កីឡាជាតិ
ជាតិ
លោក Lee៖ កម្ពុជា​បង្កើន​ទម្រង់​លេង​កាន់តែ​រីកចម្រើន តែ​ការគ្រប់គ្រង​បាល់​នៅ​មិនទាន់​ល្អ​
10, Oct 2016 , 11:34 am        
រូបភាព
 
​ភ្នំពេញ​៖ បើទោះជា​កម្ពុជា បាន​យកឈ្នះ​ក្រុម​ស្រីលង្កា កាលពី​ម្សិលមិញ ដោយ​លទ្ធផល​៤​ទល់ ០ ក្តី តែ​គ្រូបង្វឹក​កម្ពុជា មិនទាន់​ពេញចិត្ត​នឹង​ទម្រង់​លេង​វាយបក​ទៅលើ​គូប្រកួត​របស់​ក្រុម​កម្ពុជា​ឡើយ​។ គ្រូបង្វឹក​ថា កីឡាករ​ភាគច្រើន​នៅមាន​ចំណុច​ខ្វះខាត ចំពោះ​គ្រប់គ្រង​បាល់​និង​ការផ្លាស់ប្ដូរ​ល្បឿន​វាយ​សម្រុក​។


​ក្រោយពី​ប្រកួត​យកឈ្នះ​ក្រុម​ស្រីលង្កា​ដោយ​លទ្ធផល​៤​ទល់​០​នោះ គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​លោក Lee Tae Hoon ទទួលស្គាល់ថា កីឡាករ​កម្ពុជា​បាន​បង្កើន​តុល្យភាព​នៃ​ទម្រង់​លេង​កាន់តែ​រីកចម្រើន​ជា​លំដាប់​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​។ តែ​សម្រាប់​លោក Lee កីឡាករ​កម្ពុជា​នៅមាន​ចំណុច​ខ្វះខាត​ជាច្រើន​ទៀត ដែល​ត្រូវ​ពង្រឹង​បន្ថែម​នោះ គឺ​ការលេង​របៀប​គ្រប់គ្រង​បាល់ និង​ការប្រើ​ល្បឿន​វាយ​សម្រុក​និង​ការពារ​។​
 
​ថ្លែង​ក្នុង​សន្និសីទកាសែត ក្រោយ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ស្រីលង្កា​កាលពី​ម្សិលមិញ គ្រូបង្វឹក​កម្ពុជា​រូបនេះ បានបញ្ជាក់​ពី​ចំ​ណុ​ខ្វះខាត​របស់​កីឡាករ​ខ្លួន​ដូច្នេះ​ថា​៖«​ថ្ងៃនេះ​កីឡាករ​យើង​ធ្វើ​ការងារ​ខ្លាំង ធ្វើ​បានល្អ ដូច្នេះ​យើង​ទទួលបាន​ជ័យជម្នះ​។ ប៉ុន្តែ​វា​មិនមែនជា​ប្រកួត​ដែល​ល្អ​បំផុត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង​នោះទេ ។ យើង​បាន​បង្កើន​បញ្ហា​ដោយ​ខ្លួនឯង​ជាច្រើន ។ កីឡាករ​យើង​ភាគច្រើន គឺ​ការផ្លាស់ប្ដូរ​ល្បឿន​នៅពេលដែល​គ្រប់គ្រង​បាល់ មិនទាន់​បានល្អ ដោយ​តែងតែ​គ្រប់គ្រង​បាល់​ទៅដល់​ជើង​គូប្រកួត​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​បាល់​ជាច្រើន​»​។​
 
​លោក Lee Tae Hoon ចាត់ទុក​ចំណុច​ទាំងនេះ ជា​បញ្ហា​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវការ​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​ពី​ចំណុច​ខ្វះខាត​របស់​ពួកគេ ដើម្បី​ឆ្លង​ផុត​វគ្គ​ជម្រុះ AFF Suzuki Cup ។ នៅ​ថ្ងៃទី​១៥ ខែតុលា ខាងមុខ កម្ពុជា​នឹង​ស្វាគមន៍​ឡាវ សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFF Suzuki Cup មុន​ប៉ះ​ជា​បន្តបន្ទាប់​ជាមួយ​ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ឈានទៅ​កាន់​វគ្គ​បន្ត​៕

Tag:
 កម្ពុជា​
 ​ ស្រីលង្កា​
 ​ មិត្តភាព​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com