អន្តរជាតិ
ចិន សរសើរ​ប្រធានាធិបតី​ហ្វីលីពីន​ដែលមាន​ឆន្ទៈ និង​ផ្តល់​តម្លៃ​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ
12, Oct 2016 , 10:38 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីចិន ជជែកជាមួយនឹងប្រធានាធិបតីហ្វីលីពីន នាកិច្ចប្រជុំអាស៊ាន (រូបភាព៖ Xinhua )
លោកនាយករដ្ឋមន្ត្រីចិន ជជែកជាមួយនឹងប្រធានាធិបតីហ្វីលីពីន នាកិច្ចប្រជុំអាស៊ាន (រូបភាព៖ Xinhua )
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​សរសើរ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ដែល​ផ្តល់​សារសំខាន់​លើ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។ ក្រុង​ប៉េកាំង ក៏បាន​ស្វាគមន៍ និង​ត្រៀមខ្លួន​សហការ​ជាមួយ​ក្រុង​ម៉ានីល​ដើម្បី​ធ្វើការ​រួមគ្នា​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​កសាង​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុង​ប៉េកាំង​បែបនេះ ធ្វើឡើង​ខណៈពេលដែល​ប្រធានាធិបតី​ហ្វីលីពីន ក៏​ត្រៀម​នឹង​បំពេញ​ទស្សនកិច្ច​លើកដំបូង​នៅ​ចិន​នា​សប្តាហ៍​ក្រោយ​ផងដែរ​នោះ​។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក  Geng Shuang នៅ​ថ្ងៃទី​១១ ខែតុលា ម្សិលមិញ បាន​ថ្លែង​នាឱកាស​សង្ខេប​ព័ត៌មាន​ថា ចិន ពិតជា​ស្វាគមន៍​ចំពោះ​វត្តមាន​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​ទៅកាន់​ចិន​។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ថា​តើ​នឹងមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ត្រូវធ្វើឡើង​នា​ទស្សនកិច្ច​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ទំហំ​ណា​នោះ អ្នកនាំពាក្យ​រូបនោះ ប្រាប់ថា ភាគី​ទាំងពីរ កំពុងតែ​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ និង​យកចិត្តទុកដាក់​។

​អ្នកនាំពាក្យ​រូបនោះ ក៏បាន​បន្ថែមថា ចិន និង​ហ្វីលីពីន មាន​ឆន្ទៈ​ដូចគ្នា​ក្នុងការ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី បន្ត​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ផលប្រយោជន៍​រួម ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​រួម​ផងដែរ​នោះ​។ លោក Geng ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ចិន បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការរួម​ដៃ​ជាមួយនឹង​ហ្វីលីពីន​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ដើម្បី​ធានា​ឲ្យ​បាន​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ និង​ទទួល​បានជា​លទ្ធផល​ឈ្នះ​-​ឈ្នះ សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។

​បើតាម​សារព័ត៌មាន​ហ្វីលីពីន លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​នៅ​ថ្ងៃទី​១៩-២១ ខែតុលា​ខាងមុខ​ដ៏​ខ្លី​នេះ​។ ហើយ​តាម​ការអះអាង​ដោយផ្ទាល់​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte បាន​រំពឹង​ខ្ពស់​ចំពោះ​ទស្សនកិច្ច​របស់លោក​ទៅកាន់​ចិន ដោយ​អះអាងថា លោក អាចនឹងទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការវិនិយោគ​ពី​ចិន​ច្រើន​ដើម្បី​យកមក​អភិវឌ្ឍន៍​ប្រទេស​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន Reuters លោក​រដ្ឋមន្ត្រី​ហិរញ្ញ​ហ្វីលីពីន Carlos Dominguez  ក៏បាន​បញ្ជាក់ថា លោក Duterte នឹង​ជជែក​ពី​សក្តា​ពល​របស់​ហ្វីលីពីន​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​ចិន​មកលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ហ្វីលីពីន ជាពិសេស​នោះ​លើ​ការតភ្ជាប់​ផ្លូវ​រថភ្លើង​របស់​រដ្ឋធានី​ម៉ានីល​ជាមួយនឹង​តំបន់​ជាយក្រុង​មួយចំនួន ក៏ដូចជា​គម្រោង​ផ្សេងទៀត ដែល​លោក រដ្ឋមន្ត្រី អះអាងថា គម្រោង​ទាំងនោះ នឹងមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ទៀតផង​។​

​សូម​ជម្រាប​ផងដែរ ក្នុង​រដ្ឋបាល​អតីត​ប្រ​ធានា​ធីប​តី​ហ្វីលីពីន លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ទំនាក់ទំនង​ចិន និង​ហ្វីលីពីន បាន​មាន​ភាព​ល្អក់កករ​ខ្លាំង ដ្បិត ពេលនោះ ហ្វីលីពីន បាន​ប្រកាន់​ជំហរ​យ៉ាង​ដាច់ខាត​ប្រឆាំង​ចិន​លើ​សកម្មភាព​បំពាន​អធិបតេយ្យ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន បាន​អះអាងថា​ជា​កម្មសិទ្ធិ​របស់ខ្លួន​នោះ​។ រដ្ឋបាល​ចាស់​នោះដែរ ហ្វីលីពីន ត្រូវបាន​មើលឃើញ​យ៉ាងច្បាស់​ដែរ​ថា មាន​និន្នាការ​ពឹងផ្អែក​ខ្លាំង​ទៅលើ​អាមេរិក ដែលជា​ដៃគូ​ប្រជែង​អំណាច​និង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​សណ្តាប់ធ្នាប់​អន្តរជាតិ​៕


Tag:
 ចិន​
  ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com