ជាតិ
សាលា​រាជធានី​ភ្នំពេញ ប្រកាស​ដាក់​ភ្លើង​បំភ្លឺ​គ្រប់​ដងផ្លូវ​ទូទាំង​រាជធានី នៅ​ឆ្នាំ​២០១៧
09, Oct 2016 , 7:19 pm        
រូបភាព
 
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ នឹងដាក់​ភ្លើង​បំភ្លឺ​គ្រប់​បណ្ដា​ផ្លូវ​ទាំងអស់​នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ បានធ្វើ​ចរាចរ​នៅ​ពេលយប់​ប្រកបដោយ​សុវត្ថិភាព​។​គិត​មកដល់ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដាក់ ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ នៅ​ទូទាំង​រាជធានី បាន​ចំនួន​៥០​ភាគរយ​ហើយ​។ នេះ​បើតាម​ទី​ភា្ន​ក់​ងារ​សារព័ត៌មាន​ជាតិ AKP​។​


​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា បង្គោល​ភ្លើង​ដែល​នៅសល់​ជាង​៥០​ភាគរយ​ទៀត ពោលគឺ​បង្គោល​ភ្លើង​ជាង​១២០០០​ដើម នឹងត្រូវ​សម្រុក​ដាក់​នៅតាម​ផ្លូវ​ទូទាំង​រាជធានី​ភ្នំពេញ ឲ្យ​បាន​រួចរាល់​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ។ បើតាម​លោក ប៉ា សុជាតិ​វង្ស ការបំភ្លឺ​ភ្លើង​សាធារណៈ​នៅតាម​ដងផ្លូវ​នាពេល​យប់​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​អាចជួយ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប់​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ បាន​ទាន់ពេលវេលា​ផងដែរ​។​
 
​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖« យ៉ាងយូរបំផុត​ចាប់ ពី​ឆ្នាំ​ក្រោយនេះ​តទៅ​ផ្លូវ​ទាំងអស់ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​នឹងមាន ភ្លើង​បំភ្លឺ​ផ្លូវ​ក្នុងពេល​រាត្រី​ដើម្បី​លើក កម្ពស់​សោភណភាព​ទីក្រុង​ឱ្យ​កាន់តែ​ស្រស់ស្អាត​»​។​
 
​សូមបញ្ជាក់ថា នៅ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​សរុប​ប្រមាណ​៥០០​ផ្លូវ ក្នុងនោះ​មន្ត្រី​ជំនាញ​បាន​បំពាក់​ប្រព័ន្ធ​អំពូល​ភ្លើង​ថ្មី​បាន​ចំនួន​១៣៣​ផ្លូវ ។ ចំណែក​ច្រក​ផ្លូវ​តូចៗ​ចូលទៅ​ក្នុងភូមិ នឹងត្រូវ​អនុវត្តន៍​ក្រោយ​បញ្ចប់​គម្រោង​នេះ​៕

Tag:
 បង្គោល​ភ្លើង​
  ប៉ា សុជាតិ​វង្ស
© រក្សាសិទ្ធិដោយ thmeythmey.com