ជាតិ
សេដ្ឋកិច្ច
World Bank៖ សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅតែ​រឹងមាំ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​
09, Oct 2016 , 6:59 pm        
រូបភាព
 
 
 
​ធនាគារ​ពិ​ភាព​លោក បាន​ប៉ាន​ស្មានថា កំណើនសេដ្ឋកិច្ច​នៅ​បណ្តា​ប្រទេស​កំពុង​អ​ភ​វិ​ឌ្ឍ​ន៍​នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នឹង​នៅតែមាន​ភាពរឹងមាំ នៅ​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ទៀត​។ ប៉ុន្តែ​ស្ថាប័ន​មួយ​នេះ​ក៏​ព្រមាន​ដែរ​ថា  តំបន់​នេះ​នៅតែ​ប្រឈម​ទៅនឹង​ហានិភ័យ​ធំៗ ក្នុងការ​រីកលូតលាស់ និង​ប្រទេស​ជាច្រើន ចាំបាច់​ត្រូវ​ចាត់វិធានការ​ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​និង​សារពើពន្ធ​។

 
​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​អាស៊ី​បូព៌ា នឹង​កើន​ឡើងដល់ ៥,៨ ភាគរយ នៅក្នុង​ឆ្នាំ ២០១៦ និង ៥,៧ ភាគរយ នៅក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ។ នេះ​បើ​យោងតាម​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​ទើប​ចេញផ្សាយ​នៅ​ថ្ងៃទី​៤ ខែតុលា​កន្លងទៅ​។ 
 
​របាយការណ៍​ដដែល​នេះ បាន​រំពឹងថា កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន នឹង​នៅតែ​បន្ត​ថយចុះ​បន្តិច​ម្តងៗ ពី ៦,៧ ភាគរយ នៅ​ឆ្នាំនេះ ដល់ ៦,៥ ភាគរយ នៅ​ឆ្នាំ​២០១៧ និង ៦,៣ ភាគរយ​នៅ​ឆ្នាំ​២០១៨ ។ រីឯ​កំណើនសេដ្ឋកិច្ចរ​បស់​ប្រទេស​ដទៃទៀត​ក្រៅពី​ចិន នៅក្នុង​តំបន់​នេះ ត្រូវបាន​ប៉ាន់​ស្មានថា នៅ​រក្សាបាន​ស្ថិរភាព​ក្នុង​កម្រិត ៤,៨ ភាគរយ នៅក្នុង​ឆ្នាំនេះ និង​ឡើងដល់ ៥ ភាគរយ​នៅ ឆ្នាំ ២០១៧ និង ៥,១ ភាគរយ ក្នុង​ឆ្នាំ​២០១៨ ។ 
 
​លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា​៖«​ទស្សនវិស័យ សម្រាប់​ការអភិវឌ្ឍ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅតែមាន​លក្ខណៈ​វិជ្ជមាន ជាមួយនឹង​ភាពទន់ខ្សោយ នៃ​កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក និង​បរិមាណ​តម្រូវការ​ពី​ខាងក្រៅ ដែល​ត្រូវបានធ្វើ​តុល្យ​កម្ម ដោយ​ការប្រើប្រាស់​ទំនិញ និង​វិនិយោគទុន​ក្នុងស្រុក​រឹងមាំ​។ លោកស្រី​បន្តថា​៖«​បញ្ហា​ប្រឈម​រយៈពេល​វែង គឺ​ត្រូវ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​កំណើន​នេះ កើន​លើ​គ្រប់​វិស័យ រួមទាំង​ការ​បង្រួម​គម្លាត​នៃ​ប្រាក់ចំណូល និង​លទ្ធភាព​ទទួលបាន​សេវាកម្ម​សាធារណៈ​ពិសេស​នៅក្នុង​ប្រទេស​ចិន ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​នេះ ការកាត់បន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​ដែល​នៅតែ​បន្ត​កើតមាន និង​ការប្រើប្រាស់​សក្តានុពល​នៃ​បច្ចេកវិទ្យា ដើម្បី​ជំរុញ​ឲ្យ​មានការ បង្កើន​ហិរញ្ញវត្ថុ​»​។  
 
​បើតាម​របាយការណ៍​នេះ កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​ចិន នឹង​ថយចុះ ដោយសារតែ​ប្រទេស​នេះ​បន្ត​រក្សា​តុល្យភាព​ឡើងវិញ​ចំពោះ​ការប្រើប្រាស់​ទំនិញ​សេវាកម្ម និង​សកម្មភាព​តម្លៃបន្ថែម​កា​ន់​តែ​ខ្ពស់ និង​ដោយសារ​សមត្ថភាព​ឧស្សាហកម្ម​ដែល​លើស ត្រូវបាន កាត់បន្ថយ​។ ទោះជា​យ៉ាងនេះ​ក្តី ទីផ្សារការងារ​ដែល​កាន់តែ​ចង្អៀត នឹង​គាំទ្រ​ដល់​កំណើន​លើ​ប្រាក់ចំណូល និង​ការប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ជា​បន្ត​។ 
 
​ដោយឡែក ក្នុងចំណោម​ប្រទេស​ធំៗ​ដទៃទៀត ការព្យាករណ៍​មាន​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ហ្វ៊ី​លី​ពិន ដែល​គេ​រំពឹងថា កំណើន​នៅក្នុង​ប្រទេស​នេះ នឹង​កើន​ឡើងដល់ ៦,៤ ភាគរយ​នៅក្នុង​ឆ្នាំនេះ ខណៈ​នៅ​ឆ្នាំនេះ ប្រទេស​វៀតណាម​ដែល​កំណើនសេដ្ឋកិច្ច នឹងមាន​ការធ្លាក់ចុះ​ដោយសារ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ ក៏ប៉ុន្តែ​នឹង​កើនឡើង​វិញ​ដល់ ៦,៣ ភាគរយ នៅក្នុង​ឆ្នាំ ២០១៧ ។ រីឯ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កំណើនសេដ្ឋកិច្ច​នឹង​កើនឡើង​ថេរ​ពី ៤,៨ ភាគរយ នៅក្នុង​ឆ្នាំ​២០១៥ ដល់ ៥,៥​ភាគរយ នៅក្នុង​ឆ្នាំ​២០១៨ ដោយ​ផ្អែកលើ​ការកើនឡើង​នៃ​វិនិយោគទុន​សាធារណៈ និង​ជោគជ័យ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កែលម្អ​បរិយាកាស​វិនិយោគ និង​បង្កើន​ប្រាក់ចំណូល​ជាតិ​។ ចំណែក​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កំណើនសេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ​ពី ៥​ភាគរយ ក្នុង​ឆ្នាំ ២០១៥ មក​នៅ ៤,២​ភាគរយ​ក្នុង​ឆ្នាំ ២០១៦ ដោយសារ តែ​បរិមាណ​តម្រូវការ​ប្រេងឥន្ធនៈ​និង​ការនាំចេញ​ផ្នែក​ផលិតកម្ម​នៅលើ​ពិភពលោក​ថយចុះ​។​
 
​ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​តូច​ជាងគេ ការព្យាករណ៍​លើ​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​ទាំងនេះ បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​លើ​ផ្នែក​នាំ​ទំនិញ​ចេញ​។ សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​កើនឡើង​ត្រឹមតែ ០,១ ភាគរយ​តែប៉ុណ្ណោះ គឺ​បាន​ធ្លាក់ចុះ​ពី ២,៣​ភាគរយ​ក្នុង​ឆ្នាំ ២០១៥ ដោយសារតែ​ការថយចុះ​ផ្នែក​នាំចេញ​រ៉ែ និង​មិនសូវ មាន​កិច្ចប្រឹងប្រែង​ក្នុងការ​ត្រួតពិនិត្យ​បំណុល​។ ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​នី នឹងមាន​កំណើនសេដ្ឋកិច្ច​កើន​បាន ២,៤​ភាគរយ​នៅ ក្នុង​ឆ្នាំ ២០១៦ គឺ​ធ្លាក់ចុះ​ពី ៦,៨​ភាគរយ​ក្នុង​ឆ្នាំ ២០១៥ ដោយសារតែ​ការធ្លាក់ចុះ​នៃ​តម្លៃ​ទំនិញ និង​ទិន្នផល​លោហៈ​ស្ពាន់ និង​ឧស្ម័ន​ធម្មជាតិ​។ ផ្ទុយទៅវិញ កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា នឹង​នៅតែមាន​ភាពរឹងមាំ​។​
 
​សម្រាប់ លោក ស៊ុ​ឌៀ សេត​ទី ប្រធាន​សេដ្ឋកិច្ចវិទូ​នៃ​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក មានការ​ព្យាករ​ល្អ​ក្តី ក៏​កំណើនសេដ្ឋកិច្ច​នៅក្នុង​តំបន់​នេះ អាស្រ័យ​លើ​ហានិភ័យ​ធំៗ​ជាច្រើន​ដែរ ហើយ​ការ​រឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ខ្លាំង​ជា​លក្ខណៈ​សាកល ការធ្លាក់ចុះ​បន្ថែមទៀត​នៃ​កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក ឬ​ការធ្លាក់ចុះ​លឿន​ជាង​ការរំពឹងទុក​នៃ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន នឹងធ្វើ​ការសាកល្បង​លើ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​បូព៌ា​។ លោក បានបញ្ជាក់​បន្តថា ភាពមិនច្បាស់លាស់​ទាំង​នេះ វា​មាន​សារៈសំខាន់​ចំពោះ​អ្នកតាក់តែង​គោលនយោបាយ​ទាំងឡាយ ក្នុងការ​កាត់បន្ថយ​អតុល្យភាព​ហិរញ្ញវត្ថុ និង​សារពើពន្ធ ដែល​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុ​ន្មា​ឆ្នាំ​ថ្មីៗ​នេះ​។​
 
​អាទិភាព​បន្ទាន់​ជាច្រើន រួមមាន​ការធ្វើកំណែទម្រង់​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង លើ​វិស័យ​រួម​របស់ខ្លួន និង​ការដាក់​កំណើន​ឥណទាន​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​មួយ​ក្នុងប្រទេស​ចិន ការកាត់បន្ថយ​ការកើនឡើង​នៃ​ហានិភ័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​ក្រៅ​ស្រុក នៅក្នុង​ប្រទេស​ធំៗ​ដទៃទៀត ការថែរក្សារ​នាំ​សារពើពន្ធ និង​ការបង្កើន​ប្រភព​ប្រាក់ចំណូល​នៅ​ទូទាំង​តំបន់ ជាពិសេស​សម្រាប់​អ្នក​ផលិត​ទំនិញ និង​ការឆ្លើយតប​ទៅនឹង​ហានិភ័យ​ចំពោះ​និរន្តរភាព​សារពើពន្ធ​នៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី និង​អ៊ី​ស្ទី​ម័​រ​។​
 
​សម្រាប់​រយៈពេល​វែង របាយការណ៍​នេះ បាន​គូសបញ្ជាក់​វិស័យ​ចំនួន ៤ ដែល​វិធានការ​នយោបាយ អាច​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​។ ទី​១. របាយការណ៍​នេះ​បាន  ផ្តល់​អនុសាសន៍​ឲ្យ​ប្រទេស​ចិន កសាង​បន្ថែម​លើ​ជោគជ័យ​ពី​អតីតកាល​របស់ខ្លួន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​លទ្ធភាព​ទទួលបាន​សេវាសាធារណៈ​គោល សម្រាប់​ប្រជាជន​រស់នៅ​តំបន់​ជនបទ និង​សម្រាប់​ជន​ចំណាកស្រុក​ទៅកាន់​ទីក្រុង​ដែល​នៅតែ​កំពុង​កើនឡើង​។ ទី​២ ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​នេះ ចាំបាច់​ត្រូវតែ​បំពេញ​នូវ​គម្លាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​តាមរយៈ​ការធ្វើ​តុល្យ​កម្ម​ឡើងវិញ លើ​ចំណាយ​សាធារណៈ ការបង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​សាធារណៈ និង​ឯកជន និង​កែលម្អ​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​វិនិយោគទុនសាធារណៈ​។ ទី​៣. របាយការណ៍​នេះ ជំរុញ​ឲ្យ​អ្នកតាក់តែង​គោលនយោបាយ​នានា ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដែល​រីក​រាលដាល​។ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​សម្រាប់​កុមារ មាន​កម្រិត​ខ្ពស់​នៅក្នុង​ប្រទេស​ជាច្រើន សូម្បីតែ​នៅក្នុង​ប្រទេស​អ្នកមាន​ក៏​ដូច្នោះ​ដែរ ហើយ​ដែល​បញ្ហា​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការលូតលាស់​នៃ​ខួរក្បាល ដែល​ពិបាក​នឹង​ស្រោចស្រង់​ឡើ​វិញ ណាស់​។ របាយការណ៍​នេះ ផ្តល់​អនុសាសន៍​ឲ្យ​មាន​វិធានការ​សម្របសម្រួល​នៅ​ទូទាំង​វិស័យ រួមទាំង​កម្មវិធី​អភិវឌ្ឍន៍​កុមារ​តូច និង​អន្តរាគមន៍​មីក្រូ​អាហារូបត្ថម្ភ​។​
 
​ចុងក្រោយ របាយការណ៍​នេះ បានផ្តល់​អនុសាសន៍​ឲ្យ​ប្រទេស​នានា ប្រើប្រាស់​នូវ​សក្តានុពល​នៃ​បច្ចេកវិទ្យា​ក្នុងការ​ផ្លាស់ប្តូរ​សេវា​ហិរញ្ញវត្ថុ និង​បង្កើន​ការដាក់​បន្ថែម​នូវ​ហិរញ្ញវត្ថុ​។ តំបន់​នេះ មាន​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា ដែលមាន​លំហូរ​ចូល​ដ៏​ច្រើន​នៃ​ទូរស័ព្ទដៃ ក៏ប៉ុន្តែ​ខ្វះ​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​។  ដោយឡែក ដើម្បី​ទទួលផល​ពី​ទំនើបកម្ម​ផ្នែក​ហិរញ្ញវត្ថុ ប្រទេស​នានា នឹង​ចាំបាច់​ត្រូវ​ពង្រឹង​ក្របខណ្ឌ​ច្បាប់​និង​និយ័តកម្ម និង​បង្កើន​ការការពារ​អតិថិជន​៕
 
 
 

Tag:
 World Bank
© រក្សាសិទ្ធិដោយ thmeythmey.com