ពីនេះ ពីនោះ
ហេតុអ្វី បានជា​បុរស​ខ្លះ​មិន​ហ៊ាន​ឲ្យ​ប្រពន្ធ​មើល​ទូរ​សព្ទ​ខ្លួន​?
14, Oct 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទូរ​សព្ទ​គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​ពលរដ្ឋ​ប្រើប្រាស់​នៅក្នុង​ការធ្វើទំនាក់ទំនង​ប្រចាំថ្ងៃ ទាំង​ការងារ មិត្តភាព និង​ការសិក្សា​ស្រាវជ្រាវ​ផងដែរ​។ ក៏ប៉ុន្តែ ទូរ​សព្ទ ក៏​ក្លាយជា​របាំង​ចម្ងល់​មួយ​រវាង​ដៃគូ​សង្សារ និង​ជីវិត​ប្ដី​ប្រពន្ធ ដែល​បង្ករ​ទៅជា​ជម្លោះ​ព្រោះ តែ​ការ​លាក់បាំង​ព័ត៌មាន​គ្នា​។ រហូត​មាន​សំណួរ​សួរថា ហេតុអ្វី បានជា​បុរស​ខ្លះ​មិន​ហ៊ាន​ឲ្យ​ប្រពន្ធ​មើល​ទូរ​សព្ទ​ខ្លួន​?



​ការពិត​ណាស់ រឿង​សម្ងាត់​គឺ​មិនអាច​ចេះតែ​បង្ហាញ ឬ​ឲ្យ​អ្នកណាម្នាក់​ដឹង​ដោយ​ងាយៗ​នោះទេ​។ ព្រោះ​រឿង​សម្ងាត់​វា​ប្រៀបដូចជា​ជីវិត​របស់​បុគ្គល​រៀងៗ​ខ្លួន​ដូច្នេះ​ដែរ​។ ចំណែក​សម័យ​បច្ចុប្បន្ន នេះ​ទូរ​សព្ទ​បាន​ក្លាយជា​ភ្នាក់ងារ​ផ្ទុក​នូវ​កិច្ចការ​សម្ងាត់​រប​ស់បុ​គ្គល​យ៉ាងសំខាន់​។  ព្រោះតែ​មូលហេតុ​នេះ ដែល​នាំ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ មួយចំនួន ចាប់ផ្ដើម​មានការ បិទបាំង​ព័ត៌មាន​គ្នា​តាមរយៈ​ទូរ​សព្ទ​នេះ​។

​ក៏ប៉ុន្តែ​បើ​និយាយ​ពី​ជីវិត​ប្ដី​ប្រពន្ធ គឺ​ស្ទើរតែ​អាច​និយាយបានថា គឺជា​មនុស្ស​តែមួយ​រវាង​ប្ដី​និង​ប្រពន្ធ ព្រោះ​មនុស្ស​ទាំងពីរ​នាក់​នេះ​បាន​ស្ម័គ្រចិត្ត​ចាប់ដៃគ្នា ដើរ​លើផ្លូវ​តែមួយ ឆ្លងកាត់​ជីវិត​តែមួយ ជួប​ទុក្ខ ជួប​សប្បាយ ជួប​ក្ដៅ ជួប​រងារ ក្នុង​ដំណើរ​ជីវិត​នា​ពាក់កណ្ដាល​ជីវិត​ទៅមុខ​។ បន្ថែម​ពីនេះ ប្រពៃណី​ជាតិខ្មែរ តែង​អប់រំ​ថា ជា​ប្ដី​ប្រពន្ធ​ត្រូវមាន​ចិត្ត​មួយ​ថ្លើម​មួយ មាន​បញ្ហា​អ្វី​ត្រូវ​សហការគ្នា​ដោះស្រាយ​ជាមួយគ្នា ដើម្បី​សុភមង្គល​គ្រួសារ​។

​ផ្ទុយ​មកវិញ ក្នុងសង្គម​ថ្មី​នេះ​ការ​លាក់បាំង​គ្នា​រវាង​ប្ដី​នឹង​ប្រពន្ធ តែងតែមាន​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ​មួយចំនួន ជាពិសេស​ទង្វើ​រប​ស់បុ​រស​ជា​ប្ដី ទៅលើ​ប្រពន្ធ​។ មិនតែប៉ុណ្ណោះ សូម្បីតែ​ទូរ​សព្ទ ក៏​ស្វាមី​មួយចំនួន មិន​អនុញ្ញាត​ឲ្យ​ប្រពន្ធ​របស់​ខ្លួនឯង​កាន់ និង​ចូល​មើល​សារ និង​កន្លែង​ខ​ល​ចេញចូល​ក្នុង​ទូរ​សព្ទ​ផងដែរ​។ ហេតុអ្វី​បានជា​ស្វាមី​មួយចំនួន​ចាំបាច់​ត្រូវធ្វើ​បែបនេះ​?

​ជាទូទៅ ការធ្វើ​បែបនេះ ប្រសិនបើ​ពិតជា​ការសម្ងាត់​ការងារ ឬអ្វី​មួយ​ដែល​មិនមែនជា​ទង្វើ​នៃ​អំពើ​ផិតក្បត់​បេះដូង​ភរិយា អាចធ្វើ​បាន​ក៏​មិនជា​បញ្ហា​។ ប៉ុន្តែ​ភាគច្រើន​នៃ​បុរស គឺ​លាក់បាំង ព្រោះតែ​ភ័យខ្លាច​ចំពោះ​រឿង​ទំនាក់ទំនង​ខាងក្រៅ ដែល​ក្នុង​គោលបំណង​បិតបាំង​ទង្វើ​ស្មោគគ្រោក​របស់ខ្លួន ជាមួយ​មនុស្ស​ស្រី​ដទៃ ក្បត់ចិត្ត​ប្រពន្ធ​ខ្លួនឯង​។ ទោះបីជា​ពេលខ្លះ ខ្លួន​បាន​លុបចោល​អស់​ភស្ដុតាង​នានា​ក្ដី ប៉ុន្តែ​នៅតែមាន​ភាពភ័យខ្លាច​មា​ន​ការធ្វេសប្រហែស​ណាមួយ ជាដើម​។​

​ក៏ប៉ុន្តែ ពេលខ្លះ​ក៏​ជា​បញ្ហា នៅពេលដែល​ភរិយា​មួយចំនួន ចូល​មើល​ក្នុង​ទូរ​សព្ទ​ប្ដី​របស់ខ្លួន ឃើញ​រឿងរ៉ាវ ហើយ​កើត​ចិត្ត​ខឹង​ទាំង​កម្រោល មិន​ព្រម​និយាយ​ហេតុផល ក៏​អាចជា​រឿង​មួយ​លំបាក​ចំពោះ​ស្វាមី​មួយចំនួន​ដូចគ្នា​។​

​ហេតុនេះ ក្នុងនាម​ជា​ប្ដី​ប្រពន្ធ ក៏​អាច​និយាយ​គ្នា​បាន​ចំពោះ​រឿងហេតុ​មួយ​នេះ ថា​តើ​អាច​ឲ្យ​ប្រពន្ធ​មើល​បាន​ឬ​មិនបាន​? ហើយ​តើ​ការមើល​ត្រូវ​មើល​ទៅលើ​អ្វី​? ប៉ុន្តែ​ប្រសិនបើ​គ្មានអ្វី​ដែល​គយរ​លាក់បាំង​ទេ ប្ដី​ប្រពន្ធ​គ្រប់រូប​មិនគួរ​បណ្ដោយ​ឲ្យ​សុភមង្គល​គ្រួសារ​ត្រូវ​បាត់បង់​ព្រោះតែ​ទូរ​សព្ទ​ឡើយ​។ ព្យាយាម​កសាង​ភាពស្មោះត្រង់​ឲ្យ​គ្នា​ដើម្បី​សុភមង្គល​គ្រួសារ គឺជា​កាតព្វកិច្ច​រវាង​គូ​ស្វាមីភរិយា​ទូទៅ​៕


© រក្សាសិទ្ធិដោយ thmeythmey.com