ពីនេះ ពីនោះ
កំហុស​កើតមាន​ញឹកញាប់​ក្នុងការ​ប្រើប្រាស់​ពាក្យ​«​នឹង​» «​និង​»​ក្នុង​សំណេរ​អត្ថបទ​
14, Oct 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«​នឹង​» «​និង​» ត្រូវបាន​សាធារណជន​ជាច្រើន​សរសេរ​ស្ទើរ​រៀងរាល់ថ្ងៃ ប៉ុន្តែ​នៅតែមាន​ការច្រឡំ​ក្នុងការ​ប្រើប្រាស់​នៅក្នុង​សំណេរ​អត្ថបទ ដែល​នាំ​ឲ្យ​សំណេរ​នោះ​មាន​អត្ថន័យ​ផ្ទុយ​ពីអ្វី​ដែល​ខ្លួន​ចង់បាន​។



​ពាក្យ​«​នឹង​» បើ​ប្រើ​ជា​នាម មានន័យថា ពា​ក្យ​ជា​កិរិយានុគ្រោះ​សម្រាប់​និយាយ​នាំមុខ​កិរិយាសព្ទ​ប្រាប់​អនាគត កាល​នៅខាងមុខ​ថា មុខជា​, ប្រាកដជា​, គង់​, គង់តែ​។ ឧទាហរណ៍ ស្អែក​នឹង​ទៅផ្ទះ​អ្នក​, យើង​គង់តែ​នឹង​បាន​ចួប​គ្នា​ទៀត​ក្នុង​ថ្ងៃ​ណាមួយ​ពុំខាន​។ ប៉ុន្តែ​បើជា កិរិយា​វិសេស ឬ​ជា​គុណនាម មានន័យថា ស្ងៀម​, ជើយ​, មិន​កម្រើក​។ ឧទាហរណ៍ៈ អង្គុយ​នឹងថ្កល់​។ ម្យ៉ាងទៀត​មានន័យថា មិន​ប្រែប្រួល​, មិន​ឡើង​មិន​ចុះ​(​ទឹកនឹង​)​។

​ពាក្យ​«​នឹង​» នេះ​ផងដែរ គឺជា​ពាក្យ​ប្រាប់​ដំណើរ​សម្រេច​នូវ​អំពើ​, សម្រាប់​ប្រើ​និយាយ​នាំមុខ​នាមសព្ទ មានន័យថា ដោយ​, ជាមួយ​, ដោយសារ​, នៅត្រង់​។ ឧទាហរណ៍​៖ ដួសសម្ល​នឹង​វែក​, ដាំបាយ​នឹង​ឆ្នាំ​, កាប់​ឈើ​នឹង​ពូថៅ​, ទៅនឹង​ខ្ញុំ​, នៅ​នឹង​គេ​, ដេក​នឹង​គេ​, ស៊ី​នឹង​គេ​, បោះដែកគោល​នឹង​ជញ្ជាំង ជាដើម​។​

​ដោយឡែក​ចំពោះ​ពាក្យ​«​និង​» គឺជា​សព្ទ​ជា​សន្ធាន ជា​ទ្វ​ន្ទ្វ សម្រាប់​និយាយ​ត​ពាក្យ ឬត​ឃ្លា​របះ​ពីមួយ​ទៅមួយ ដែលមាន​ដំណើរ​សេចក្ដី​ថា ទាំង​, ព្រមទាំង​, ផង​, នេះ​ផង​, នុះ​ផង​។ ឧទាហរណ៍​៖ អ្នក​និង​ខ្ញុំ​, គោ​និង​ក្របី​, សុខ​និង​ទុក្ខ​, ទៅ​និង​មិន​ទៅ​, ឲ្យ​និង​មិន​ឲ្យ​, យក​កូន​និង​ចៅ​មកលេង​យាយ​...​។ ប៉ុន្តែ​រវាង​ពាក្យ​«​នឹង​»«​និង​» មាន​លក្ខណៈ​ប្រើប្រាស់​ខុសគ្នា​ដូចម្ដេច​នៅក្នុង​សំណេរ​អត្ថបទ​?

​ដើម្បី​ងាយស្រួល​ក្នុងការ​ចំណាំ ហើយ​កុំ​ឲ្យ​មាន​កំហុស​នៅក្នុង​សំណេរ​អត្ថបទ អ្នកសរសេរ ចាំតែ​តួនាទី​នៃ​ការប្រើប្រាស់​ពាក្យ​«​និង​»​ក៏បាន ចំណែក​ក្រៅពីនោះ​គឺ​ត្រូវ​ប្រើពាក្យ​«​នឹង​»​ទាំងអស់​។ ចំពោះ​ពាក្យ​«​និង​» នេះ​គឺ​ប្រើ​សម្រាប់​និយាយ​ត​ពាក្យ ត​ឃ្លា​របះ ជាដើម​។​

​ឧទាហរណ៍​៖ សុវណ្ណ និង វុត្ថា គឺជា​និស្សិត​ឆ្នាំ​ទី​បួន​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​។ ពួកគេ នឹង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ក្នុងពេល​ឆាប់ៗ​។ ជីវិត​ជា​និស្សិត​រយៈពេល​បួន​ឆ្នាំ​នៅ​ទីក្រុង​ភ្នំពេញ អ្នក​ទាំងពីរ ទទួល​បានការ​ផ្គត់​ផ្គង​លើក​ការសិក្សា​ពី ឪពុកម្ដាយ​និង​បងប្រុស ដែល​រស់នៅ​ឯង​ប្រទេស​ថៃ​។ ក្រោយពេល​បញ្ចប់​ការសិក្សា​យុវ​និស្សិត​ទាំងពីរ​រូបនេះ ប្ដេជ្ញា​ថា នឹង​ខិតខំ​ធ្វើ​ការងារ ដើម្បី​តបគុណ​អ្នកមានគុណ និង​បងប្រុស​របស់ខ្លួន​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com