ពីនេះ ពីនោះ
តើ​ពេលណា​ត្រូវ​ប្រើ​«​អនុវត្ត​, អនុវត្តន៍ និង អនុវត្តិ​» នៅក្នុង​អត្ថបទ​សំណេរ​?
09, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ពាក្យ​ថា «​អនុវត្ត​, អនុវត្តន៍ និង អនុវត្តិ​» សាធារណជន​មួយចំនួន នៅមាន​ភាពមិនច្បាស់លាស់ នៅក្នុង​ការសរសេរ ថា​ពេលណា​ត្រូវ​សរសេរ​«​អនុវត្ត​, អនុវត្តន៍ និង អនុវត្តិ​»​ឡើយ​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា «​អនុវត្ត​, អនុវត្តន៍ និង អនុវត្តិ​» មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖

 
​នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​សរសេរថា​«​អនុវត្ត​» នោះ​គឺ​មានន័យថា​ពាក្យ​នេះ​ជា​កិរិយាសព្ទ ដែល​មានន័យថា ប្រព្រឹត្ត​តាម​, ធ្វើតាម​, យល់ព្រម​តាម​, អនុលោម​តាម​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​អនុវត្តន៍ ឬ អនុវត្តិ​» ដែល​មានន័យថា ការប្រព្រឹត្ត​តាម​, ការធ្វើ​តាម​, ការ​បណ្ដោយ​តាម​, អនុរោធ ជាដើម​។ 
 
​ប៉ុន្តែ​ក្នុងករណី សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរសរ​ជាមួយ​ពាក្យ «​អនុវត្តន៍ ឬ អនុវត្តិ​»​ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​អនុវត្តន៍ ឬ អនុវត្តិ​»​ទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​
 
​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​អនុវត្ត​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការអនុវត្ត​, ក្ដី​អនុវត្ត​, សេចក្ដី​អនុវត្ត និង​ដំណើរ​អនុវត្ត​»៕
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
 

Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com