ជាតិ
ចៅអធិការ​វត្ត​ចាស់ មិន​ផ្តល់​ទីតាំង​វត្ត សម្រាប់​បុណ្យ​១០០​ថ្ងៃ​លោក កែម ឡី ឡើយ​
10, Oct 2016 , 6:48 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន ពុំ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ​១០០​ថ្ងៃ​របស់លោក​បណ្ឌិត​កែម ឡី រួចមក នៅ​ថ្ងៃទី​១០ តុលា​នេះ ចៅអធិការ​វត្ត​ពោធិ​យ៉ា​រ៉ា​ម ហៅ​វត្ត​ចាស់ ក៏​ឯកភាព​នឹង​សេចក្តីជូនដំណឹង​នេះដែរ ដោយ​មិន​ផ្តល់​ទីតាំង​វត្ត​ចាស់ ដល់​គណៈកម្មការ​រៀប​ចំ​បុណ្យ​១០០​ថ្ងៃ​របស់លោក កែម ឡី ឡើយ​។ 



​ចៅអធិការ​វត្ត​ពោធិ​យ៉ា​រ៉ា​ម ហៅ​វត្ត​ចាស់ ព្រះនាម មាស សា​ខន បានប្រកាស​មិន​ផ្តល់​ទីតាំង​វត្ត​ចំពោះ​ការរៀបចំ​បុណ្យ​១០០​ថ្ងៃ​របស់ លោក កែម ឡី នោះទេ​។ ការប្រកាស​របស់​ចៅអធិការ​វត្ត​ចាស់​នៅពេលនេះ គឺធ្វើឡើង​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ​១០០​ថ្ងៃ​របស់ លោក កែម ឡី ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ នេះ​បើតាម​ការ​សេចក្តីប្រកាស​របស់​ព្រះអង្គ មាស សា​ខន ចៅអធិការ​វត្ត​ចាស់​។

​​សេចក្តីប្រកាស​ដដែល​បានសរសេរថា​៖«​អាត្មាភាព និង​គណៈកម្មការ​វត្ត​ពោធិ​យ៉ា​រ៉ា​ម សូម​ឯកភាព​ចំពោះ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​ពុំ​អនុញ្ញាត​យក​ទីតាំង​វត្ត​ធ្វើ​ពិធី​ខាងលើ​ឡើយ​។ ក្នុងករណី​មានការ​រៀបចំ​បុណ្យ​១០០​ថ្ងៃនោះ អាត្មាភាព គណៈកម្មការ​វត្ត​មិន​ទទួលខុស​ត្រួវ​នោះទេ និង​សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់ចែង​ទៅតាម​វិធានការ​រដ្ឋបាល​»​។

សូមបញ្ជាក់ថា កាល​ថ្ងៃទី​០៧ តុលា ឆ្នាំ​២០១៦ កន្លងមក សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង មិន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ​១០០​ថ្ងៃ​របស់ លោក​បណ្ឌិត កែម ឡី នៅ​រាជធានី​ភ្នំពេញ​នោះឡើយ ដោយ​ណែនាំ​ឲ្យ​គ្រួសារ​សព្វ​រៀបចំ​បុណ្យ​១០០​ថ្ងៃ នៅ​គេហដ្ឋាន​របស់លោក កែម ឡី នា​ស្រុកកំណើត ក្នុង​ខេត្តតាកែវ​វិញ​៕  


Tag:
 ចៅអធិការ​វត្ត​ចាស់​
 ​កែម ឡី​
 ​បុណ្យ​១០០​ថ្ងៃ
© រក្សាសិទ្ធិដោយ thmeythmey.com