ភ្នំពេញ៖ មនុស្សម្នាក់ៗមានលក្ខណៈសម្បត្តិខុសៗគ្នា អ្នកខ្លះមានអត្ថចរិតល្អ ខ្លះអាក្រក់ ខ្លះព្រហើនកោងកាចក្អេងក្អាង ខ្លះទៀតចេះសម្របខ្លួន ដាក់ខ្លួន ស្គាល់កាលៈទេសៈ ចេះគោរពចាស់ទុំ គ្រូ រៀមច្បង ជាដើម។ ព្រោះតែភាពខុសគ្នាបែបនេះហើយទើបចាសបុរាណខ្មែរលោកបានលើកឡើងជាសុភាសិតថា «ងើយស្កក ឱនដាក់គ្រាប់» ដើម្បីជាគោលគំនិតខ្លីមួយសម្រាប់អប់រំកូនចៅជំនាន់ក្រោយ។ ប៉ុន្តែសុភាសិតនេះត្រូវបានមជ្ឈដ្ឋានបច្ចុប្បន្នមួយចំនួនយល់ឃើញថា ជាគំនិតអន់ថយទៅវិញ។ តើអ្វីជាចេតនាពិតនៃការលើកឡើងជាសុភាសិតនេះ?
កន្លងទៅ សុភាសិតខ្មែរ «ងើយស្កក ឱនដាក់គ្រាប់» ត្រូវបានគេបកស្រាយ ថាជាសុភាសិតមួយ ជាផ្នត់គំនិតមួយ ជាវិធីនៃការអប់រំមួយ ដែលនាំឲ្យមនុស្សជំនាន់ថ្មីខ្លាចគេ មិនហ៊ាននិយាយការពិត មិនហ៊ានប្រឈមមុខជាមួយរឿងរ៉ាវអយុត្តិធម៌ និងមនុស្សអាក្រក់ជាដើម។
ការព្យាយាមធ្វើការវិភាគទៅលើអត្ថន័យសុភាសិត ក្នុងផ្លូវអវិជ្ជមានបែបនេះ ក្នុងគោលបំណងប្រាប់មនុស្សខ្មែរជំនាន់ថ្មី ឲ្យចេះប្រឈមមុខ និងហ៊ាននិយាយការពិត ប្រឆាំងអំពើអាក្រក់គឺជារឿងល្អ។ ក៏ប៉ុន្តែអ្វីដែលចាំបាច់ គឺត្រូវទៅសិក្សាជាមុនពីអត្ថន័យពិត ថាសុភាសិតមួយនេះ ចាស់បុរាណលោកចង់បានអ្វីឲ្យពិតប្រាកដ? ព្រោះហេតុផលនេះ គឺដើម្បីជៀសវាងការវាយតម្លៃខុស ទៅលើតម្លៃពិតនៃគំនិតរបស់ដូនតាខ្លួន។
សុភាសិត «ងើយស្កក ឱនដាក់គ្រាប់» ប្រសិនបើធ្វើការបកស្រាយតាម ន័យត្រង់ចាស់បុរាណ លោកចង់សំដៅទៅលើធម្មជាតិស្រូវ កាលណា វាងើយឡើងលើ ទោះវាគម្រប់ថ្ងៃដែលត្រូវមានគ្រាប់ ប៉ុន្តែនៅតែងើយឡើងលើ នោះគឺមានន័យថា ស្រូវនោះស្កក ពុំមានគ្រាប់ អាចយកមកធ្វើជាអង្ករបាននោះទេ។ ផ្ទុយមកវិញ បើវាឱនចុះក្រោម នោះប្រាកដជាមានគ្រាប់ស្រូវ ហើយវាមានគ្រាប់ល្អ អាចប្រមូលជាទិន្នផល ផលិតជាអង្ករសម្រាប់ជាប្រយោជន៍បាន។
បើធ្វើការពិចារណាត្រឹមតែជាធម្មជាតិរបស់ស្រូវ ច្បាស់ណាស់អ្នកគិតគឺបានត្រឹមដឹងថា ស្រូវគឺបែបនេះ។ កាលណាខ្វះទឹក ធម្មជាតិក្ដៅខ្លាំង សត្វល្អិតរំខាន គុណភាពដីមិនល្អ នោះនឹងនាំឲ្យស្រូវត្រូវស្កកមិនអាចទទួលបានផលនោះទេ។ តែបើឃើញថា ស្រូវនោះឱន ហើយ នោះកសិករ នឹងសង្ឃឹមថានឹងបានផលល្អ។ ក៏ប៉ុន្តែនោះមិនមែនជាចេតនាពិតនៃការលើកឡើងជាសុភាសិតនេះទេ។
នៅក្នុងគោលគំនិតនៃសុភាសិតនេះ គេអាចមើលឃើញថា ចេតនាពិតរបស់ចាស់បុរាណខ្មែរ គឺលោកចង់ធ្វើការប្រៀបធៀប បុគ្គលដែលមានអំនួតក្អេងក្អាង មិនចេះឱនលំទោន មោទនកភាពជាមួយខ្លួនឯងជ្រុល ចាត់ទុកខ្លួនឯងគ្មានអ្នកណាស្មើ មើលឃើញសមត្ថភាពខ្លួនឯងខ្ពស់ជានិច្ច គឺប្រៀបដូចជាគួស្រូវដែលងើយ ហើយគ្មានគ្រាប់ដូច្នេះដែរ។ មនុស្សជំពូកនេះចាស់បុរាណលោក ចាត់ថាជាស្រូវស្កក ដែលមិនអាចយកជាប្រយោជន៍បាន។
ផ្ទុយមកវិញ ចាស់បុរាណខ្មែរលោកបានទូន្មាន កូនចៅខ្លួនជំនាន់ក្រោយ ឲ្យចេះដាក់ខ្លួន ឱនលំទោន គោរពឲ្យតម្លៃអ្នកដទៃ មិនប្រើធម៌ប្រមាថ មិនប្រើធម៌អំនួត ត្រូវប្រើធម៌មេត្តា រមែងមានគេចូលចិត្ត គោរពស្រឡាញ់ និងឲ្យតម្លៃ។ បន្ថែមពីនេះ គឺត្រូវមានឥរិយាបថសុភាពរាបសា ចេះគោរពចាស់ព្រឹទ្ធាចារ្យ ស្គាល់ញាតិមិត្ត អ្នកភូមិផងរបងជាមួយ។ នៅពេលដែលបុគ្គលគ្រប់រូប អាចប្រតិបត្តិ មាគ៌ាទាំងនេះបាន បុរាណចារ្យខ្មែរ លោកចាត់ទុកថាជនទាំងនោះ ប្រៀបដូចជាគួស្រូវដែលឱនដាក់គ្រាប់ ហើយគេអាចយកមកប្រើជាប្រយោជន៍បានគ្រប់តម្រូវការ។
ព្រោះតែគោលគំនិត នៃការគិតឃើញបែបនេះហើយ ទើបចាសបុរាណខ្មែរលោក ធ្វើការប្រៀបធៀបជាសុភាសិតថា«ងើយស្កក ឱនដាក់គ្រាប់»នេះ ដើម្បីជាមេរៀនមួយសម្រាប់បង្រៀនកូនចៅជំនាន់ក្រោយ។
ដោយឡែកប្រសិនបើគេធ្វើការឆ្លុះបញ្ចាំង ពីតម្លៃនៃសុភាសិតមកសង្គមសម័យថ្មីនេះ គេមើលឃើញថា មានជំពូកមនុស្សមួយចំនួន វង្វេងជាមួយនឹងភាពអំនួតរបស់ខ្លួន គិតថាខ្លួនចេះគ្រប់យ៉ាង អ្នកខ្លះខ្វះមូលដ្ឋានសីលធម៌ខ្មែរ ប្រើពាក្យអសុរោះ មិនគោរពអ្នកដទៃ ជាដើម។ រូបភាពទាំងនេះ គឺព្រោះតែកូនខ្មែរមិនបានគិតពីទស្សនៈរបស់ដូនតាខ្លួនដែលបានអប់រំតាំងពីរាប់សិបឆ្នាំមកហើយពីដំណើរនៃពាក្យថា «ងើយស្កក ឱនដាក់គ្រាប់»នេះ។
ជារួមមក សុភាសិតដ៏ខ្លីមួយនេះ គឺបានបង្ហាញពីតម្លៃអប់រំយ៉ាងខ្លាំង ដល់ការបណ្ដុះឲ្យមនុស្ស ចេះរស់នៅក្នុងសង្គមដោយគ្មានការរើសអើង និងចេះឲ្យតម្លៃមនុស្សដូចគ្នា។ តែទោះជាយ៉ាងណា ខ្មែរក៏មិនអាចយកសុភាសិតមួយនេះ មកអប់រំកូនចៅជំនាន់ក្រោយ ឲ្យក្លាយជាមនុស្សក្លាចគេ មិនហ៊ាននិយាយការពិត សុខចិត្តនៅក្រោមគំនាបនៃអំពើអាក្រក់ មនុស្សទុច្ចរិត ហើយគិតថាការបិតភ្នែក បិតត្រចៀក បិតមាត់ ដើម្បីសន្សំសុខឡើយ។ ការធ្វើបែបនេះ គឺមិនត្រឹមត្រូវតាមទិសដៅនៃការអប់រំរបស់សុភាសិតថា «ងើយស្កក ឱនដាក់គ្រាប់»ឡើយ៕