៃ​ក្រុមប្រឹក្សាសន្តិសុខ ក៏បាន​ជូនដំណឹង​ការបោះឆ្នោត​នេះ​ដល់​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក Peter Thomson រួចហើយ​។ អគ្គរដ្ឋទូត​រូបនេះ និយាយថា ក្រុមប្រឹក្សាសន្តិសុខ នឹង​ជួបគ្នា​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា (​ម៉ោង​នៅ​អាមេរិក​) ដើម្បី​បោះឆ្នោត​ជា​ផ្លូវការ​លើ​បេក្ខភាព​លោក Guterres​។ បន្ទាប់មក ក្រុមប្រឹក្សាសន្តិសុខ​នឹង​បញ្ជូន​រឿងនេះ​ទៅ​មហាសន្និបាត​ពិចារណា​ចុងក្រោយ​។​

​លោក Antonio Guterres ដែលជា​អតីត​ប្រមុខ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀស​ខ្លូន​ដែរនោះ ត្រូវគេ​មើលឃើញថា ជា​បុគ្គល​សក្តិសម​សម្រាប់​តំណែង​អគ្គលេខាធិការ​នេះ​។ លោក​បាន​ផ្ដួល​គូប្រជែង​ចំនួន​១២​នាក់​ផ្សេងទៀត ក្នុងការ​បោះឆ្នោត​ជាសម្ងាត់​៦​ដង​។ ក្នុងការ​បោះឆ្នោត​ចុងក្រោយ លោក Guterres ទទួល​សំឡេង​លើកទឹកចិត្ត​ចំនួន​១៣ សំឡេង​គ្មាន​យោបល់​២ និង​មិនមាន​សំឡេង​មិន​លើកទឹកចិត្ត​ឡើយ​។

១. សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ ស្វាគមន៍​បេក្ខភាព​លោក Guterres
​អគ្គរដ្ឋទូត​នៃ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​រួមមាន​អាមេរិក ចិន រុស្សី បារាំង និង​ចក្រភព​អង់គ្លេស សុទ្ធតែ​បង្ហាញ​ជំហរ​សុទិដ្ឋិនិយម​ចំពោះ​បេក្ខភាព​របស់​អតីត​ប្រមុខ​ស្ថាប័ន​ជនភៀសខ្លួន​រូបនេះ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អាមេរិក និង​រុស្សី ដែល​កំពុង​មិនត្រូវ​គ្នា​លើ​បញ្ហា​ស៊ី​រី​នោះ ក៏បាន​សហការគ្នា​ដើម្បី​គាំទ្រ​លោក Guterres ដែរ ដែល​រឿងនេះ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង​។​

​លោកស្រី Samantha Power អគ្គរដ្ឋទូត​អាមេរិក​និយាយថា ទស្សនៈវិស័យ និង​បទពិសោធន៍​របស់លោក Guterres គឺជា​កត្តា​ដ៏​សំខាន់ ហើយ​លោក​នឹង​ក្លាយជា​ប្រមុខ​អង្គការសហប្រជាជាតិ ដែល​ធ្វើ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព ចំ​ពេលដែល​ពិភពលោក​កំពុង​ប្រឈមមុខ​បញ្ហា​ជាច្រើន​នោះ​។ លោកស្រី​បន្តថា លោក Guterres បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ ទាំង​នៅ​នយោបាយ​ក្នុងស្រុក និង​ពេល​លោក​ធ្វើជា​ប្រធាន​ស្ថាប័ន​ទទួលបន្ទុក​ជនភៀសខ្លួន​ផងដែរ​។​

​បើតាម​សារព័ត៌មាន CNN ប្រេសិត​ចក្រភព​អង់គ្លេស ក៏បាន​ស្វាគមន៍​បេក្ខភាព​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់​រូបនេះ​ដែរ​។ លោក Matthew Rycroft និយាយ​ដែរ​ថា ពិភពលោក​ត្រូវការ​អ្នកដឹកនាំ​ដែល​ខ្លាំងពូកែ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ឥតឈប់ឈរ​នាពេល​កន្លងមក ជាពិសេស​បញ្ហា​ស៊ី​រី​តែម្ដង​។ ដោយឡែក​អគ្គរដ្ឋទូត​បារាំង​ក៏បាន​ហៅ​ការជ្រើសរើស​លោក Guterres ដែល​ចេះ​និយាយ​បួន​ភាសា​ថា ជា​ព័ត៌មាន​ល្អ​សម្រាប់​ពិភពលោក​។

២. អឺរ៉ុប​ខាងកើត និង​អ្នកគាំទ្រ​បេក្ខភាព​ស្ត្រី បាន​ត្រឹម​ខកចិត្ត​
​អំឡុងពេល​នៃ​យុទ្ធនាការ​ជ្រើសរើស​អគ្គ​លេខាធិការ​ថ្មី​នេះ មាន​ការស្នើ​ជាច្រើន​ទៅកាន់​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​របស់​អង្គការសហប្រជាជាតិ ដើម្បី​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី ជា​ស្ត្រី ក៏ដូចជា​បេក្ខជន​មកពី​តំបន់​អឺរ៉ុប​ខាងកើត​ដែរ​។ ប៉ុន្តែ​ក្ដីសង្ឃឹម​ទាំងនោះ ត្រូវ​រលាយបាត់ ក្រោយ​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ជ្រើស​រើសយក​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់​ជំនួស​វិញ​នោះ​។ 

​សូម​រម្លឹកថា ក្នុងចំណោម​បេក្ខភាព​ទាំង​១៣​រូប ដែល​ចូល​ប្រជែង​កៅអី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ភាគច្រើន​មកពី​ប្រទេស​អឺរ៉ុប​ខាងកើត ក៏ដូចជា​បេក្ខជន​ស្ត្រី​ផងដែរ​។ លោកស្រី Kristalina Georgieva និង​លោកស្រី Irina Bokova មកពី​ប៊ុល​ហ្ការី ត្រូវគេ​មើលឃើញថា ជា​បេក្ខភាព​ដ៏​មាន​សក្ដានុពល​សម្រាប់​ជំនួស​តំណែង​អគ្គលេខាធិការ​ជនជាតិ​កូរ៉េខាងត្បូង លោក បាន គី​មូ​ន ដែល​នឹង​ចប់​អាណត្តិ​។​

​តាមពិតទៅ នៅ​អំឡុងពេល​នៃ​ការជ្រើសរើស​នេះ គេ​រំពឹងថា ប្រមុខ​អង្គការសហប្រជាជាតិ​ថ្មី នឹងត្រូវ​ដល់​វេន​ប្រទេស​អឺរ៉ុប​ខាងកើត​វិញ​ម្ដង ដ្បិត​មិនទាន់មាន​បុគ្គល​ណា​មកពី​តំបន់​នេះ​ដឹកនាំ​ស្ថាប័ន​ពិភពលោក​នេះឡើយ​។ រុស្សី ដែលជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ ក៏​តែង​អះអាងថា អគ្គលេខាធិការ​ថ្មី គួរតែ​ជា​មកពី​តំបន់​អឺរ៉ុប​ខាងកើត ដែល​រឿង​ទំនងជា​ប៉ះពាល់​ដល់​លោក Guterres ក្នុងពេល​បោះឆ្នោត​ចុងក្រោយ​នោះ​។   

៣. ជា​លើកដំបូង ការជ្រើសរើស​អគ្គលេខា​ធិ​ការ​ថ្មី ធ្វើ​ឡើងជា​សាធារណៈ​
​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុងការ​ជ្រើសរើស​អគ្គលេខា​ធិ​ការ​ថ្មី ជា​ជំហាន​ទៅមុខ​មួយទៀត​របស់​អង្គការសហប្រជាជាតិ​។ កាលពី​លើក​មុនៗ ការជ្រើសរើស​អគ្គលេខា​ធិ​ការ​ថ្មី ធ្វើឡើង​ជាសម្ងាត់​ក្នុងចំណោម​មហាអំណាច​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រពៃណី​នេះ ត្រូវបាន​ផ្លាស់ប្ដូរ ដោយសារតែ​បេក្ខជន​ទាំងអស់ បាន​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ សម្រាប់​ប្រជែង​តំណែង​ដ៏​ខ្ពស់​នេះ​។​

​កាលពី​ខែមេសា បេក្ខជន​ទាំងអស់ បាន​ចូលរួម​ក្នុងការ​ពិភាក្សា​ជាមួយ​អង្គការ​សហ​ប្រជា​តិ សង្គម​ស៊ីវិល ជុំវិញ​ទស្សនៈវិស័យ​របស់​ពួកគេ​លើ​បញ្ហា​ពិភពលោក​ដូចជា​ការអភិវឌ្ឍ​ដោយ​ចីរភាព បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​ជនភៀសខ្លួន​ដែរ ក៏ដូចជា​ដំណោះស្រាយ​លើ​បញ្ហា​ទាំងនោះ​ទៀតផង​។ បន្ទាប់មក​ក្នុង​ខែកក្កដា បេក្ខជន​ទាំង​១២ ក៏បាន​ចូលរួម​ក្នុងការ​ពិភាក្សា ដែល​ផ្សាយ​ផ្ទាល់​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។​

​ជាមួយនឹង​ការជ្រើសរើស​ជា​បេក្ខជន​នេះ លោក Guterres ត្រូវ​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ដែល​កំពុង​រង់ចាំ​លោក បន្ទាប់ពី​ការចាកចេញ​របស់លោក បាន គី​មូ​ន​។ ការងារ​ទាំងនោះ នឹង​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដ្បិត​លោក​ត្រូវ​សម្របសម្រួល​កិច្ចការ​ទាំងឡាយ​ជាមួយ​មហាអំណាច​ពិភពលោក ដែល​មិនមាន​ជំហរ​ស្របគ្នា និង​តែង​ប្រជែង​គ្នា​រហូតមក​នោះ ជាពិសេស​អាមេរិក និង​រុស្សី ដែលមាន​គំនិត​មិនដែល​ដូចគ្នា​ឡើយ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com