អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ជិន​ពីង ជា​ប្រធានាធិបតី​ចិន​ទី​៤ មក​ទស្សនកិច្ច​នៅ​កម្ពុជា​
13, Oct 2016 , 10:19 am        
រូបភាព
ប្រធានាធិបតីចិន (ឆ្វេងទៅស្ដាំ)៖  លីវ ចាវជី, ចាង ហ្សេមីន, ហ៊ូ ជីនតាវ, ស៊ី ជិនពីង)
ប្រធានាធិបតីចិន (ឆ្វេងទៅស្ដាំ)៖ លីវ ចាវជី, ចាង ហ្សេមីន, ហ៊ូ ជីនតាវ, ស៊ី ជិនពីង)
 
 
​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត ចាប់តាំងពី​ឆ្នាំ​១៩៥៨​មកម្ល៉េះ​។ រយៈពេល​៥៨​ឆ្នាំ​នៃ​ចំណង​ការទូត កម្ពុជា និង​ចិន បាន​ពូន​ជ្រំ​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត ដោយមាន​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​នៅ​គ្រប់​កម្រិត​។ ចុងក្រោយ​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ខែតុលា​នេះ ហើយ​លោក ជា​ប្រមុខរ​ដ្ខ​ចិន​ទី​៤ ដែល​មកកាន់​កម្ពុជា​។

 
​ចំណង​ការទូត​ជា​ប្រពៃណី​រវាង​កម្ពុជា និង​ចិន ដែល​បង្កើតឡើង​ដោយ​អតីត​មហាក្សត្រ​ខ្មែរ និង​ថ្នាក់ដឹកនាំ​ចិន​មុនៗ​មាន​នាយករដ្ឋមន្ត្រី ជូន អេ​ន​ឡាយ (Chou Enlai) ជាដើម​នោះ ត្រូវគេ​មើលឃើញថា កាន់តែ​រឹងមាំ​ទៅៗ​។ ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ក៏​កាន់តែ​ជិតស្និទ្ធ ដែល​ឈានដល់​ការដំឡើង​ទំនាក់ទំនង​ការទូត​ដល់ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ក្នុង​ឆ្នាំ​២០១០​។ ថ្នាក់ដឹកនាំ​គ្រប់​ស្ទើរ​ជំនាន់​របស់​ចិន តែង​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ថ្នាក់ដឹកនាំ​កម្ពុជា ក៏​ទៅកាន់​ចិន​វិញ​ដែរ​។​
 
​ប្រធានាធិបតី​ចិន លីវ ចាវ​ជី (Liu Shao Qi) បានមក​កាន់​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើកដំបូង នៅ​ឆ្នាំ​១៩៦៣​។ ទស្សនកិច្ច​លើកទីមួយ​របស់លោក លី ចាវ​ជី មកកាន់​ក្រុងភ្នំពេញ ធ្វើឡើង​តែ​ប៉ុន្មាន​ឆ្នាំក្រោយ​កម្ពុជា និង​ចិន ភ្ជាប់​ទំនាក់ទំនង​ការទូត​មក​។ ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​នៃ​សម័យ​សង្គមរាស្ត្រនិយម កម្ពុជា និង​ចិន មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ រហូតដល់​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​។​
 
​មកដល់​ឆ្នាំ​២០០០ ប្រធានាធិបតី​ចិន​ម្នាក់ទៀត​ក៏​បានមក​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​អាក់ខាន​អស់​ពេល​ជាច្រើន​ឆ្នាំ​។ លោក Zhang Ze Min បានមក​កាន់​កម្ពុជា ហើយ​លោក​គឺជា​មេដឹកនាំ​កំពូល​របស់​ចិន​ដំបូង​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុងក្រោយ​។ ក្រោយមក​ក្នុង​ឆ្នាំ​២០១២ ប្រធានាធិបតី​ចិន និង​ជា​លេខាធិការ​បក្ស​កុម្មុយនីស្ត លោក ហ៊ូ ជីន​តាវ (Hu Jin Tao) ក៏​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ​។   
 
​នៅ​ថ្ងៃទី​១៣ ខែតុលា ប្រធានាធិបតី​ចិន​ម្នាក់ទៀត នឹង​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​មិត្តភាព​ប្រទេស​ទាំងពីរ​។ លោក ស៊ី ជិន​ពីង ដែល​ក្លាយជា​ប្រធានាធិបតី​ចិន​ក្នុង​ឆ្នាំ​២០១៣ នឹង​ក្លាយជា​ប្រធានាធិបតី​ចិន​ទី​បួន ដែល​ជាន់ដី​កម្ពុជា​។ នេះ​ក៏​មិនមែនជា​លើកទីមួយ​ទេ ដែល​លោក​មកកាន់​រាជធានី​ភ្នំពេញ​នោះ​។ កាលពី​ឆ្នាំ​២០០៩ លោក ស៊ី ធ្លាប់​ទស្សនកិច្ច​កម្ពុជា​ម្ដង​ដែរ ដែល​ពេលនោះ​លោក​នៅ​ជា​អនុ​ប្រធានាធិបតី​នៅឡើយ​។​
 
​តាមពិតទៅ មិន​ត្រឹមតែ​ប្រធានាធិបតី​ចិន ថ្នាក់ដឹកនាំ​ចិន​កំពូលៗ​ស្ទើរ​គ្រប់​ជំនាន់ សុទ្ធតែ​ធ្លាប់​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រួមទាំង​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ទៀត​។ អតីត​នាយករដ្ឋមន្ត្រី លោក Li Peng និង​លោក វេន ជា​ប៉ាវ ជាដើម​នោះ សុទ្ធតែ​ធ្លាប់​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​៕  
 
    

Tag:
 ចិន​
  Xi Jinping
© រក្សាសិទ្ធិដោយ thmeythmey.com