ជាតិ
ទស្សនៈ​អំពី​ ​អភិបាលកិច្ច​រដ្ឋ​និង​ការគ្រប់គ្រង​នយោបាយ​របស់​លោក​ស៊ី​ជីន​ភីង ​ប្រធាន​រដ្ឋ​ចិន​
13, Oct 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ

 
​នៅពេល​លោក​ស៊ី​ជីន​ភីង​ទទួល​រ៉ាប់រង​នូវ​មុខតំណែង​ជា​អ្នកដឹកនាំ​កំពូល​នៃ​បក្ស​និង​រដ្ឋ​ចិន​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១២ ប្រទេស​ចិន​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ជា​គន្លឹះ​សម្រាប់​វិវឌ្ឍន៍​ឈានចូល​ដល់​សង្គម​ធូរធា​រ​ល្មម​ដោយ​គ្រប់​ជ្រុងជ្រោយ​។​ក្នុងពេល​ជាមួយគ្នានេះ ប្រទេស​ចិន​បានក្លាយ​ទៅជា​តួអង្គ​សេដ្ឋកិច្ច​ធំ​ទី​២​លើ​ពិភពលោក សេដ្ឋកិច្ច​ចិន​បានក្លាយ​ទៅជា​ក្បាលម៉ាស៊ីន​បញ្ឆេះ​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​។​ក្នុងឋានៈ​ជា​អ្នកដឹកនាំ​នៃ​តួអង្គ​សេដ្ឋកិច្ច​នេះ លោក​ស៊ី​ជីន​ភីង​បាន​ឈរ​ក្នុង​ជួរមុខ​នៅលើ​ឆាក​អន្តរជាតិ​។​

 
​លោក​ស៊ី​ជីន​ភីង​បាន​ដឹកនាំ​បក្ស​កុ​ម្មុយ​និ​ស​ចិន​និង​ប្រជាជន​គ្រប់​ជនជាតិ​នៃ​ប្រទេស​ចិន​ខ្នះខ្នែង​ប្រឈម​តទល់​នឹង​ការលំបាក​និង​ការសាកល្បង​លើផ្លូវ​រីកចម្រើន​ទៅមុខ ធ្វើកំណែទម្រង់​និង​បើកចំហ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាករេ ខំប្រឹង​ជំរុញ​កិច្ច​កសាង​ទំនើបភាវូបនីយកម្ម​នៃ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​និង​សមត្ថភាព​គ្រប់គ្រង​រដ្ឋ ជំរុញ​កិច្ច​កសាង​ប្រឆាំង​អំពើពុករលួយ​និង​ផ្តួចផ្តើម​ភាព​ស្អាតស្អំ​។​ជុំវិញ​ការងារ​អភិបាលកិច្ច​រដ្ឋ​និង​ការគ្រប់គ្រង​នយោបាយ លោក​ស៊ី​ជីន​ភីង​បានចេញ​ផ្សាយ​សុន្ទរកថា​ជាច្រើន បានដាក់​ចេញ​នូវ​គំនិត​ថ្មីៗ ទស្សនៈ​ថ្មីៗ​និង​សេចក្តីសន្និដ្ឋាន​ថ្មីៗ​ជាច្រើន​ប្រកបដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ និង​បាន​ឆ្លើយតប​យ៉ាងច្បាស់​នូវ​បញ្ហា​ទ្រឹស្តី​និង​ជាក់ស្តែង​ដ៏​ធំៗ​និង​សំខាន់ៗ​ក្នុងការ​អភិវឌ្ឍ​បក្ស​និង​រដ្ឋ​នៅក្រោម​លក្ខ​ខ័​ណ្ឌ​នៃ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទស្សនៈ​អភិបាលកិច្ច​រដ្ឋ​និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​នយោបាយ​របស់​សមូហភាព​ក្នុង​ការដឹកនាំ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស​ចិន​អាណត្តិ​ថ្មី​។​
 
​ទស្សនៈ​និង​យុទ្ធសាស្ត្រ​ទាំងនេះ​រួមមាន​៖​ក្នុង​កិច្ច​ការកសាង​សេដ្ឋកិច្ច គឺ​ត្រូវ​ប្រកាន់ខ្ជាប់​ការអភិវឌ្ឍ​ដោយ​វិទ្យាសាស្ត្រ​។​ក្នុង​កិច្ច​ការកសាង​នយោបាយ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​ស្តីពី​អំណាច​ទាំងអស់​នៃ​រដ្ឋ​ជា​របស់​ប្រជាជន ខ្នះខ្នែង​ជំរុញ​ការកែទម្រង់​ខាង​ប្រព័ន្ធ​នយោបាយ ដើរ​តាមផ្លូវ​អភិវឌ្ឍន៍​សង្គមនិយម​ដែលមាន​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាករេ ត្រូវគោរព​តាម​គោលការណ៍​រដ្ឋធម្មនុញ្ញ ផ្សព្វផ្សាយ​ស្មារតី​រដ្ឋធម្មនុញ្ញ​និង​បំពេញបេសកកម្ម​រដ្ឋធម្មនុញ្ញ ប្រកាន់ខ្ជាប់​ការគ្រប់គ្រង​រដ្ឋ​តាមច្បាប់​និង​គ្រង់​គ្រង​នយោបាយ​តាម​រដ្ឋធម្មនុញ្ញ​។​ក្នុង​កិច្ច​ការកសាង​វប្បធម៌ គឺ​ត្រូវ​យកចិត្តទុកដាក់​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការបណ្តុះបណ្តាល​ស្មារតី​ជនជាតិ​។​ក្នុង​កិច្ច​ការកសាង​សង្គម គឺ​ត្រូវ​ឈរលើ​សភាពការណ៍​ជាតិ​ជា​មូលដ្ឋាន​នៃ​ប្រទេស​ចិន​បច្ចុប្បន្ន​ដែលជា​ដំណាក់កាល​ជា​ជំហាន​ដំបូង​នៃ​សង្គមនិយម ហើយ​ធានា​និង​កែលំអ​ជីវភាព​រស់នៅរ​បស់​ប្រជាជន​ឥតឈប់ឈរ​ដោយ​ឈរលើ​មូលដ្ឋាន​អភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ទស្សនៈ​សេចក្តីសុខ​សុភមង្គល​ដ៏​ត្រឹមត្រូវ បង្កើន​ទស្សនៈ​ស្តីពី​ការបង្កបង្កើន​ជីវភាព​ប្រកបដោយ​សេចក្តីសុខ​តាមរយៈ​ការ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ រួមសហការ​គ្នា​ដោយ​ចិត្ត​មួយ​ថ្លើម​មួយ​ក្នុង​ការកសាង​សង្គម​មួយ​ដ៏​ចុះសម្រុង​គ្នា​។ ក្នុង​កិច្ច​ការកសាង​អារ្យធម៌​អេកូ​បរិស្ថាន គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ជាតិ​ជា​មូលដ្ឋាន​ស្តីពី​ការ​សន្សំសំចៃ​ប្រភពធនធាន​និង​ការពារ​បរិស្ថាន ដើរ​លើផ្លូវ​អភិវឌ្ឍ​ជា​និរន្តរភាព ហើយ​រួមវិភាគទាន​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​ជា​និរន្តរភាព​នៃ​មនុស្សជាតិ​ឲ្យ​បានសម្រេច​ជា​ស្ថាពរ​។​
       
​ខាង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ លោក​ស៊ី​ជីន​ភីង​បានលើកឡើង​នូវ​ទស្សនៈ​ថ្មីៗ​ជាច្រើន​អំពី​ប្រទេស​ចិន​ដើរ​លើផ្លូវ​អភិវឌ្ឍន៍​ដោយ​សន្តិភាព ការជំរុញ​ការបង្កើត​ទំនាក់ទំនង​បែប​ថ្មី​រវាង​មហា​ប្រទេស ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេសជិតខាង​ឲ្យ​បានល្អ ការបង្កើន​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ការព្យាយាម​ខ្នះខ្នែង​ចូលរួម​កិច្ចការ​ពហុភាគី​ជាដើម ក្នុងនោះ​រួមមាន​ទាំង​ការផ្តួចផ្តើម​គំនិត​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ ទស្សនៈ​ចំណង​ការទូត​រាប់អាន​ជាមួយ​ប្រទេសជិតខាង ដើរ​លើផ្លូវ​ថ្មី​ដែល​រួម​សហការគ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ​–​ឈ្នះ ប្រកាន់ខ្ជាប់​ទស្សនៈ​សន្តិ​សុខ​ខាង​នុយគ្លេអ៊ែរ​ប្រកបដោយ​សតិសម្បជញ្ញៈ​ខ្ពស់ សម្របសម្រួល​គ្នា​និង​អភិវឌ្ឍន៍​ជាមួយគ្នា ព្យាយាម​ខ្នះខ្នែង​បង្កើត​ទស្សនៈ​ស្តីពី​សន្តិសុខ​អាស៊ី ធ្វើ​ឲ្យ​អារ្យធម៌​គ្រប់បែបយ៉ាង​មានការ​ផ្លាស់ប្តូរ​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក គៀក​ស្មា​គ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ សម្រេចការ​អភិវឌ្ឍ​ជាមួយគ្នា រួមគ្នា​គាំពារ​និង​អភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក​បែប​បើកចំហ​។​ល​។​
 
​បច្ចុប្បន្ននេះ សហគមន៍​អន្តរជាតិ​កាន់តែ​មានការ​ផ្តោត​សំខាន់​ទៅលើ​ប្រទេស​ចិន​ជា​រៀងរាល់ថ្ងៃ​។​តើ​ប្រទេស​ចិន​បច្ចុប្បន្ន​នឹង​កើតមាន​ការប្រែប្រួល​អ្វីខ្លះ​?​តើ​ប្រទេស​ចិន​ដែល​កំពុង​អភិវឌ្ឍ​នឹង​ជះឥទ្ធិពល​អ្វីខ្លះ​ចំពោះ​ពិភពលោក​?​ប្រការ​ទាំងនេះ​កាន់តែ​ក្លាយទៅជា​បញ្ហា​ដែល​សហគមន៍​អន្តរជាតិ​ចាប់អារម្មណ៍​យ៉ាង​ទូលំទូលាយ​។​ដើម្បី​ឆ្លើយតប​ទៅនឹង​ការតាមដាន​យកចិត្តទុកដាក់​របស់​សហគមន៍​អន្តរជាតិ ក៏ដូចជា​បង្កើន​ការស្វែងយល់​របស់​សហ​គម​ន៍​អន្តរជាតិ​ចំពោះ​ទស្សនៈ​អភិវឌ្ឍន៍ ផ្លូវ​អភិវឌ្ឍន៍​និង​គោលនយោបាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​របស់​ប្រទេស​ចិន ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បានរួម​ជាមួយ​ការិយាល័យ​ស្រាវជ្រាវ​ឯកសារ​នៃ​ម​ជ្ឈិ​បក្ស​កុ​ម្មុយ​និ​ស​ចិន​និង​អគ្គនាយកដ្ឋាន​បោះពុម្ពផ្សាយ​ភាសាបរទេស​ចិន​បាន​ចងក្រង​សៀវភៅ​ឈ្មោះ​”​លោក​ស៊ី​ជីន​ភីង​ថ្លែង​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការគ្រប់គ្រង​នយោបាយ​” សៀវភៅ​នេះ​បាន​ចងក្រង​ស្នាដៃ​និពន្ធ​ដ៏​សំខាន់​របស់លោក​ស៊ី​ជីន​ភីង​ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃ​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១២​ដល់​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៤ រួមទាំង​អស់​មាន​សុន្ទរកថា ការសន្ទនា សំណួរចម្លើយ សេចក្តី​បង្គាប់​និង​សារលិខិត​ជូនពរ​ចំនួន​៧៩​។​ក្រៅពីនេះ​សៀវភៅ​នេះ​ក៏មាន​រូបថត​របស់លោក​ស៊ី​ជីន​ភីង​តាម​សម័យ​នីមួយៗ​ចំនួន​៤៥​សន្លឹក ដើម្បី​ជា​ជំនួយ​ដល់​អ្នកអាន​យល់ដឹង​បន្ថែម​ពី​ការងារ​និង​ជីវភាព​រស់នៅ​របស់លោក​ផងដែរ​។​
 
​សៀ​ភៅ​ឈ្មោះ​”​លោក​ស៊ី​ជីន​ភីង​ថ្លែង​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការគ្រប់គ្រង​នយោបាយ​”​ចាប់តាំងពី​បាន​ត្រូវ​ចងក្រង​រួចមក​ក៏បាន​ទទួល​ការគាំទ្រ​ស្វាគមន៍​យ៉ាង​រាក់ទាក់​កក់ក្តៅ​និង​ត្រូវបាន​បកប្រែ​ជាច្រើន​ភាសា​និង​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ប្រទេស​ចិន​។​ជាមួយគ្នានេះដែរ សៀវភៅ​នេះ​ក៏ត្រូវ​បាន​រាជបណ្ឌិត្យសភាកម្ពុជា​ប​ក​ប្រែជា​ភាសា​ខ្មែរ​នៅ​ឆ្នាំ​២០១៥ ដើម្បី​បោះពុម្ពផ្សាយ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​
 
​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ​ធ្លាប់​បានរៀបចំ​កិច្ចប្រជុំ​ធ្វើ​បទឧទ្ទេសនាម​និង​ពិភាក្សា​ស្រាវជ្រាវ​អំពី​សៀវភៅ​នេះ​ម្តង​រួចមកហើយ​។​តាម​ដឹង ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទី​១​ដែល​តាងនាម​ឲ្យ​ប្រទេសជាតិ​របស់ខ្លួន​រៀបចំ​កិច្ចប្រជុំ​ធ្វើ​បទឧទ្ទេសនាម​និង​ពិភាក្សា​ស្រាវជ្រាវ​អំពី​សៀវភៅ​”​លោក​ស៊ី​ជីន​ភីង​ថ្លែង​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការគ្រប់គ្រង​នយោបាយ​”​។ នាពេលនោះ ឯកឧត្តម​សុខ​អាន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោកជំទាវ​ខ្លូត​ធីតា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​និង​លោកជំទាវ​BuJianguo​ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​ព្រម​និង​មន្ត្រី​និង​វិជ្ជាករ​ចំនួន​ជាច្រើន​រយ​រូប​បាន​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​លើក​នេះ​។ លោកជំទាវ​ខ្លូត​ធីតា​បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​លើក​នេះ​បាន​ផ្តល់ឱកាស​ដ៏​មានតម្លៃ​មួយ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​និង​វិជ្ជាករ​កម្ពុជា​សម្រាប់​ស្វែងយល់​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការគ្រប់គ្រង​នយោបាយ​របស់​ប្រទេស​ចិន​។​
 
​ក្នុងការ​ថ្លែង​សុន្ទរកថា​នាពេលនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សុខ​អាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សៀវភៅ​”​លោក​ស៊ី​ជីន​ភីង​ថ្លែង​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការគ្រប់គ្រង​នយោបាយ​”​នេះ ឯកឧត្តម​បាន​ថ្លែងថា​៖”​សៀវភៅ​នេះ​ជា​សៀ​ភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​មួយ​ក្បាល ជាពិសេស​គឺ​និយាយ​ចំពោះ​មនុស្ស​ដែលមាន​ចំណាប់អារម្មណ៍​បង្កើន​ការយល់ដឹង​ពី​ប្រទេស​ចិន​និង​ទិសដៅ​នៅពេល​អនាគត​របស់​ប្រទេស​ចិន​។​”​សៀវភៅ​នេះ​បាន​អធិប្បាយ​ដោយ​គ្រប់​ជ្រុងជ្រោយ​ពី​ទស្សនៈ​របស់លោក​ប្រធាន​រដ្ឋ​ចិន​ស៊ី​ជីន​ភីង​ចំពោះ​ទស្សនវិជ្ជា អភិបាលកិច្ច​រដ្ឋ កំណែទម្រង់ ប្រវត្តិសាស្ត្រ​និង​ពិភពលោក ព្រម​និង​ការគិតគូរ​ចំពោះ​រូបភាព​អភិបាលកិច្ច​រដ្ឋ​របស់​លោក ក្នុងពេល​ជាមួយគ្នានេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​ថាមពល​និង​ការយល់ឃើញ​វែងឆ្ងាយ​របស់លោក​ប្រធាន​រដ្ឋ​ចិន​ស៊ី​ជីន​ភីង​ផងដែរ​ដែល​បានបង្ហាញ​តាម​រូបភាព​យ៉ាងច្បាស់​និង​បើកចំហ​ទៅកាន់​មជ្ឈដ្ឋាន​ខាងក្រៅ​នូវ​ទស្សនវិជ្ជា​និង​គោលនយោបាយ​របស់លោក​។​ឯកឧត្តម​សុខ​អាន​បាន​គូសបញ្ជាក់ថា ឆ្លងតាម​ការអាន​សៀវភៅ​នេះ មិន​គ្រាន់តែ​អាច​ស្វែងយល់​ពី​ទស្សនៈ​និង​យុទ្ធសាស្ត្រ​ក្នុង​អភិបាលកិច្ច​រដ្ឋ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ថែមទាំង​ក៏​អាច​យកមក​ធ្វើជា​មេរៀន​សម្រាប់​ឲ្យ​ប្រទេស​កម្ពុជា​គ្រោង​ធ្វើ​នយោបាយ​អភិវឌ្ឍន៍​ផងដែរ ឯកឧត្តម​សង្ឃឹម​សៀវភៅ​”​លោក​ស៊ី​ជីន​ភីង​ថ្លែង​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការគ្រប់គ្រង​នយោបាយ​”​ជា​ភាសា​ខ្មែរ​អាច​ត្រូវ​បោះពុម្ពផ្សាយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​ឲ្យ​អ្នកអាន​កម្ពុជា​កាន់តែច្រើន​រៀន​និង​សិក្សា​ស្រាវជ្រាវ​៕

​ប្រភព ៖ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​

© រក្សាសិទ្ធិដោយ thmeythmey.com